ខេត្តកំពត ៖ រថយន្តកាមរីពណ៌ស ពាក់ស្លាកលេខA៦០៤៤ ភ្នំពេញបានបោះពួយហោះរំលងប្រឡាយធ្លាក់ចូលទៅក្នុងស្រែបណ្តាលឱ្យអ្នកជិះរបួសធ្ងន់២នាក់ និងស្រាល២នាក់ ចំណែករថយន្តនោះខូចខាតស្ទើរតែទាំងស្រុង។ ការក្រឡាប់នេះកើតឡើងដោយខ្លួនឯងនៅវេលាម៉ោង៤រសៀល ថ្ងៃទី២៩ ឧសភា នៅលើដងផ្លូវចេញពីរោងចក្រស៊ីម៉ង់ត៍ខេស៊ីមែនកំពតស្ថិតនៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស។
ប្រជាពលរដ្ឋមានលំនៅឋានជិតកន្លែងកើតហេតុនិយាយថា រថយន្តនោះបើកចេញពីទិសខាងលិចទៅកើតយ៉ាងលឿន ហើយស្រាប់តែរេចង្កូតប្រុងធ្លាក់ចូលផ្ទះប្រជាពលរដ្ឋ។ ក្នុងស្ថានភាពប្រថុចញ៉ុចនោះអ្នកបើកបរបួងចង្កូតទៅឆ្វេងក៏ជ្រុលហោះរំលងប្រឡាយបុកដើមដង្កៀបក្តាមធ្លាក់ទៅក្នុងស្រែទើបតែភ្ជួររួចធ្វើឱ្យមនុស្ស៤នាក់រងរបួស ហើយត្រូវគេដឹកទៅកាន់មន្ទីរពេទ្យស្រុកកំពង់ត្រាច។
មន្ត្រីប៉ូលិសចរាចរណ៍ស្រុកដែលទៅពិនិត្យមើលកន្លែងកើតហេតុនិយាយថា អ្នកបើកបរទំនងជាស្រវឹងស្រា ព្រោះពួកគេបើកចេញពីហាងខារ៉ាអូខេមួយនៅមិនឆ្ងាយប៉ុន្មានពីរោងចក្រស៊ីម៉ង់ត៍។ អ្នករងរបួសទាំងនោះរស់នៅ ស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស។ អ្នកទៅឈរមើលរថយន្តធ្លាក់ទៅក្នុងស្រែនិយាយថា មិនសមអ្នកជិះអាចនៅមានជីវិតទេ ព្រោះរថយន្តបោះពួយឆ្លងប្រឡាយមិនឃើញដាននិងធ្លាក់ក្នុងស្រែ។ អ្នកខ្លះនិយាយថា បើអ្នកបើកបរគ្មានម្ចាស់ការនៅលើផ្លូវពិតជាមានគ្រោះថ្នាក់ច្រើនលើសពីនេះទៅទៀត ៕
ចែករំលែកព័តមាននេះ