ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ចិន​៣​ថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍​ផ្ដាច់ជីវិត​មនុស្ស​២៣​នាក់ របួស​៤១​នាក់

10 ខែ មុន

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍ បាន​ផ្ដាច់ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ២៣​នាក់ ត្រឹមតែ​រយៈពេល​៣​ថ្ងៃ ចូល​ឆ្នាំ​ចិន​ចុង​ស​ប្ដា​ហ៍​នេះ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៩ ដល់ទី​១១ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍ បាន​ផ្ដាច់ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ២៣​នាក់ ត្រឹមតែ​រយៈពេល​៣​ថ្ងៃ ចូល​ឆ្នាំ​ចិន​ចុង​ស​ប្ដា​ហ៍​នេះ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៩ ដល់ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៤ ។

លោក ទូច សុ​ឃៈ (​សុខៈ​) អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ​បាន ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ចំនួន ២៣​នាក់ បាន​ស្លា​.​ប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​សរុប​ចំនួន ៣៥​ករណី នៅ​ទូ​ទាំង​ប្រទេស ។

អ្នកនាំពាក្យ​រង​រូប​នេះ ក្រៅពី​បណ្ដាល​ឱ្យ​ស្លា​.​ប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៣​ថ្ងៃនេះ ក៏​បាន​បណ្ដាល​ឱ្យ​មាន​របួស​ចំនួន​៤១​នាក់​ផង​ដែរ ទាំង​របួសធ្ងន់​និង​ស្រាល ដែល​មក​ដល់​ពេល​នេះ មាន​ខ្លះ​កំពុង​ទទួល​ការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​នៅឡើយ ខ្លះ​កំពុង​សម្រាក​ព្យាបាល​តាម​ផ្ទះ ។

ជា​ការ​កត់សម្គាល់​លោក ទូច សុ​ឃៈ (​សុខៈ​) បញ្ជាក់​ថា ថ្ងៃ​ទី​១១ ជា​ថ្ងៃ​ទី​១ កើត​គ្រោះថ្នាក់​ច្រើន​ជាងគេ មាន​ចំនួន​១៤​ករណី បណ្ដាល​ឱ្យ​ស្លាប់​ចំនួន​៩​នាក់ និង​របួស​២៤​នាក់​។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១០ ជា​ថ្ងៃ​កណ្ដាល មាន​អ្នក​ស្លាប់​ចំនួន​៨​នាក់ និង​របួស​៦​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​សរុប​១០​ករណី​។ ចំណែក​ថ្ងៃ​ទី​៩ ជា​ថ្ងៃ​ដំបូង មាន​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​១១​ករណី ស្លាប់​៦​នាក់ និង​របួស​១១​នាក់ ។

អ្នកនាំពាក្យ​រង បន្ត​ទៀត​ថា បញ្ហា​ចរាចរណ៍​នៅ​តែ​ជា​កង្វល់ ដែល​ត្រូវ​ពង្រឹង​ច្បាប់​មិន​អាច​ដើរ​ថយក្រោយ​។ លោក​ថា បញ្ហា​នេះ​ជា​របៀបវារៈ​អាទិភាព​មួយ ក្នុង​ចំណោម​ទិស​ដៅ​អាទិភាព​ទាំង​៦ (​បញ្ហា​គ្រឿងញៀន បញ្ហា​ចរាចរណ៍ បញ្ហា​បទល្មើស​ព្រហ្មទណ្ឌ​នានា ករណី​ក្មេង​ទំនើង ការ​ជួញដូរ​មនុស្ស និង​បញ្ហា​នានា​តាម​បន្ទាត់​ព្រំដែន​ទាំង​គោក​និង​ទឹក​) របស់​ក្រសួងមហាផ្ទៃ​។ ប្រតិបត្តិ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​មហា​វរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាក់​បទបញ្ជា​ឱ្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បង្កើន​ការ​រឹត​បន្តឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក នៅ​ទូ​ទាំង​ប្រទេស ជា​ពិសេស​ការ​ត្រួតពិនិត្យ​ជាតិ​អាល់កុល​នៅ​ពេល​យប់ ។

លោក ទូច សុ​ឃៈ (​សុខៈ​) បាន​លើក​ឡើង​អំពី​ប្រសាសន៍​របប​ស់​ប្រមុខ​ក្រសួងមហាផ្ទៃ​កម្ពុជា ពោល​គឺ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី តែង​បាន​ណែនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រដ្ឋបាល​រាជធានី ខេត្ត ជា​ពិសេស​កម្លាំង​នគរបាល​ចរាចរណ៍​គ្រប់​គោលដៅ មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​អនុវត្ត​ច្បាប់​ប្រកបដោយ​ក្រមសីលធម៌ និង​វិន័យ​កងកម្លាំង ក្នុង​នោះ​សម្រាប់​មូលដ្ឋាន​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ច្រើន​កាលពី​ឆ្នាំ​២០២៣ ដូច​ជា​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង តាកែវ ព្រះ​សីហ​នុ កោះកុង ឧត្តរមានជ័យ ព្រះ​វិហារ ត្បូងឃ្មុំ និង​ខេត្ត​ប៉ៃលិន ត្រូវ​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​ឆ្នាំ​២០២៤ នេះ ឱ្យ​មាន​ប្រសិទ្ធភាព​។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ជំរុញ​ឱ្យ​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​រាជធានី ខេត្ត បន្ត​យកចិត្ត​ទុក​លើ​ការ​បើកបរ​លើស​ល្បឿន​កំណត់ ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងញៀន​ឬ​គ្រឿង​ស្រវឹង ការ​បិទ​កញ្ចក់​ពណ៌​លើ​កញ្ចក់​រថយន្ត​ធំ ការ​រត់គេច​ខ្លួន​ក្រោយ​ពេល​បង្ក​គ្រោះថ្នាក់ និង​បណ្តា​ករណី​ល្មើស​បង្ក​គ្រោះថ្នាក់​ផ្សេង​ៗ​ទៀត ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ ឱ្យ​បាន​ម៉ឺងម៉ាត់​ដោយ​គ្មាន​ការ​លើកលែង ជា​ពិសេស ត្រូវ​ឃាត់ខ្លួន​ជន​បង្ក​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។

នៅ​ឆ្នាំ​២០២៣ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ទូ​ទាំង​ប្រទេស​សរុប ៣,៣១៧​លើក (​យប់​៥៥%) បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​១,៥៩០​នាក់ និង​របួស​៤,៥១៥​នាក់ (​ធ្ងន់​២,៧៦៦​នាក់​)​។ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានឱ្យ​ដឹង​ថា​មូលហេតុ​ចម្បង​នៃ​គ្រោះថ្នាក់​ទាំងនោះ មាន​ដូច​ជា បើកបរ​ល្មើស​ល្បឿន មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ​ប្រជែង​គ្រោះថ្នាក់ កត្តា​យាន និង​ស្រវឹង​ជាដើម​។ ក្នុង​ចំណោម​អ្នក​ស្លាប់​សរុប មាន​អ្នក​ជិះ​ម៉ូតូ ៨០% ក្នុង​នោះ​ជិះ​ម៉ូតូ​មាន​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន​៦៩% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ