ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ទទួល​បាន​កាដូ​រថ​យន្ត​មួយ​គ្រឿង​ពី​លោក​ពូទីន

1 ឆ្នាំ មុន

ទី​ក្រុង​ព្យុង​យ៉ាង៖ ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ គីម​ជុង​អ៊ុន ទើប​តែ​ទទួលបាន​អំណោយ​ជា​រថ​យន្ត​មួយ​គ្រឿង​ពី​លោក​ពូទីន​ជា​ចំណង​ដៃ​នៃ​មិត្ត​ភាព​​ដ៏​រឹង​មាំ​រវាង​លោក​ទាំង​ពីរ។ ឡាន​នេះ​លោក​ពូទីន​ផ្ដល់​ជូន​ជា​កាដូ​សម្រាប់​លោក​គីម​ជុង​អ៊ុន​ជិះ​ផ្ទាល់​ខ្លួន​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​។ បើ​ដូច្នេះ​មែន​ វា​អាច​ជា​ការ​រំលោភ​សេចក្ដី​សម្រេច​របស់​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែល​រដ្ឋាភិបាល​រុស្ស៊ី​ខ្លួន​ឯង​ក៏ចូល​រួម​នៅ​ក្នុង​សេច​ក្ដី​សម្រេច​នោះ​ផង​ដែរ​។​ ​​ប្រទេស​ទាំង​ពីរ​ចាប់​ផ្ដើម​ខិត​ជិត​គ្នា​កាន់​តែ​ខ្លាំង​ចាប់​តាំង​ពី​លោក​គីម និង​លោក​ពូទីន​ជួប​គ្នា​កាល​ពី​ខែ​កញ្ញា…

ទី​ក្រុង​ព្យុង​យ៉ាង៖ ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ គីម​ជុង​អ៊ុន ទើប​តែ​ទទួលបាន​អំណោយ​ជា​រថ​យន្ត​មួយ​គ្រឿង​ពី​លោក​ពូទីន​ជា​ចំណង​ដៃ​នៃ​មិត្ត​ភាព​​ដ៏​រឹង​មាំ​រវាង​លោក​ទាំង​ពីរ។ ឡាន​នេះ​លោក​ពូទីន​ផ្ដល់​ជូន​ជា​កាដូ​សម្រាប់​លោក​គីម​ជុង​អ៊ុន​ជិះ​ផ្ទាល់​ខ្លួន​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​។ បើ​ដូច្នេះ​មែន​ វា​អាច​ជា​ការ​រំលោភ​សេចក្ដី​សម្រេច​របស់​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែល​រដ្ឋាភិបាល​រុស្ស៊ី​ខ្លួន​ឯង​ក៏ចូល​រួម​នៅ​ក្នុង​សេច​ក្ដី​សម្រេច​នោះ​ផង​ដែរ​។​

​​ប្រទេស​ទាំង​ពីរ​ចាប់​ផ្ដើម​ខិត​ជិត​គ្នា​កាន់​តែ​ខ្លាំង​ចាប់​តាំង​ពី​លោក​គីម និង​លោក​ពូទីន​ជួប​គ្នា​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២៣​នៅ​ទី​ក្រុង​វ៉្លាឌីវ៉ូស្តុក (Vladivostok) ប្រទេស​រុស្ស៊ី​។ កាល​នោះ ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​សន្យា​ថា​នឹង​ខិត​ខំ​ពង្រឹង​ទំនាក់​​ទំនង​លើ​គ្រប់​វិស័យ​ព្រោះ​ប្រទេស​ទាំង​កំពុង​ជិះ​នៅ​លើ​ទូក​តែ​មួយ​ និង​កំពុង​រស់​នៅ​កំព្រា​ឯ​កោ​ដូច​គ្នា​។ ប្រទេស​រុស្ស៊ី​ត្រូវ​គេ​ព្រួត​គ្នា​រិះ​គន់​ផង​ និង​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ផង​ដោយ​សារ​ការ​ដុត​បញ្ឆេះ​សង្គ្រាម​អ៊ុយក្រែន​ដែល​អូស​បន្លាយ​ជិត​​២​ឆ្នាំ​មក​ហើយ​នៅ​ខ្វះ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​​។ ចំណែក​កូរ៉េ​ខាង​ជើង​ក៏​ត្រូវ​គេ​ដាក់​ទណ្ឌកម្ម​ពី​បទ​ផលិត​អាវុធ​​នុយក្លេអ៊ែរ និង​គ្រា​ប់​មីស៊ីល​អន្តរ​ទ្វីប​។​

​នៅ​ក្នុង​ទំនាក់​ទំនង​អន្តរ​ជាតិ ប្រទេស​នី​​មួយ​ៗ​​មិន​អាចរស់​នៅ​ឯ​កោ​បាន​ទេ​។ ពួក​គេ​ត្រូវ​​​តែ​ស្វះ​ស្វែង​រក​មិត្ត​ភក្តិ​​ដើម្បី​ជា​ខ្នង​បង្អែក​​។ ​​រថ​យន្ត​ដែល​ជា​កាដូ​សម្រាប់​លោក​គីម​ជុង​អ៊ុន​នោះ​ជា​ប្រភេទ​រថ​យន្ត​ផលិត​នៅ​ប្រទេស​រុស្ស៊ី​​ផ្ទាល់​តែ​ម្ដង​ ហើយ​បញ្ជូន​ទៅ​ឱ្យ​​លោក​គីម​ជុង​អ៊ុន​តាម​រយៈ​ជំនួយ​ការ​​​របស់​លោក​គីម​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​។​​

ប្អូន​ស្រី​លោក​គីម​បាន​ពាំ​នាំ​នូវ​ពាក្យ​ពេចន៍​អរ​គុណ​របស់​លោក​ទៅ​ជម្រាប​ជូន​លោក​ពូទីន​តាម​រយៈ​ជំនួយ​ការ​របស់​លោក​។ លោក​ស្រី​ថ្លែង​ថា​ការ​ផ្ដល់​ជូន​កាដូ​លើក​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​ទំនាក់ទំនង​រវាង​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​ពិត​ជា​​វិសេស​វិសាល​ណាស់​។​ ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​មិន​បាន​ពិពណ៌​នា​លម្អិត​ថា​តើ​នោះ​ជា​រថ​យន្ត​ម៉ាក​អ្វី​ ឬ​ក៏​មាន​ភិន​ភាគ​បែប​ណា​ទេ​។

សូម្បី​តែ​រថ​យន្ត​នោះដឹក​ពី​រុស្ស៊ី​ទៅ​កូរ៉េ​ខាង​ជើង​តាម​មធ្យោបាយ​អ្វី​ក៏​គេ​មិន​ដឹង​ដែរ​។ ប៉ុន្តែគេ​ជឿ​ជាក់​ថា​លោក​គីម​ជា​មនុស្ស​ចូល​ចិត្ត​ជីវិត​ហ៊ឺហារ​ និង​ស៊ីវិល័យ​របៀប​ស្ទាវ​។ ហើយ​គេ​ដឹង​ថា​គាត់​ចូល​ចិត្ត​ជិះ​ឡាន​ទំនើប​ៗ​ ថ្លៃ​ៗ​។ ឡាន​នៅ​ផ្ទះ​របស់​គាត់​មាន​មួយ​កំផ្លេ​ ​មាន​ច្រើន​ម៉ាក​ ​សុទ្ធ​តែ​​ជា​ឡាន​​​ផលិត​នៅ​បរទេស​ដែល​នាំ​ចូល​កូរ៉េ​ខាង​ជើង​ដោយ​ការ​គេច​ពន្ធ​ និង​លួច​លាក់​។​​

កាល​ពី​ខែ​កញ្ញា​ នៅ​ពេល​លោក​គីម​ទៅ​ពិនិត្យ​មើល​ស្ថានីយ​បាញ់​បង្ហោះ​យាន​អវកាស​រុស្ស៊ី លោក​ក៏​សម្លឹង​​មើល​មិន​ដាក់​ភ្នែក​ទៅ​លើ​រថ​យន្ត​ប្រណីត​របស់​លោកពូទីន​ម៉ាក​អូរើស សេនា (Aurus Senat)។ ក្រោយ​មក​ លោក​ពូទីន​ក៏​ហៅ​លោក​គីម​ចូល​ក្នុង​ឡាន​ដើម្បី​រួម​ដំណើរ​ជា​មួយ​គ្នា​​។​ កាល​ណោះ លោក​គីម​ក៏​បាន​បើក​បរ​ដោយ​ផ្ទាល់​​ដៃ​របស់​លោក​ផង​ដែរ​​​​នូវ​រថ​យន្ត​ម៉ាក​មេ​បាក់​ (Maybach) ដែល​គេ​បាន​ដឹក​តាម​រថ​ភ្លើង​​តាំង​ពី​ទី​ក្រុង​ព្យុង​យ៉ាង​ ​ប្រទេស​កូរ៉េ​ខាង​ជើង ​ចូល​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​។​​

​គេ​កត់​សម្គាល់​ថា​រថ​យន្ត​ដែល​លោក​គីម​ធ្លាប់​ជិះ​មាន​ដូច​ជា​ឡាន​ម៊ែ​សឺដែស, រ៉ូល​រ៉យ​មុខ​ខ្មោច​ និង​ឡិច​ស៊ីស​។ ទាំង​នេះ​សុទ្ធ​តែ​ជា​​ឡាន​ថ្លៃ​ៗ​ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ដាក់​បម្រាម​​មិន​ឱ្យ​​​នាំ​ចូល​ប្រទេស​កូរ៉េ​ខាង​ជើង​​ទេ​។​ ការ​ដោះ​ដូរ​គ្នា​រវាង​ប្រទេស​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​កើត​មាន​ជា​ហូរ​ហែ​។ ​គេ​ជឿ​ជាក់​ថា​កូរ៉េ​ខាង​ជើង​បន្ត​ផ្ដល់​ទៅ​ឱ្យ​រុស្ស៊ី​នូវ​​កាំ​ភ្លើង​ធំ, រ៉ុកកែត និង​គ្រាប់​មីស៊ីល​ដើម្បីយក​ទៅ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន​។ ជា​ថ្នូរ​ត្រឡប់​មក​វិញ រុស្ស៊ី​ជួយ​ផ្នែក​បច្ចេក​ទេស​អាវុធ ផ្កាយ​រណប​ និង​មីស៊ីល​​៕

ប្រភព៖ Reuters
https://www.reuters.com/world/north-koreas-kim-jong-un-receives-car-gift-putin-kcna-2024-02-19/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ