រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅថៃបានធ្វើមកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ ដោយបានប្រើអំពើហិង្សាយ៉ាងសាហាវយង់ឃ្នងក្នុងរូបភាពជាការវាយដំ ទាត់ធាក់ អុកស្វាយកាំភ្លើង ជំរិតទារប្រាក់ និងអំពើថោកទាបជាករណីរំលោភសេពសន្ថវៈ (រំលោភបូក) ដោយទាហានឈុតខ្មៅថៃចំនួន ៧នាក់ ទៅលើពលករខ្មែរជាស្ត្រី ១នាក់ ដែលករណីនេះបានកើតឡើងនៅក្នុងខេត្តចាន់បុរី នៃប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៃប្រទេសកម្ពុជានៅពេលដែលពលករខ្មែរបានធ្វើដំណើរចេញពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ខណៈពេលដែលច្រកព្រំដែនគោកកម្ពុជា-ថៃត្រូវបានបិទដោយឯកតោភាគីពីភាគីថៃ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។

បើតាមលិខិតដដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានហៅអំពើអមនុស្សធម៌ទាំងនេះ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិពលករទេសន្តរប្រវេសន៍ និងសិទ្ធិស្ត្រី ដែលមានចែងក្នុង លិខិតុបករណ៍របស់អង្គការសហប្រជាជាតិ (UN) អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ។
ជាមួយគ្នានេះ ក្រសួង បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការចាត់វិធានការផ្លូវច្បាប់ដើម្បីស្វែងរកយុត្តិធម៌ និងផ្តល់ការថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្តជូនដល់ជនរងគ្រោះតាមរយៈសេវាគាំទ្ររបស់មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ (MRC) ។
បើតាមលិខិតដដែល ក្រសួងសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី(UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធ សូមផ្តោតការយកចិត្តទុកដាក់ជាពិសេសក្នុងការតាមដាននិងជំរុញរាជរដ្ឋាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ចថៃឱ្យធ្វើការស៊ើបអង្កេតលើករណីនេះជាបន្ទាន់ប្រកបដោយតម្លាភាពសំដៅធានាឱ្យបាននូវយុត្តិធម៌ជូនជនរងគ្រោះ ដែលជាពលករទេសន្តរប្រវេសន៍ខ្មែរ ក៏ដូចជាដើម្បីការពារសិទ្ធិពលករទេសន្តរប្រវេសន៍ទាំងអស់ដែលកំពុងធ្វើការនិងស្នាក់នៅក្នុងប្រទេសថៃពីអំពើហិង្សានានា ។
ក្រសួងនឹងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការតាមដានការវិវត្តលើករណីនេះ និងករណីពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាការការពារ និងលើកកម្ពស់សិទ្ធិនិងសេចក្ដីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍ខ្មែរ ដោយអនុលោមតាមលិខិតបទដ្ឋានអន្តរជាតិ ។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមណែនាំនិងក្រើនរំលឹកសាជាថ្មីដល់ បងប្អូនពលករខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួនក្នុងការប្រឈមនឹងការរងនូវអំពើហិង្សា និង/ឬការរើសអើងនានា និងសូមជ្រើសរើសការទាក់ទងមកស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា និងអង្គការអន្តរជាតិជាដៃគូរបស់កម្ពុជា ក្នុងការធ្វើមាតុភូមិនិវត្តន៍មកមាតុប្រទេសវិញប្រកបដោយសុវត្ថិភាព។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដដែល ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ