ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​សប្បាយចិត្ត និង​អរគុណ​សម្តេច​ធិ​បតី ដែល​ចរចា​ឱ្យ​ភាគី​ថៃ មិន​យក​ថ្លៃ​ទិដ្ឋាការ​ ចេញ​-​ចូល រយៈពេល​ពេញ​មួយ​ខែមេសា

10 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​ប្រទេស​ថៃ​សប្បាយចិត្ត និង​ចេញ​សារ​ថ្លែងអំណរគុណ​យ៉ាង​ផុសផុល​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ចរចារ​ជាមួយ​រាជរដ្ឋាភិបាល​ថៃ ក្នុង​ការ​មិន​យក​ថ្លៃ​លើ​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក (Re-Entry) ក្នុង​អំឡុង​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ​។ ការ​ចេញ​សារ​ថ្លែងអំណរគុណ​បែប​នេះ​បន្ទាប់​ពី​សម្តេច​មហា​បវរ​ធិ​បតី…

រាជធានីភ្នំពេញ៖ ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​ប្រទេស​ថៃ​សប្បាយចិត្ត និង​ចេញ​សារ​ថ្លែងអំណរគុណ​យ៉ាង​ផុសផុល​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ចរចារ​ជាមួយ​រាជរដ្ឋាភិបាល​ថៃ ក្នុង​ការ​មិន​យក​ថ្លៃ​លើ​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក (Re-Entry) ក្នុង​អំឡុង​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ​។

ការ​ចេញ​សារ​ថ្លែងអំណរគុណ​បែប​នេះ​បន្ទាប់​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយ​បាន​ចរចា​ជាមួយ​ភាគី​ថៃ ក្នុង​ការ​សម្រេច​មិន​យក​ថ្លៃ​លើ​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មកនេះ រយៈពេល​ពេញ​មួយ​ខែមេសា ​។

លោក ប៊ុល ចិ​ត្រា ជា​ពលករ​ខ្មែរ ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ក្រុមហ៊ុន​ស៊ី​ភី ខេត្ត​នគររាជ​សី​ម៉ា ប្រទេស​ថៃ បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​សូម​សម្ដែង​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយ​បាន​ទទួល​ព័ត៌មាន​ថា សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ចរចារ​ជាមួយ​រដ្ឋាភិបាល​ថៃ ដោយ​មិន​យក​លុយ​លើ​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក (Re-Entry) ក្នុង​អំឡុង​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ សម្រាប់​បងប្អូន​ខ្មែរ​យើង​ដែល​នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត​»​ ។

កញ្ញា សួន ស្រី​និ​ច ជា​ពលករ​ខ្មែរ រស់នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​បញ្ជាក់​ថា ៖ «​ក្នុង​នាម​ជា​ពលករ​ខ្មែរ​មួយ​រូប​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ខ្ញុំ​សូម​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា និង​សូម​ជូនពរ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក​ជំទាវ​ជួប​តែ​សេចក្តីសុខ ពុទ្ធ​ពរ​ទាំង​បួន​ប្រការ និង​ដឹកនាំ​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​រីក​ចំរើន​ថែម​ទៀត»​ ​។

នៅ​ក្នុង​ពិធី​បិទ «​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​» និង​ដាក់​ឱ្យ​អនុវត្ត «​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ២០២៤-២០២៨» នា​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ​បាន​សម្រេច​មិន​យក​ថ្លៃ​ទិដ្ឋាការ​ចេញ​-​ចូល​ប្រទេស​ថៃ (Re-Entry) ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ពលករ​ខ្មែរ ដែល​នឹង​ធ្វើ​ដំណើរ​ត្រលប់​មក​កម្ពុជា​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ។ កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ស្នើ​សុំ​បញ្ចុះតម្លៃ​ទិដ្ឋាការ​ចេញ​-​ចូល ប្រទេស​ថៃ​ពី​១៩០០​បាត មក​ត្រឹម​៥០០​បាត​។ ប៉ុន្តែ​ពេល​នេះ​តម្លៃ​ទិដ្ឋាការ​នេះ​ត្រូវ​បាន​សម្រេច​មិន​យក​ឡើយ សម្រាប់​រយៈពេល​ពេញ​មួយ​ខែមេសា​ខាង​មុខ ៕ អត្ថបទសហការ