(KANSAS CITY)៖ ហេតុការណ៍បាញ់ប្រហារនៅរដ្ឋMissouri សហរដ្ឋអាមេរិក កំឡុងពេលនៃការដង្ហែក្បួនជ័យជម្នះ Super Bowl របស់ Kansas City Chiefs បណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ និង២១នាក់បានរងរបួស ក្នុងចំណោមនោះ មានកុមារដល់ទៅ១១នាក់ ។ នេះបើយោងតាមការចុះផ្សាយរបស់BBC នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ការបាញ់ប្រហារត្រូវបានបាញ់ចេញពីស្ថានីយUnion Station ដែលជាស្ថានីយរថភ្លើងនៅ
កណ្តាលទីក្រុង Kansas ដែលនៅជិតអ្នកគាំទ្ររាប់ម៉ឺននាក់ ដែលបានប្រមូលផ្តុំគ្នាសម្រាប់ក្បួន
ដង្ហែជ័យជំនះ ។ ក្បួនដង្ហែបានបញ្ចប់នៅខាងក្រៅស្ថានីយរថភ្លើងនេះ ប្រហែលម៉ោង២រសៀលម៉ោងក្នុងស្រុក ហើយការបាញ់កាំភ្លើងបានកើតឡើងធ្វើឱ្យហ្វូងមនុស្សដែលឈរមើលរត់ចែកជើងគ្នា ដោយមានទាំងវត្តមានរបស់អភិបាលរដ្ឋ Missouri និងភរិយា ក៏ដូចជាអភិបាលក្រុង Kansas និងសមាជិកគ្រួសាររបស់គាត់ ដែលបានរត់គេចភ្លាមៗដើម្បីសុវត្ថិភាព ហើយពួកគេត្រូវបានរាយការណ៍ថា មិនមានរបួសអ្វីឡើយ ។

វីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញឱ្យឃើញក្រុមមន្ត្រីកំពុងចូលទៅក្នុងស្ថានីយរថភ្លើង បន្ទាប់ពីឮសម្លេងកាំភ្លើងចេញពីទីតាំងនោះ ហើយជនរងគ្រោះភ្លាមៗត្រូវបានគេយកទៅសង្គ្រោះនៅក្នុងរថយន្តសង្គ្រោះ ។ ក្រុមមន្ត្រីបាននិយាយថា មុនពេលការបាញ់ប្រហារមន្ត្រីប៉ូលិសជាង៨០០នាក់ ត្រូវបានដាក់ពង្រាយស្រាប់នៅកន្លែងកើតហេតុ ដើម្បីរក្សាសុវត្ថិភាពដល់ក្បួនដង្ហែរ រួមទាំងនៅលើកំពូលអគារ ដើម្បីធានាសុវត្ថិភាពដល់អ្នកគាំទ្រដែលបានប្រមូលផ្តុំ សូម្បីតែនាយកដ្ឋានសង្គ្រោះ និងពន្លត់អគ្គិភ័យក៏មានវត្តមានផងដែរត្រៀមសម្រាប់ករណីចាំបាច់ ។

ប៉ូលិសបាននិយាយថា ពួកគេបានចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធនឹងការបាញ់ប្រហារ តែមិនបានចែករំលែកព័ត៌មានណាមួយអំពីជនសង្ស័យដែលត្រូវបានចាប់ខ្លួន រួមទាំងអ្វីដែលអាចនាំឱ្យមានការបាញ់ប្រហារផងដែរ ប៉ុន្តែប្រភពបាននិយាយថា វាមិនពាក់ព័ន្ធនឹងអំពើភេរវកម្មទេ ។
មេប៉ូលិសទីក្រុង Kansas លោកស្រី Stacey Graves បាននិយាយថា ក្រុមមន្ត្រីបានឆ្លើយតបភ្លាមៗ បន្ទាប់ពីមានការផ្ទុះអាវុធ ហើយក្រុមអ្នកស៊ើបអង្កេត ដែលស្ថិតនៅកន្លែងកើតហេតុ បានបើកការស៊ើបអង្កេតភ្លាមៗ ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ មេប៉ូលិសទីក្រុង Kansas បានអះអាងថា «រឿងទាំងអស់នេះ កំពុងត្រូវបានស៊ើបអង្កេតយ៉ាងសកម្ម ដោយប្រមូលភស្តុតាងឌីជីថល និងពីសាក្សីផ្ទាល់ ដោយស្នើសុំសាក្សី ឬមនុស្សដែលមានភុស្តតាងព័ត៌មានផ្សេងសូមរាយការណ៍ទៅសមត្ថកិច្ច។

អ្នកនាំពាក្យសុខភាពសាកលវិទ្យាល័យ Nancy Lewis ប្រចាំទីក្រុង Kansas បាននិយាយថា មន្ទីរពេទ្យកំពុងព្យាបាលជនរងគ្រោះដោយគ្រាប់កាំភ្លើងចំនួនប្រាំបីនាក់ ក្នុងនោះ ពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងប្រាំមួយនាក់ស្ថិតក្នុងស្ថានភាពមានស្ថិរភាព ។ ក្រុមគ្រូពេទ្យ ក៏កំពុងព្យាបាលជនរងគ្រោះផ្សេងទៀត ដែលបានរងរបួសដោយសារតែការរត់ជាន់គ្នាក្នុងពេលចលាចលដែលកើតឡើងបន្ទាប់ពីការបាញ់ប្រហារនោះ ។

អភិបាលក្រុង Kansas City លោក Quinton Lucas បាននិយាយថា គាត់ស្ថិតនៅក្នុងស្ថានីយ Union នៅពេលដែលគាត់ និងអ្នកដទៃបានឮសំឡេងកាំភ្លើង ហើយចាប់ផ្តើមរត់។ លោកអភិបាលក្រុង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា «ខ្ញុំមានការខូចចិត្ត និងខកចិត្តជាខ្លាំង ដែលការប្រារព្ធពិធីបានបញ្ចប់ដោយការបាញ់ប្រហារយ៉ាងសាហាវ ។

លោកអភិបាលក្រុងសង្កត់ធ្ងន់ថា ទីក្រុងបានដាក់ចេញវិធានការសន្តិសុខនៅនឹងកន្លែង ប៉ុន្តែទោះបីមានការរឹតបន្តឹងសុវត្ថិភាពយ៉ាងណាក៏ដោយ ក៏ឧប្បត្តិហេតុបែបនេះនៅតែកើតឡើង ។ គាត់បាននិយាយថា សាធារណជនគួរតែគិតឱ្យបានស៊ីជម្រៅអំពីផ្លូវឆ្ពោះទៅមុខ ខ្ញុំមិនចង់ឱ្យប្រជាជនអាមេរិក ត្រូវភ័យព្រួយបារម្ភពីហេតុការណ៍បាញ់ប្រហារនៅពេលដែលពួកគេចូលរួមព្រឹត្តិការណ៍ធំៗនោះឡើយ» ។

គួរកត់សម្គាល់ថា ទីក្រុង Kansas បានតស៊ូជាមួយអំពើហិង្សាដោយកាំភ្លើងជាយូរមកហើយ កាលពីនៅឆ្នាំ២០២០ ទីក្រុងនេះស្ថិតក្នុងចំណោមទីក្រុងចំនួន៩ ដែលត្រូវបានកំណត់គោលដៅដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ក្រាបឧក្រិដ្ឋកម្មហិង្សា ។ នៅឆ្នាំ២០២៣ទីក្រុងនេះបានឈានដល់កំណត់ត្រាមួយដែលមានអំពើមនុស្សឃាតចំនួន ១៨៣ករណីដែលភាគច្រើនពាក់ព័ន្ធនឹងកាំភ្លើង ៕ អត្ថបទ៖អោម ចែតច័ន្ទណារ៉ា









ចែករំលែកព័តមាននេះ