ភរិយារបស់អតីតប្រធានាធិបតីហុងឌូរ៉ាស់ លោកម៉ានូអែល ហ្សេឡាយ៉ា បានព្រលយពាក្យថា ពេលនេះលោកស្រីកំពុងត្រៀមខ្លួនធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីឈរឈ្មោះជាបេក្ខនារីសម្រាប់តំណែងប្រធានាធិបតីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ។ អតីតស្ត្រីទីមួយរូបនេះ លោកស្រី Xiomara Castro បានព្រលយពាក្យដូច្នេះក្នុងបទសម្ភាសន៍មួយរយៈពេលប៉ុន្មានថ្ងៃ ក្រោយពីលោកស្រីវិលត្រឡប់ចូលប្រទេសវិញពីការរស់នៅនិរទេសជាមួយស្វាមីរបស់លោកស្រី។
លោកម៉ានូអែល ហ្សេឡាយ៉ា និងលោកស្រី Xiomanra Castro បានវិលត្រឡប់ចូលស្រុកវិញ កាលពីចុងសប្តាហ៍កន្លងមក ដែលការវិលត្រឡប់នេះធ្វើឡើងក្រោយពីមានកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យលោកហ្សេឡាយ៉ា វិលត្រឡប់ចូលស្រុកវិញ។ កិច្ចព្រមព្រៀងនេះគ្រោងឱ្យមានកំណែទម្រង់រដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ។
អ្នកគាំទ្រលោកម៉ានូអែល ចង់ឱ្យលោកស្រី Castro ឈរឈ្មោះជាបេក្ខនារីសម្រាប់តំណែងប្រធានាធិបតី ។
លោកស្រី Castro អាយុ៥១ឆ្នាំ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា មុនពេលកើតមានរដ្ឋប្រហារក្នុងប្រទេសខ្ញុំតែងតែគិតថា នៅពេលអាណត្តិប្រធានាធិបតីបច្ចុប្បន្នត្រូវបញ្ចប់ខ្ញុំនឹងវិលត្រឡប់ចូលស្រុកវិញ ហើយលះបង់ពេលវេលាសម្រាប់គ្រួសារខ្ញុំ។
លោកស្រី Castro ថ្លែងថា លោកស្រី Michelle Bachelet អតីតប្រធានាធិបតីឈីលី ដែលកាន់តំណែងចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១០ និងប្រធានាធិបតីអាហ្សង់ទីន បច្ចុប្បន្នលោកស្រី Cristina Kichner ជាគំរូដ៏ល្អ។
លោកម៉ានូអែល ហ្សេឡាយ៉ា ត្រូវបានទម្លាក់ចេញពីតំណែងក្នុងរដ្ឋប្រហារយោធាកាលពីថ្ងៃទី២៨ មិថុនា ឆ្នាំ២០០៩ កន្លងមក ៕
ចែករំលែកព័តមាននេះ