រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោកចៅក្រមសាលាក្តីខ្មែរក្រហមកាលពីថ្ងៃទី៣០ ឧសភា ២០១១ ដែលកោះសន្តិភាពទទួលបានឱ្យដឹងថា អនុលោមតាមវិធានការ៥៦ (៣) (ក) នៃវិធានផ្ទៃក្នុងសហចៅក្រមនៃសាលាក្តីសូមផ្តល់ព័ត៌មានដូចខាងក្រោម។
សហចៅក្រមសាលាក្តីបន្តថា ១-គិតមកត្រឹមថ្ងៃទី១៨ ឧសភា ២០១១ អង្គភាពគាំពារជនរងគ្រោះបានទទួលពាក្យសុំតាំងខ្លួនជា ដើម្បីបណ្តឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿង០០៣ ចំនួន៣១៨ ពាក្យសុំ ។ ២-ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី និងត្រូវពិនិត្យដោយអង្គភាពគាំពារជនរងគ្រោះដោយអនុលោមតាមសេចក្តីណែនាំអនុវត្តស្តីពីការចូលរួមរបស់ជនរងគ្រោះមុននឹងបញ្ជូនមកការិយាល័យសហចៅក្រមស៊ើបអង្កេត ។ ដោយយោងទៅលើវិធាន២៣ស្ទួន (២) និង (៣) នៃវិធានផ្ទៃក្នុងសហចៅក្រម និងធ្វើការសម្រេចលើភាពអាចទទួលបាននៃពាក្យសុំទាំងនេះយ៉ាងយូរបំផុតនៅពេលចេញដីកាដោះស្រាយ ។
សហចៅក្រមសាលាក្តីបន្តថា ៣-សហចៅក្រមស៊ើបអង្កេតបានទទួលសំណើមួយរបស់សហព្រះរាជអាជ្ញាសុំឱ្យមានការពន្យារថេរវេលានៃការដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ចំនួន៦សប្តាហ៍ ។ សេចក្តីសម្រេចអំពីការស្នើសុំនេះនឹងត្រូវធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ។ ៤-អនុលោមតាមវិធាន៦៧.១នៃវិធានផ្ទៃក្នុងនៅចុងបញ្ចប់នៃការស៊ើបសួរចៅក្រមស៊ើបអង្កេតនឹងធ្វើការបង្ហាញនូវអង្គហេតុពាក់ព័ន្ធទាំងអស់ក៏ដូចអំពីការវាយតម្លៃផ្នែកច្បាប់នៃអង្គហេតុនៅក្នុងដីកាដំណោះស្រាយមួយដែលមានសំអាងហេតុត្រឹមត្រូវ ។ ដីកាដំណោះស្រាយគឺជាដីកាសម្រេចមួយដែលនឹងធ្វើជាសាធារណៈ ដូច្នេះគ្រប់បុគ្គលដែលមានចំណាប់អារម្មណ៍អាចចូលរួមដំណើរការរបស់សាលាក្តី៕
ចែករំលែកព័តមាននេះ