អនុប្រធានាធិបតីស៊ូដង់ខាងត្បូង លោក RIEK MACHAR រាយការណ៍កាលពីថ្ងៃទី៣០ ឧសភា ថា រដ្ឋាភិបាលក្រុងខាទុម និងស៊ូដង់ខាងត្បូងបានយល់ព្រមបើកការចរចាស្តីពីតំបន់ ABYEI ។
កងកម្លាំងរបស់ស៊ូដង់ខាងជើងកាលពី៩ថ្ងៃមុននេះបានលើកចូលក្នុងតំបន់សំបូរដោយប្រេងកាតនេះដែលមានជម្លោះគ្នារវាងស៊ូដង់ភាគខាងជើង និងស៊ូដង់ខាងត្បូង ដោយបង្ខំមនុស្សប្រមាណជា៨០.០០០នាក់រត់ភៀសខ្លួនទៅកាន់ស៊ូដង់ខាងត្បូង។
លោក RIEK MACHAR បានទៅកាន់ទីក្រុងខាទុមកាលពីសប្តាហ៍មុនដើម្បីជួបជាមួយសមភាគីស៊ូដង់ខាងជើង លោកអាលី អូស្មាន ម៉ូហាម៉េដ តាហា ។ លោកបានប្រកាសកាលពីថ្ងៃទី៣០ ឧសភា ពីការបង្កើតគណៈកម្មាធិការមួយដើម្បីដោះស្រាយបញ្ហា ABYEI ។ កាលពីថ្ងៃទី ២៦ ឧសភា កន្លងមកនេះ ប្រធានាធិបតីស៊ូដង់ខាងត្បូង លោកស៊ីលវ៉ា គីអៀរ បានស្នើដល់រដ្ឋាភិបាលក្រុងខាទុមឱ្យដកកងទ័ពរបស់ខ្លួនពីតំបន់នេះ ក៏ប៉ុន្តែបដិសេធថា មិនធ្វើសង្គ្រាមដើម្បីដោះស្រាយទំនាស់ជាមួយស៊ូដង់ខាងជើង។
ការត្រួតត្រាតំបន់នេះ គឺជាទំនាស់គ្នាដ៏សំខាន់រវាងភាគីទាំង២ ខណៈជិតដល់ពេលប្រកាសឯករាជ្យរបស់ស៊ូដង់ខាងត្បូងនាថ្ងៃទី៩ កក្កដា ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ