រាជធានីភ្នំពេញ៖ សិស្សានុសិស្សនិទ្ទេស A ចំនួន ២៥ រូប ទទួលបានកញ្ចប់ថវិកាសម្រាប់គាំទ្រការសិក្សាថ្នាក់មហាវិទ្យាល័យ ពីសាប៊ូវីសូពិសេស ដែលជាម៉ាកផលិតផលនៃក្រុមហ៊ុនយូនីលឹវើ កម្ពុជា ក្នុងព្រឹត្តិការណ៍ដ៏វិសេសវិសាល ពោរពេញដោយអារម្មណ៍រំភើបអបអរ មោទនភាព និងក្តីសង្ឃឹម កាលពីថ្ងៃចន្ទ ទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ព្រឹតិ្តការណ៍ដ៏គួរឱ្យកត់សម្គាល់មួយនេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ម៉ាកផលិតផលមួយនេះ ក្នុងការលើកស្ទួយប្រទេសកម្ពុជាតាមរយៈវិស័យអប់រំ ។

ការអបអរសាទរនៃក្តីស្រមៃ និងការប្ដេជ្ញាចិត្ត
វត្តមានសមាជិកគ្រួសារ និងឥស្សរជនជាច្រើនរូប បានចូលរួមអបអរសាទរនូវសមិទ្ធិផលសិក្សានៃសិស្សានុសិស្សឆ្នើម ដែលមានជីវភាពខ្វះខាត។ ព្រឹត្តិការណ៍នេះបានបង្ហាញនូវសេចក្តីសោមនស្ស និងក្តីសង្ឃឹម ដែលសិស្សនីមួយៗបានឡើងលើវេទិកាផ្ទាល់ ដើម្បីទទួលយកកញ្ចប់ថវិកា និងការទទួលស្គាល់លើការខិតខំប្រឹងប្រែងរបស់ពួកគេកន្លងមក ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា (MoEYS) លោក លី សុធូ អគ្គនាយកនៃក្រុមហ៊ុនយូនីលឹវើ កម្ពុជា និងឡាវ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ហើយក្នុងនោះដែរ ឯកឧត្តមបាន បញ្ជាក់ពីគោលជំហរសាជាថ្មីចំពោះសារៈសំខាន់នៃកិច្ចសហការជាដៃគូរវាងវិស័យសាធារណៈ និងឯកជនក្នុងការរៀបចំផែនការអនាគតដល់យុវជនកម្ពុជា។
ការវិនិយោគលើអនាគតភ្លឺត្រចះត្រចង់នៃយុវជនកម្ពុជា
ជាផ្នែកមួយនៃគំនិតផ្តួចផ្តើម ក្នុងការគាំទ្រវិស័យអប់រំ ក្នុងប្រទេសកម្ពុជា សាប៊ូវីសូពិសេស បានឧបត្ថម្ភនូវកញ្ចប់ថវិកាចំនួន ៤ លានរៀល សម្រាប់សិស្សនិទ្ទេស A នីមួយៗ សរុប ២៥ រូប ដើម្បីជួយសម្រួលផ្នែកហិរញ្ញវត្ថុដល់ពួកគេ ក្នុងការចាប់ផ្តើមជីវិតជានិស្សិតក្នុងសាកលវិទ្យាល័យ និងបន្តបំពេញក្តីស្រមៃតាមរយៈវិស័យអប់រំ ដោយគ្មានសម្ពាធហិរញ្ញវត្ថុនាពេលចាប់ផ្ដើមដំបូងនៃដំណើរមួយនេះ ។

លោក លី សុធូ អគ្គនាយកនៃក្រុមហ៊ុនយូនីលឹវើ កម្ពុជា និងឡាវ បានថ្លែងថា៖ «ក្រុមហ៊ុនយូនីលឹវើ កម្ពុជា យើងខ្ញុំជឿជាក់ថា ការទទួលការអប់រំមិនត្រឹមតែជួយត្រួសត្រាយផ្លូវទៅកាន់ឱកាសជាច្រើននោះទេ តែវាជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់វឌ្ឍនភាពជាតិ។ កញ្ចប់ថវិកានេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់ពួកយើងក្នុងការគាំទ្រយុវជនកម្ពុជា ដើម្បីបញ្ចេញនូវសក្តានុភាពពេញលេញរបស់ពួកគេ» ។

ឯកឧត្តម កែ ប៊ុនខៀង មានប្រសាសន៍បន្ថែមថា៖ «ក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហការជាដៃគូដ៏អស្ចារ្យមួយនេះ។ នៅពេលដែលអាជីវកម្មនានាដូចជា ក្រុមហ៊ុនយូនីលឹវើ កម្ពុជា មានគំនិតផ្តួចផ្តើមគាំទ្រវិស័យអប់រំ វាសម្តែងជាសារដ៏មានអានុភាពមួយដល់សិស្សានុសិស្សរបស់ពួកយើង ដោយបញ្ជាក់ពីសារៈសំខាន់នៃក្តីស្រមៃរបស់ពួកគេ និងតម្លៃដែលមិនអាចកាត់ថ្លៃបានក្នុងការវិនិយោគលើអនាគតរបស់ពួកគេផងដែរ» ។

ក្រុមអ្នកដឹកនាំចម្រុះនាពេលអនាគត
និស្សិតដ៏ឆ្នើមទាំង ២៥ រូប នេះមកពីបណ្តាខេត្តនានាទូទាំងប្រទេស ដោយបុគ្គលនីមួយៗមាននាំនូវបទពិសោធជីវិតផ្ទាល់ពោរពេញដោយភាពតស៊ូ និងឧត្តមភាពផងដែរ។ ឆន្ទៈរួមដែលពួកគាត់មានក្នុងការយកឈ្នះភាពលំបាកទាំងអស់នេះហើយ ដែលឆ្លុះបញ្ចាំងពីការគោលជំហរនៃការបង្កើតឱ្យមានការគាំទ្រហិរញ្ញវត្ថុពីពួកយើងឡើង ។

និស្សិតឆ្នើមមួយរូបដែលទទួលបានកញ្ចប់ថវិកាបានចែករំលែកនៅក្នុងព្រឹត្តិការណ៍នេះថា៖ «ការគាំទ្រថវិកាពីសាប៊ូវីសូពិសេស នេះពិតជាមានន័យយ៉ាងជ្រាលជ្រៅចំពោះខ្ញុំ និងក្រុមគ្រួសារ។ វាពិតជាអាចជួយសម្រាលបន្ទុកដ៏ធ្ងន់មួយនៃការចាប់ផ្ដើមដំណើរថ្មីនេះសម្រាប់ខ្ញុំ ហើយខ្ញុំសន្យាថានឹងប្រើប្រាស់ឱកាសនេះឱ្យអស់ពីសមត្ថភាព និងបង្កើតឱ្យមានការផ្លាស់ប្តូរទៅកាន់ភាពល្អប្រសើរ សម្រាប់ខ្លួនខ្ញុំ និងសម្រាប់ប្រទេសកម្ពុជា» ។

ការប្តេជ្ញាចិត្តរយៈពេលវែង ក្នុងការលើកស្ទួយដល់យុវជនកម្ពុជា
កម្មវិធីគាំទ្រហិរញ្ញវត្ថុសម្រាប់សិក្សាថ្នាក់មហាវិទ្យាល័យរបស់សាប៊ូវីសូពិសេសនេះ មិនមែនគ្រាន់តែជាការជួយផ្គត់ផ្គង់ និងគាំទ្រដល់យុវជនតែមួយលើកនោះទេ វាជាចក្ខុវិស័យវែងឆ្ងាយមួយ ដើម្បីជួយបណ្តុះយុវជនឱ្យក្លាយជាអ្នកដឹកនាំជំនាន់ក្រោយសម្រាប់ប្រទេសកម្ពុជា។ តាមរយៈការវិនិយោគប្រកបដោយនិរន្តរភាពក្នុងវិស័យអប់រំ សាប៊ូវីសូពិសេស នឹងបន្តដឹកនាំឱ្យមានការផ្លាស់ប្តូរទៅកាន់ភាពល្អប្រសើរ ដោយប្តេជ្ញាថានឹងលើកស្ទួយដល់យុវជនកម្ពុជា ដែលមានសក្តានុភាពខ្ពស់ប៉ុន្ដែមានជីវភាពខ្វះខាត ។

សាប៊ូ វីសូ ពិសេស គឺជាម៉ាកសញ្ញានៃក្រុមហ៊ុន យូនីលឹវើ ចក្រភពអង់គ្លេស ផលិតសម្រាប់តែប្រទេសកម្ពុជា និងឈរនៅទីនេះដោយមោទនភាព ក្នុងនាមជាម៉ាកផលិតផលក្នុងស្រុក ។ សាប៊ូវីសូ ពិសេស ជាផ្នែកមួយនៃក្រុមហ៊ុន យូនីលឹវើ កម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន យូនីលឹវើ ចក្រភពអង់គ្លេសដែលបានបម្រើប្រទេសកម្ពុជាអស់រយៈពេលជាង ២២ឆ្នាំមកហើយ។ តាមរយៈយុទ្ធនាការជំរុញដោយសហគមន៍ និងផលិតផលដែលមានគុណភាពខ្ពស់ សាប៊ូ វីសូ ពិសេស បន្តធ្វើជាចំណែកនៃការរីកចម្រើនរបស់យុវជនដ៏ពូកែៗ ស្របតាមគោលការណ៍ ការបង្កើតមួយ សិស្សម្នាក់ អនាគតមួយរួមគ្នា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ