ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌមានជ័យ ចុះ​បង្ក្រាប​ទីតាំង​បើក​លេងល្បែង​ខុសច្បាប់ ក្នុង​អគារ R&F

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ បាន​ចុះ​បង្ក្រាប​ទីតាំង​លេងល្បែង ចុះ​បង្ក្រាប​ល្បែង​ហ្គេ​ម​ខុសច្បាប់ ១​កន្លែង ក្នុង​អគារ…

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ បាន​ចុះ​បង្ក្រាប​ទីតាំង​លេងល្បែង ចុះ​បង្ក្រាប​ល្បែង​ហ្គេ​ម​ខុសច្បាប់ ១​កន្លែង ក្នុង​អគារ R&F ស្ថិត​នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់ ខណ្ឌមានជ័យ នេះ​បើ​តាម​លោក សេង គន្ធ អភិបាលរង ខណ្ឌមានជ័យ ។

ប្រតិបត្តិ​ការណ៍​នេះ ធ្វើ​ឡើងបន្ទាប់​ពី​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ក៏​ដូច​ជា​ប្រធាន​ផ្សារ​ទាំង​២៥ គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ មាននៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឡើយ ។

ការ​ដាក់​បទបញ្ជា​បែប​នេះ របស់​លោក ឃួ​ង ស្រេង បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​អភិបាល​ខណ្ឌ​ទាំង​១៤ និង​ប្រធាន​ផ្សារ​ទាំង​២៥ នា​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​សាលា​រាជធានី​ភ្នំពេញ ពោល​គឺ​ក្រោយ​ពី​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ដាក់​បទបញ្ជា​ភ្លាម ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ចំពោះ​អាជីវកម្ម​ឆ្នោត​ផ្សងសំណាង ចំនួន​១០ ក្រុមហ៊ុន ក្នុង​នោះ​ក្រុមហ៊ុន​ឆ្នោត​ផ្សងសំណាង​ចំនួន​៦ ស្មើនឹង​ជាង​៦០​ទីតាំង ដែល​ហួស​សុពលភាព គឺ​មិន​អនុញ្ញាត​ឲ្យ​បន្ត​បើក​អាជីវកម្ម​ទៀត​ទេ​។ ប៉ុន្តែ​បើ​ក្រុមហ៊ុន​ទាំងនោះ នៅ​តែ​បន្ត​អាជីវកម្ម​របស់​ខ្លួន អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ធ្វើការ​បង្ក្រាប​ជា​បន្ទាន់ ព្រោះ​ជាទី​តាំង​ដែល​ខុសច្បាប់ ហើយ​ចំពោះ​ទីតាំង​ថ្មី គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​ទៀត​ទេ ។

លោក ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា តាម​ជុំវិញ​ផ្សារ សាលារៀន គឺ​មិន​អោយ​មាន​ដាច់ខាត ចំពោះ​ល្បែងស៊ីសង​ខុស​គ្រប់​ប្រភេទ បើ​មាន​លួច​បើក​ល្បែងស៊ីសង​ខុសច្បាប់​ទាំងនេះ គឺ​ត្រូវ​តែ​បង្ក្រាប​ភ្លាម​តែ​ម្តង ។

បន្ថែម​ពី​នេះ​ទៀត លោក ឃួ​ង ស្រេង ជម្រុញ​អោយ​បន្ត​បង្កើត Group Telegram ក្រុមការងារ​ត្រួតពិនិត្យ និង​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ នៅ​រាជធានី​ភ្នំពេញ ដោយ​ក្រុមការងារ​នេះ ត្រូវ​មាន​របាយការណ៍​ប្រចាំ​ថ្ងៃ​ជូន អភិបាល​រាជធានី​ភ្នំពេញ ។

ចំពោះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ខណ្ឌ​ទាំង​១៤ ត្រូវ​រៀបចំ​ប្រជុំ​បន្ទាន់ ដើម្បី​ដាក់​ផែនការ​ចុះ​ត្រួតពិនិត្យ​លិខិតអនុញ្ញាត​ទីតាំង​អាជីវកម្ម​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅ​ភ្នំពេញ ទីតាំង​ដែល​លិខិតអនុញ្ញាត​ផុត​សុពលភាព​ត្រូវ​បិទ​ជា​បន្ទាន់ ទីតាំង​ដែល​មាន​អាជ្ញា​បណ្ណ​ពី គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា តែ​គ្មាន​លិខិតអនុញ្ញាត​ទីតាំង​ក៏​ត្រូវ​បិទ ទីតាំង​ដែល​នៅ​សល់​សុពលភាព លិខិតអនុញ្ញាត​ទីតាំង ត្រូវ​រង់ចាំ​ដល់​ផុត​សុពល រួច​ចុះ​បិទ​ដែរ បញ្ឈប់​ការ​បន្ត​សុពលភាព​លិខិតអនុញ្ញាត​ទីតាំង និង​ចេញ​លិខិតអនុញ្ញាត​ទីតាំង​ថ្មី ។

គួរ​បញ្ជាក់​ថា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​២០២៣ នៃ​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៤ នា​ព្រឹ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ សម្ដេច​បាន​ចេញ​បទបញ្ជា​ឱ្យ​ផ្អាក​រាល់​ការ​ចេញ​អាជ្ញាប័ណ្ណ ឬ​ការ​ផ្ដល់​សិទ្ធិ​បើក​ទីតាំង​ល្បែង​ផ្សងសំណាង​នៅ​តាម​មូលដ្ឋាន ។

ជាមួយ​គ្នា​នេះ សម្ដេច​ធិ​បតី បាន​ណែនាំ​ឱ្យ​គណៈកម្មការ​គ្រប់គ្រង​ល្បែងស៊ីសង​កម្ពុជា ចំណុះ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​ប្រជុំ​ជា​បន្ទាន់ ជាមួយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ រួម​ទាំង​បណ្ដា​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ពិនិត្យ​ឡើង​វិញ និង​រៀបចំ​ឡើង​វិញ នូវ​គោលការណ៍ និង​វិធានការ​គ្រប់គ្រង​ល្បែង​ផ្សងសំណាង​នានា នៅ​ទូ​ទាំង​ប្រទេស ។

ក្នុង​ន័យ​នេះ សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​ដាក់​បទបញ្ជា​ដល់​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ ចាត់វិធានការ​ជា​បន្ទាន់ ដើម្បី​ត្រួតពិនិត្យ​ទីតាំង​ល្បែង​ផ្សងសំណាង​នៅ​តាម​មូលដ្ឋាន​នៃ​ដែន​សមត្ថកិច្ច​របស់​ខ្លួន ក្នុង​ករណី​មាន​បន្ត​បើក​ថ្មី​ៗ​ទៀត សូម​ចាត់វិធានការ​បិទ​ជា​បន្ទាន់ ហើយ​រាយការណ៍​មក​សម្ដេច ដើម្បី​ចាត់វិធានការ​បន្ត ដែល​អាច​ឈាន​ដល់​ការ​ដក​អាជ្ញា​បណ្ណ​នៅ​ក្នុង​ខេត្ត ឬ​នៅ​ទូ​ទាំង​ប្រទេស​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ