ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​រាជ​អាជ្ញា​ថៃ​ថ្លែង​ថា​លោក​ថាក់​ស៊ីន​កំពុង​មាន​ជំងឺ​ជាទម្ងន់​ពិត​មែន

1 ឆ្នាំ មុន

ទី​ក្រុង​បាងកក​៖ ថ្ងៃ​នេះ ការិយាល័យ​ព្រះ​រាជ​អាជ្ញា​​បញ្ជាក់​ថាអតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​ថាក់​ស៊ីន​ ពិត​ជា​​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ពិត​មែន​, មិន​មែន​ធ្វើ​ពុត​ទេ​។​ ជាក់​ស្ដែង​ គាត់​បាន​ចូល​ជួប​ព្រះ​រាជ​អាជ្ញា​​​​កាល​ពី​ព្រឹក​មិញ​ ហើយ​​គាត់​និយាយ​ចេញ​មក​មាន​សំឡេង​ខ្សាវ​ៗ ស្ដាប់​សឹង​តែ​មិន​ឮ…

ទី​ក្រុង​បាងកក​៖ ថ្ងៃ​នេះ ការិយាល័យ​ព្រះ​រាជ​អាជ្ញា​​បញ្ជាក់​ថាអតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​ថាក់​ស៊ីន​ ពិត​ជា​​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ពិត​មែន​, មិន​មែន​ធ្វើ​ពុត​ទេ​។​ ជាក់​ស្ដែង​ គាត់​បាន​ចូល​ជួប​ព្រះ​រាជ​អាជ្ញា​​​​កាល​ពី​ព្រឹក​មិញ​ ហើយ​​គាត់​និយាយ​ចេញ​មក​មាន​សំឡេង​ខ្សាវ​ៗ ស្ដាប់​សឹង​តែ​មិន​ឮ ទាល់​តែ​ឱន​ត្រចៀក​ទៅ​ជិត​មាត់​គាត់​ទើប​អាច​ស្ដាប់​បាន​​។ ពេល​នោះ ការិយាល័យ​ព្រះ​រាជ​អាជ្ញា​កោះ​ហៅ​គាត់​ទៅ​ជម្រាប​ជូន​ថាមាន​គេ​ប្ដឹង​គាត់​មួយ​ករណី​ថ្មី​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ​។

​ដូច្នេះ​ ការ​ដោះ​លែង​លោក​ថាក់​ស៊ីន​​​​ឱ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ម្សិល​មិញ​នោះ​​ចប់​មួយ​វគ្គ​ហើយ​​ ហើយ​ឆ្លង​ចូល​ពាក្យ​បណ្ដឹង​ថ្មី​មួយ​ទៀត​​។​ ​ការ​ឆ្លើយ​បំភ្លឺ​របស់​ព្រះ​រាជ​អាជ្ញា​នៅ​ថ្ងៃ​នេះ​ដើម្បី​​តប​​ទៅ​នឹង​អ្វី​ដែល​ជា​ក្ដី​​​កង្វល់​របស់​ក្រុម​អ្នក​ប្រឆាំង​នឹង​លោក​ថាក់​ស៊ីន​​ដែល​​ពួក​គេ​ចេះ​តែ​​​មាន​ចម្ងល់​ថា​​​​​តើ​លោក​ថាក់​ស៊ីន​ពិត​ជា​មាន​ជំងឺ​មែន​ ឬ​​ក៏​ធ្វើ​ពុត​ជា​ឈឺ​ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​?​​

កាល​ពី​ព្រឹក​មិញ ក្រុម​គ្រួសារ​​បាន​ដឹក​លោក​ថាក់​ស៊ីន​តាម​រថ​យន្ត​ចូល​ការិយាល័យ​ព្រះ​រាជ​អាជ្ញា​តាំង​ពី​ព្រឹក​ព្រលឹម​តែ​ម្ដង​។​ នៅ​ពេល​ទៅ​ដល់​ គេ​បាន​លើក​លោក​ថាក់​ស៊ីន​ដាក់​នៅ​លើ​រទេះ​​កង់​ដើម្បី​រុញ​គាត់​បន្ត​ចូល​​ក្នុង​បន្ទប់​ប្រជុំ​។ មន្ត្រី​តំណាង​អយ្យ​ការ​ជាន់​ខ្ពស់​ម្នាក់​ទទួល​ស្គាល់​ថា​លោក​ថាក់​ស៊ីន​​កំពុង​​មាន​ជំងឺពិត​មែន។ ​ឈឺ​លើក​នេះ​មិន​មែន​ឈឺ​លំ​ៗ​ទេ​​​គឺ​​ឈឺ​ខ្លាំង​គួរ​សម​។​​

រហូត​មក​ដល់​ពេល​នេះ គេ​ឮ​តែ​លោក​មាន​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​មុខ​។ ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​លោក​ និង​ក្រុម​​គ្រូ​ពេទ្យ​ពុំ​ដែល​ទម្លាយ​អាថ៌​កំបាំង​ថា​លោក​មាន​ជំងឺ​អ្វី​ខ្លះ​ទេ​។ ប្រធាន​ការិយាល័យ​ព្រះ​រាជ​អាជ្ញា​ប្រាប់​ថា​គាត់​បាន​​និយាយ​ជា​មួយ​លោក​ថាក់​ស៊ីន​កាល​ពី​ព្រឹក​មិញ ហើយ​ពិនិត្យ​ឃើញ​ថា​លោក​ថាក់​ស៊ីន​​និយាយ​ឮ​ខ្សិប​ៗ​។ គាត់​ពាក់​ប្រដាប់​ការ​ពារ​កញ្ចឹង​ក​ និង​ពាក់​ឧប​ករណ៍​សម្រាប់​​ទ្រ​កែង​ដៃ​។ គាត់​ដើរ​មិន​កើត​ទេ​នៅ​ពេល​នោះ​។

​​សូម​រំលឹក​ថា​កាល​ពី​ខែ​សីហា ឆ្នាំ​២០២៣​ លោក​ថាក់​ស៊ីន​​វិល​ត្រឡប់​​ចូល​ប្រទេស​ថៃ​​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល។ ពោល​គឺ​​​លោក​សេដ្ឋា​ ថាក់​វិស៊ីន​ត្រូវ​​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​បោះ​ឆ្នោត​ផ្ដល់​​សេចក្ដី​ទុក​ចិត្ត​​ជា​នាយក​រដ្ឋ​មន្ត្រី​នៅ​ក្នុងថ្ងៃ​នោះ​ដែរ​។ គ្រាន់​តែ​ទៅ​ដល់​​ព្រលាន​យន្ត​ហោះ​ភ្លាម អាជ្ញាធរ​ក៏​ដឹក​លោក​ថាក់​ស៊ីន​ទៅ​តុលាការ​កំពូល​ដើម្បី​ស្ដាប់​សេចក្ដី​សម្រេច​។ បន្ទាប់​មក​ គេ​ក៏​ដឹក​លោក​ទៅ​អនុ​វត្ត​ទោស​នៅ​ក្នុង​ពន្ធ​នា​គារ​​​។ នៅ​រាត្រី​​​នោះ លោក​ថាក់​ស៊ីន​ចាប់​ផ្ដើម​ឈឺ​ទ្រូង​ ហើយ​ត្រូវ​គេ​ដឹក​ទៅ​សម្រាក​ព្យាបាល​នៅ​​​មន្ទីរ​ពេទ្យ​​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​​។ កាល​នោះ គ្រូ​ពេទ្យ​ប្រាប់​ថា​លោក​​​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ និង​​ឈឺ​ខ្នង​​។

ចំពោះ​ការ​ចូល​ពិភាក្សា​ជា​មួយ​ការិយាល័យ​ព្រះ​រាជ​អាជ្ញា​កាល​ពី​ព្រឹក​មិញ​នោះ ខាង​ព្រះ​រាជ​អាជ្ញា​មិន​ទាន់​​មាន​វិធាន​ការ​អ្វី​ទេ​។ ព្រះ​រាជ​អាជ្ញា​​យល់​ថា​គេ​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​ស៊ើប​អង្កេត​​សំណុំ​រឿង​របស់​លោក​ថាក់​ស៊ីន​ថ្មី​នេះ​តប​តាម​ពាក្យ​បណ្ដឹង​ដែល​ចោទ​ថា​លោក​​បាន​ប្រមាថ​ព្រះ​មហា​ក្សត្រ​។ ពាក្យ​ចោទ​ប្រកាន់​នោះ​​ដោយ​សម្អាង​ទៅ​លើ​បទ​សម្ភាស​ដែល​លោក​ថាក់​ស៊ីន​បាន​ផ្ដល់​ជូន​អ្នក​សារ​ព័ត៌​មាន​​កាល​ពី​ឆ្នាំ​២០១៥​នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​សេអ៊ូល ​ប្រទេស​កូរ៉េ​ខាង​ត្បូង៕​

ប្រភព៖ Channel News Asia
https://www.channelnewsasia.com/asia/thailand-thaksin-shinawatra-appears-truly-ill-4133616

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ