ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃ១អង្គបានរងរបួសដោយសារភ្លើងរាលឆេះប៉ះចំគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលហេតុការណ៍រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៥ និង៤០នាទីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅវត្តបរមសាលព្រឹក (ហៅវត្តភ្នំស្វាយ) នៅលើភ្នំស្វាយ ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា ព្រះសង្ឃរងគ្រោះព្រះនាម ញឹម សុណាង ព្រះជន១៧វស្សា គង់នៅវត្តបរមសាលព្រឹក (ហៅវត្តភ្នំស្វាយ) នៅលើភ្នំស្វាយ ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបន្តថា តាមការបំភ្លឺពីព្រះសង្ឃក្នុងវត្ត ព្រះនាម សុខ សិរីវត្តនា ព្រះជន២២វស្សា បានប្រាប់ថា នៅមុនពេលកើតហេតុ មានព្រះសង្ឈ៣អង្គបានប្រមូលដុតសំរាមនៅខាងក្រោយវត្ត លុះដល់ពេលដុតបានមួយសន្ទុះ ដល់វេលាម៉ោងប្រហែល៥និង៤០នាទីល្ងាច ឃើញភ្លើងឆេះរាលខ្លាំងក៏នាំគ្នាមកពន្លត់ពេលនោះ ស្រាប់តែព្រះអង្គមួយអង្គ ព្រះនាម ញឹម សុណាង កំពុងដើរពន្លត់ភ្លើង (សង្ស័យភ្លើងឆេះត្រូវគ្រាប់មិនទាន់ផ្ទុះក៏បានផ្ទុះ)បណ្ដាលឱ្យត្រូវរងរបួស ។
ភ្លើងត្រូវបានរលត់ទាំងស្រុងបន្ទាប់កម្លាំងនគរបាលក្រុងជួយអន្តរាគមន៍ពន្លត់ ។ ចំពោះទីតាំងកន្លែងឆេះបានហ៊ុមព័ទ្ធរង់ចាំក្រុមការងារអង្គភាពស៊ីម៉ាក់ចុះស្រាវជ្រាវរកគ្រាប់ដែលនៅសេសសល់ ។
ចែករំលែកព័តមាននេះ