ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​លែង​ខ្វល់​រឿង​ខ្វះ​ត្រី​ហូប ក្រោយ​អតីត​វិស្វករ​អណ្តូងប្រេង​ម្នាក់ បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ទំនើប

2 ខែ មុន

សិង្ហ​បុរី ៖ កសិដ្ឋាន​ចិញ្ចឹម​ត្រី​ដែល​ដំណើរការ​ដោយ​បច្ចេកវិទ្យា​ទំនើប បាន​អណ្តែត​ខ្លួន​ចេញពី​ឆ្នេរ

សិង្ហ​បុរី ៖ កសិដ្ឋាន​ចិញ្ចឹម​ត្រី​ដែល​ដំណើរការ​ដោយ​បច្ចេកវិទ្យា​ទំនើប បាន​អណ្តែត​ខ្លួន​ចេញពី​ឆ្នេរសមុទ្រ​សិង្ហ​បុរី ដើម្បី​នាំ​យក​អាហារ​សមុទ្រ​អនាម័យ ស្រស់​ៗ និង​សុខភាព​ល្អ​សម្រាប់​ប្រជាជន​សិង្ហ​បុរី ដែល​នេះ​គឺជា​ផ្នែក​នៃ​ផែនការ​របស់​វិស្វករ​ចូល​និវត្តន៍​ម្នាក់ ដែល​ធ្លាប់​សាងសង់​អណ្តូងប្រេង​។

សិង្ហ​បុរី​បាន​នាំ​ចូល​អាហារ​រហូត​ដល់ ៩០% ប៉ុន្តែ​កំពុង​សង្ឃឹមថា នឹង​មាន​ប្រភព​ក្នុងស្រុក​ប្រហែល​មួយ​ភាគ​បី​នៅ​ឆ្នាំ ២០៣០ ដើម្បី​ការពារ​ពី​ការ​រំខាន​ការ​ផ្គត់ផ្គង់​ដូច​ជា ការ​ប្រែប្រួល​អាកាសធាតុ ជំងឺឆ្លង និង​ជម្លោះ​។ ដូច្នេះ​ក្រុម​មន្ត្រី​កំពុង​គាំទ្រ​គម្រោង «Eco Ark» គឺជា​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ដ៏​ធំ​ដែល​រួម​មាន​ត្រី Seabass, Grouper និង Threadfin ជិត​៦​លាន​ក្បាល ដែល​ពេញ​និយម​បំផុត​សម្រាប់​ភោជនីយដ្ឋាន​នៅ​ទូ​ទាំង​ប្រទេស​សិង្ហ​បុរី​។

ជាមួយនឹង​កន្លែង​ប្រមូល​ផល​បាន​៣​ម៉ឺន​គីឡូក្រាម​ក្នុង​១​ខែ លោក Leow Ban Tat ស្ថាបនិក​កសិដ្ឋាន Eco Ark និង Aquaculture Center of Excellence បាន​ថ្លែង​ថា ការ​ប្រមូល​ផល​គឺ​ច្រើន​ជាង​២០​ដង​ក្នុង​១​ហិ​កតា បើ​ធៀប​នឹង​កសិដ្ឋាន​បែប​ប្រពៃណី​។ លោក Leow ដែល​ធ្លាប់​ជា​វិស្វករ​សាងសង់​អណ្តូងប្រេង​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា «​មាន​ភាព​ខុស​ប្លែក​គ្នា​យ៉ាង​ខ្លាំង​ក្នុង​អ្វី​ដែល​យើង​ធ្វើ ដោយសារ​តែ​យើង​ជឿជាក់​លើ​បច្ចេកវិទ្យា​ទំនើប​»​។

រចនា​សម្ព័​ន​បច្ចេកវិទ្យា​ទំនើប​នេះ ស្ថិត​នៅ​ក្រោម​គោលបំណង​ចម្រោះ​ទឹកសមុទ្រ​តាម​រយៈ​ម៉ាស៊ីន​អូហ្សូន ដើម្បី​សម្លាប់​មេរោគ​បង្ក​ជំងឺ មុន​ពេល​បង្ហូរ​ទៅ​ក្នុង​អាង​ចិញ្ចឹម​ត្រី​ដែល​មាន​ជម្រៅ​៦​ម៉ែត្រ​។ អាង​ក្លែង​ធ្វើ​តាម​លក្ខខណ្ឌ​ទឹកសមុទ្រ ដើម្បី​រក្សា​ត្រី​ហែល​ប្រឆាំង​នឹង​ចរន្តទឹក​មាន​ទម្ងន់​ស្រាល និង​មាន​ជីវជាតិ​កាន់តែ​ច្រើន ក៏​ដូច​ជា​ការពារ​ត្រី​ពី​ការ​គំរាមកំហែង​ដូច​ជា ជំងឺ បញ្ហា​ទឹកសាប​ទឹកប្រៃ​លាយ​គ្នា និង​ការ​កំពប់​ប្រេង​។

លោក Leow អាយុ​៦៥​ឆ្នាំ​បាន​បន្ត​ថា ទឹក​គឺ​ស្អាត​ខ្លាំង​ណាស់ មិន​ដូច​កសិដ្ឋាន​ផ្សេង​ទៀត​ទេ កសិដ្ឋាន Eco Ark មិន​ចាំបាច់​បន្ថែម​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច ដែល​ជួយ​ការពារ​ត្រី​ពី​ជំងឺ​ឡើយ​។ លោក​បន្ថែម​ថា ត្រី​ពេញវ័យ​ត្រូវ​បាន​ផ្តល់​មឹក​កក​ជា​ចំ​ណឺ ក៏​ដូច​ជា​ចំណី​គ្រាប់ ហើយ​កូន​ត្រី​តូច​ៗ ក៏​ត្រូវ​បាន​ផ្តល់​សារធាតុ​ប្រូ​បាយ​អូ​ទិ​ក ដែល​ជួយ​ទាំង​ការ​រំលាយ​អាហារ និង​មុខងារ​សរីរវិទ្យា ដែល​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ដំណើរការ​លូតលាស់​របស់​ត្រី​។ ទន្ទឹម​ជាមួយ​គ្នា​នោះ លោក Leow ក៏​កំពុង​សម្លឹង​មើល​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ពី​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នា​ពេល​អនាគត​ផង​ដែរ តាម​រយៈ​ការ​បន្ថែម​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ និង​សាងសង់​កន្លែង​ភ្ញាស់​មួយ បន្ទាប់​ពី​បាន​រក​ឃើញ​ថា ត្រី​ដែល​បាន​នាំ​ចូល​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី និង​អូស្ត្រាលី​មាន​ផ្ទុក​ជំងឺ​។

ត្រី​ចិញ្ចឹម​នៅ​កសិដ្ឋាន «Eco Ark» ត្រូវ​បាន​បញ្ជូន​ទៅ​ភោជនីយដ្ឋាន ផ្សារ​ទំនើប និង​ហាង​ពិសេស​ជាង​៨០​កន្លែង ដែល​ផ្តល់​តម្លៃ​ពិសេស​សម្រាប់​ពួក​គេ ជាមួយនឹង​ការ​ប្រមូល​ផល​ថ្មី​ៗ ស្រស់​ៗ និង​មាន​សុខភាព​ល្អ​។ លោក Leow សង្ឃឹមថា នៅ​ទីបំផុត​នឹង​នាំ​ចេញ​មិន​ត្រឹមតែ​ត្រី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បច្ចេកវិទ្យា​សម្រាប់ Eco Ark អាច​ត្រូវ​បាន​សាងសង់​នៅ​ជិត​តំបន់ឆ្នេរ ដើម្បី​កាត់​បន្ថយ​ពេលវេលា​ដឹក​ជញ្ជូន និង​ការ​ចំណាយ​៕ (​ប្រភព ៖ AFP, រូបភាព ៖ Singapore Food Agency)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ