ទីក្រុងយេរូសាឡឹម៖ អ៊ីស្រាអែលថ្លែងថាខ្លួនរំដោះបានចំណាប់ខ្មាំងពីរនាក់កាលពីព្រឹកមិញនៅក្នុងយុទ្ធនាការវាយឆ្មក់មួយទៅលើមូលដ្ឋានរបស់ក្រុមហាម៉ាស់នៅតំបន់រ៉ាហ្វា (Rafah)។ ចំណាប់ខ្មាំងម្នាក់អាយុ៦០ឆ្នាំ និងម្នាក់ទៀតអាយុ៧០ឆ្នាំត្រូវក្រុមហាម៉ាស់ចាប់យកទៅបង្ខាំងទុកអស់រយៈពេល១២៨ថ្ងៃមកហើយចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
ពួកគាត់មានសុខភាពល្អជាធម្មតា ហើយត្រូវគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ នេះបើយោងតាមការបញ្ជាក់របស់កងទ័ពអ៊ីស្រាអែល។ ការរំដោះចំណាប់ខ្មាំងលើកនេះជាលទ្ធផលនៃការបើកប្រតិបត្តិការរួមគ្នារវាងកងកម្លាំងពិសេសអ៊ីស្រាអែល និងនគរបាលអ៊ីស្រាអែល។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលអបអរសាទរការទទួលបានជោគជ័យនៅក្នុងបេសកកម្មលើកនេះ។ គាត់បង្ហោះសារនៅលើទ្វីតថឺថាគាត់ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបន្តតាមដានប្រតិបត្តិការនេះដោយយកចិត្តទុកដាក់។
ចំណាប់ខ្មាំងទាំង២នាក់ត្រូវក្រុមហាម៉ាស់ចាប់ពង្រត់ចេញពីតំបន់កៀកព្រំដែនរវាងអ៊ីស្រាអែល និងតំបន់ហ្កាហ្សា។ ដំណឹងស្ដីពីការរំដោះចំណាប់ខ្មាំងនេះកើតឡើងនៅពេលកងទ័ពជើងគោកវាយលុកចូលតំបន់រ៉ាហ្វា និងបណ្ដាលឱ្យស្លាប់មនុស្សជាង៦០នាក់។ ទីនេះជាគោលដៅវាយប្រហារថ្មីបំផុតដោយយោងតាមការសង្កេតរបស់អឌ្ឍចន្ទក្រហមប៉ាឡេស្ទីន។
វិហារឥស្លាម២កន្លែង និងផ្ទះរបស់អ្នកស្រុករាប់សិបខ្នងរងការវាយប្រហារ។ អ៊ីស្រាអែលទទួលស្គាល់ថាពិតជាមានការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើគោលដៅមួយចំនួននៃតំបន់រ៉ាហ្វាមែន។ ទីនេះជាកន្លែងជ្រកកោនចុងក្រោយរបស់ជនស៊ីវិលប៉ាឡេស្ទីនដែលរត់គេចខ្លួនពីភាគខាងត្បូងមកសម្ងំនៅទីនោះ។ គេជឿជាក់ថាជនជាតិប៉ាឡេស្ទីនជាង១,៣លាននាក់កំពុងរស់នៅតំបន់រ៉ាហ្វា។ ភាគច្រើនជាអ្នកដែលរត់ចេញពីតំបន់ហ្កាហ្សា។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។
ឥឡូវនេះ បើរ៉ាហ្វាដែលជាកន្លែងចុងក្រោយក៏ត្រូវទាហានអ៊ីស្រាអែលវាយប្រហារដែរ ដូច្នេះ ពួកប៉ាឡេស្ទីនអស់ទីកន្លែងសម្រាប់ជ្រកកោនតទៅទៀតហើយ។ ទីនេះនៅជាប់នឹងព្រំដែនប្រទេសអេហ្ស៊ីបតែម្ដង។ ដូច្នេះ បើស្ថានការណ៍ពុះកញ្ជ្រោលកាន់តែខ្លាំងដល់ដំណាក់កាលអត់ទ្រាំលែងបាន ពួកគេប្រហែលជាគ្មានជម្រើសអ្វីក្រៅពីរត់ចូលទឹកដីអេហ្ស៊ីបនោះទេ។ អេហ្ស៊ីបក៏ធ្លាប់គិតអំពីសេណារីយោនេះតាំងពីយូរមកហើយ ហើយបានបិទច្រកព្រំដែនជិតឈឹងតាំងពីច្រើនខែមុនមកម៉្លេះ។
តាំងពីមុនពេលអ៊ីស្រាអែលវាយចូលតំបន់រ៉ាហ្វា (Rafah) សហគមន៍អន្តរជាតិប្រកាសជាបន្តបន្ទាប់កុំឱ្យអ៊ីស្រាអែលធ្វើបែបនេះ។ ប្រមុខដឹកនាំអ៊ីស្រាអែល លោកណឺតាន់យ៉ាហ៊ូ ច្រានចោលការព្រួយបារម្ភ ឬការរិះគន់ទាំងនោះ។ គាត់និយាយថាការអំពាវនាវឱ្យអ៊ីស្រាអែលកុំវាយលុកចូលតំបន់រ៉ាហ្វាមានន័យថាប្រាប់ឱ្យអ៊ីស្រាអែលទម្លាក់អាវុធចុះចាញ់។ ប៉ុន្តែលោកណឺតាន់យ៉ាហ៊ូក៏បានសន្យាថានឹងបង្កើតច្រកសុវត្ថិភាពសម្រាប់ធ្វើជាកន្លែងស្នាក់អាស្រ័យរបស់ជនស៊ីវិល។ លោកនិយាយតែប៉ុណ្ណឹងដោយមិនបានធ្វើអត្ថាធិប្បាយលម្អិតអំពីផែនការនេះទេ៕
ប្រភព៖ CNN
https://edition.cnn.com/2024/02/12/middleeast/israel-hostages-rescued-gaza-rafah-intl-hnk/index.html
ចែករំលែកព័តមាននេះ