ខេត្តស្វាយរៀង ៖ ម្ចាស់រថយន្តដឹកខ្សាច់ចំនួន១៥គ្រឿង បានធ្វើកូដកម្មដោយឱ្យអ្នកបើកបររថយន្តចុះចោលដៃចង្កូតទុករថយន្តចោលបន្តបន្ទាប់គ្នានៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ កាលពីថ្ងៃទី២៩ ឧសភា តាំងពីវេលាម៉ោង៩ព្រឹករហូតដល់ម៉ោង៩យប់ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ចរាចរណ៍សាធារណៈ តែត្រូវក្រុមសមត្ថកិច្ចចម្រុះអូសយកទៅមន្ទីរសាធារណការ ។
ទាក់ទិននឹងករណីខាងលើ លោកព្រំ ជូ ប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុមត្រួតពិនិត្យចម្រុះ បានប្រាប់កោះសន្តិភាពថា ក្រុមចម្រុះរបស់លោកមានភារកិច្ចត្រួតពិនិត្យលក្ខណៈបច្ចេកទេស ប័ណ្ណបើកបរ ប័ណ្ណសម្គាល់យានយន្ត ស្លាកលេខ លិខិតអនុញ្ញាតធ្វើអាជីវកម្ម និងការផ្ទុកទំនិញលើសទម្ងន់ ។
នៅថ្ងៃទី២៩ ឧសភា គឺជាការចុះត្រួតពិនិត្យលើកទី១ក្នុងគោលបំណង ទី១-ត្រួតពិនិត្យយានយន្តដែលខ្វះសំណុំឯកសារ ដើម្បីពញ្ញាក់អារម្មណ៍ម្ចាស់រថយន្តឱ្យចូលមកត្រួតពិនិត្យ ទី២-ធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរ ទី៣-សំណូមពរឱ្យម្ចាស់យានយន្តបំពេញសំណុំបែបបទ រថយន្តឱ្យបានគ្រប់គ្រាន់មុនធ្វើចរាចរណ៍លើផ្លូវសាធារណៈ។ ផ្ទុយទៅវិញ បែរជាអ្នកបើកបររថយន្តគេចវេះ មិនឱ្យសមត្ថកិច្ចត្រួតពិនិត្យ ហើយចតរថយន្តទុកចោលផ្លូវជាតិលេខ១ យា៉ាងអនាធិបតេយ្យធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ចរាចរណ៍សាធារណៈ ។
ក្រោយពេលពិនិត្យឃើញថា ទី១-អ្នកបើកបររថយន្តមួយចំនួនគ្មានប័ណ្ណបើកបរ ទី២-រថយន្តគ្មានស្លាកលេខ ដោយយកស្លាកឡូហ្គោ ក្រសួងការពារជាតិមកបិទនៅខាងមុខរថយន្ត និងទ្វាររថយន្ត ជំនួសស្លាកលេខចំនួន៦គ្រឿង និងកញ្ចក់រ៉ែបាន់ ទី៣-គ្មានលិខិតអនុញ្ញាតធ្វើអាជីវកម្ម ទី៤-គ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស ទី៥-ផ្ទុកទំនិញលើសទម្ងន់។ ហេតុនេះហើយ ទើបក្រុមសមត្ថកិច្ចរបស់លោករួមមាន ប៉ូលិសចរាចរខេត្ត កងរាជអាវុធហត្ថ ចាប់បង្ខំត្រូវយករថយន្តល្មើសទាំងអស់មកកាន់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តធ្វើការត្រួតពិនិត្យ និងអប់រំអ្នកបើកបរ និងម្ចាស់រថយន្តអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងណែនាំឱ្យអ្នកបើកបរមកប្រឡងដៃចង្កូតយកប័ណ្ណបើកបរ ។ ទី៥-ម្ចាស់យានយន្តត្រូវតែបំពេញសំណុំបែបបទ លិខិតអនុញ្ញាតធ្វើអាជីវកម្ម វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស ហើយធ្វើស្លាកលេខ រួចថ្លឹងរថយន្តធ្វើកិច្ចសន្យាផាកពិន័យរួចឱ្យត្រឡប់ទៅវិញ ។
លោកព្រំ ជូ បានបញ្ជាក់ដែរថា រថយន្តបិទស្លាកឡូហ្គោ ក្រសួងការពារជាតិមាន៦គ្រឿង មានចំណុះក្នុងច្បាប់២៥តោន ទៅ៣០តោន ប៉ុន្តែគេផ្ទុកទំនិញជាក់ស្តែងរហូតដល់៤៥តោន ។ ចំពោះរថយន្តឈ្នួលធុនទួរីស១៥កៅអី២គ្រឿង អ្នកបើកបរគ្មានប័ណ្ណបើកបរ ដែលជាការធ្វេសប្រហែសរបស់អ្នករត់តាក់ស៊ី និងអ្នកបើកបរ ដូច្នេះហើយទើបធ្វើឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ដែលនាំឱ្យមានការរឹតបន្តឹងនិងចេញធម៌ក្តៅទៅលើអ្នកបើកបរ និងម្ចាស់យានយន្តគ្រប់ប្រភេទ ។ អ្វីដែលជាការពិបាកនោះគឺរថយន្តធុនធំដឹកថ្មដឹកខ្សាច់ ដឹកដី ដឹកស៊ីម៉ង់ត៍។ល។ ពិបាកក្នុងការត្រួតពិនិត្យដោយអ្នកបើកបរភាគច្រើនមិនកាន់លិខិតឯកសារមកជាមួយទេ ឯកសារនៅឯថៅកែខ្នងក្រាស់ៗ ទើបពេលត្រួតពិនិត្យម្តងៗអ្នកបើកបរបង្កការលំបាកឱ្យសមត្ថកិច្ចទម្រាំដោះស្រាយចេញស្ទះការងារមួយថ្ងៃឬពីរថ្ងៃ តែពេលនេះលោកអភិបាលខេត្តចេញបទបញ្ជាក្តៅលែងរើសមុខហើយ ៕
ចែករំលែកព័តមាននេះ