ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូណេស៊ីអនុវត្តការយកពន្ធពីភ្ញៀវទេសចរបរទេសទៅលេងកោះបាលី ចំថ្ងៃពិសេស

2 ខែ មុន

ឥណ្ឌូណេស៊ី ៖ អាជ្ញាធររបស់ប្រទេសឥណ្ឌូណេស៊ីបានប្រកាសថា ភ្ញៀវទេសចរបរទេសទាំងអស់ត្រូវបង់

ឥណ្ឌូណេស៊ី ៖ អាជ្ញាធររបស់ប្រទេសឥណ្ឌូណេស៊ីបានប្រកាសថា ភ្ញៀវទេសចរបរទេសទាំងអស់ត្រូវបង់ពន្ធចំនួន១៥០,០០០រូពី ស្មើនឹង១០ដុល្លារអាម៉េរិកក្នុងម្នាក់ ដើម្បីអាចចូលមកកម្សាន្តលើកោះបាលី ដែលជាកោះគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ពិភពលោក។ ការគិតពន្ធលើភ្ញៀវទេសចរបរទេស ត្រូវបានអាជ្ញាធរអះអាងថា ស្ថិតក្នុងគោលបំណងការពារបរិស្ថាន និងវប្បធម៌របស់កោះ។ នេះបើយោងតាមប្រភពពី BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

កោះបាលីត្រូវបានទទួលស្គាល់ថា ឆ្នេរដ៏បរិសុទ្ធ ក៏ដូចជាទេសភាពដ៏ស្រស់ស្អាតបំផុតមួយក្នុងចំណោមទីតាំងឆ្នេរកម្សាន្តល្បីៗផ្សេងទៀត នៅជុំវិញពិភពលោក។ ទិន្នន័យផ្លូវការបង្ហាញថា ភ្ញៀវទេសចរជិត៤.៨លាននាក់បានទៅកម្សាន្តកោះមួយនេះ នៅចន្លោះខែមករាដល់ខែវិច្ឆិកា កាលពីឆ្នាំមុន។

ពន្ធទេសចរណ៍ដែលត្រូវបានប្រកាសជាលើកដំបូង កាលពីឆ្នាំមុនបានចូលជាធរមានចាប់ពីថ្ងៃទី១៤ ខែកុម្ភៈតទៅ ពោលគឺចំថ្ងៃទិវានៃក្ដីស្រឡាញ់ ដោយអនុវត្តចំពោះភ្ញៀវទេសចរបរទេសតែប៉ុណ្ណោះ។ អ្នកធ្វើដំណើរត្រូវបានជំរុញឱ្យបង់ប្រាក់មុនពេលមកដល់កោះ តាមរយៈគេហទំព័រដែលមានឈ្មោះថា «Love Bali» ។

ទេសចរណ៍បានរួមចំណែកប្រហែល ៦០% ដល់ GDP ប្រចាំឆ្នាំរបស់កោះបាលី មុនពេលផ្ទុះជំងឺរាតត្បាតកូវីដ-១៩។ យោងតាមការិយាល័យស្ថិតិរបស់ខេត្តបានបង្ហាញថា ប្រទេសអូស្ត្រាលីគឺជាអ្នករួមចំណែកដ៏ធំបំផុតនៃភ្ញៀវទេសចរបរទេសមកកាន់កោះបាលី នៅក្នុងខែវិច្ឆិកា កាលពីឆ្នាំមុន ជាមួយនឹងការមកដល់ជាង១០ម៉ឺននាក់ តាមពីក្រោយប្រទេសឥណ្ឌា ចិន និងសិង្ហបុរី។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ភ្ញៀងទេសចរដែលមានអាកប្បកិរិយាមិនសមរម្យនៅកោះបាលីបានធ្វើឱ្យអ្នកស្រុកមិនសប្បាយចិត្តយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាក់ស្តែង កាលពីខែមីនាកន្លងទៅ បុរសជនជាតិរុស្សីម្នាក់ត្រូវបាននិរទេសចេញពីកោះបាលី បន្ទាប់ពីបានចុះពីលើភ្នំអាហ្គុង (Agung) ដែលគេជឿថាជាផ្ទះរបស់ព្រះ។ បន្ទាប់មកទៀត នៅក្នុងខែដដែលនេះ អាជ្ញាធរបានប្រកាសថា ពួកគេគ្រោងនឹងហាមឃាត់ភ្ញៀវទេសចរបរទេសមិនឱ្យប្រើប្រាស់ម៉ូតូ បន្ទាប់ពីមានករណីពាក់ព័ន្ធនឹងមនុស្សល្មើសច្បាប់ចរាចរណ៍។ កាលពីឆ្នាំ ២០២១ ភាពចលាចលក៏បានកើតឡើងនៅពេលដែលវីដេអូរយៈពេល៣នាទីបានផ្សព្វផ្សាយអំពីគូស្នេហ៍ជនជាតិរុស្សីកំពុងរួមភេ.ទនៅលើភ្នំបាទូ (Batur) ដែលជាទីតាំងបរិសុទ្ធមួយផ្សេងទៀត។

ការប្រកាសអំពីការយកពន្ធលើភ្ញៀវទេសចរបរទេស បានធ្វើឡើងនៅថ្ងៃតែមួយដែលប្រជាជនឥណ្ឌូណេស៊ីរាប់លាននាក់បានទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ស្របពេលដែលប្រជាជនជាង២០០លាននាក់ នៅលើកោះចំនួន ១៧,០០០ របស់ប្រទេសឥណ្ឌូណេស៊ីមានសិទ្ធិបោះឆ្នោត៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ