ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្យុះ​​ឱ្យ​​ឈ្លានពាន​​កម្ពុជា ពួក​​អាវ​លឿង​​រុញច្រាន​​រដ្ឋាភិបាល​​សៀម​​ឱ្យ​​កសាង​​កំហុស​​កាន់​តែ​​ធ្ងន់ធ្ងរ

14 ឆ្នាំ មុន

គណៈ​កម្មការ​​​ការពាររាជាណាចក្រថៃ ​​ដែល​មាន​លោក​​​ចម្លង​ស្រ៊ីមឿងជាមេខ្លោង និង​​គូ​កន​​ បានធ្វើការ​​​​ទាមទារ​​នូវលក្ខខណ្ឌ​​បីយ៉ាង​​ដាក់​ជូន​ទៅមេ​បញ្ជា​ការ​​​យោធា​ជាន់ខ្ពស់​ជើង​គោក ​​​ជើងទឹក ​​និង​ជើងអាកាស​​របស់ថៃ ​​ដូច​ការ​ចុះ​​ផ្សាយ​តាម​​រយៈ ASTV Manager online កាលពី​ថ្ងៃទី​​២៦ ​ឧសភា ​​ឆ្នាំ​២០១១

គណៈ​កម្មការ​​​ការពាររាជាណាចក្រថៃ ​​ដែល​មាន​លោក​​​ចម្លង​ស្រ៊ីមឿងជាមេខ្លោង និង​​គូ​កន​​ បានធ្វើការ​​​​ទាមទារ​​នូវលក្ខខណ្ឌ​​បីយ៉ាង​​ដាក់​ជូន​ទៅមេ​បញ្ជា​ការ​​​យោធា​ជាន់ខ្ពស់​ជើង​គោក ​​​ជើងទឹក ​​និង​ជើងអាកាស​​របស់ថៃ ​​ដូច​ការ​ចុះ​​ផ្សាយ​តាម​​រយៈ ASTV Manager online កាលពី​ថ្ងៃទី​​២៦ ​ឧសភា ​​ឆ្នាំ​២០១១ ។​

​លក្ខខណ្ឌ​​នៃការតវ៉ា​​​របស់ពួក​​អាវលឿង​​រួម​មាន ៖ ទី​១-​ទាមទារ​ឱ្យរដ្ឋាភិបាល​​លុប​ចោល​​​​​អនុស្សរណៈ​​ស្តីពីការ​ពិនិត្យ​​​ និងបោះ​បង្គោល​ព្រំ​ដែន​​គោករវាង​​រាជាណាចក្រ​ថៃ ​ជាមួយ​កម្ពុជា ​​ឆ្នាំ​២០០០ ​​ដើម្បីបញ្ចប់​​​​នូវ​ការចាញ់​​ប្រៀបទាំង​ឡាយដែល​​​កម្ពុជា​​​រំលោភ និង​ឈ្លានពាន​​​​ទឹកដី​ថៃ ទី​២-​​ទាមទារ​​ឱ្យ​​​​រដ្ឋាភិបាល​​​ថៃ​ដកខ្លួន​​ចេញ​ពី​ភាគីអនុសញ្ញា​បេតិកភណ្ឌ​​ពិភពលោក ដើម្បី​​បង្ហាញពី​ការ​​​តវ៉ា ​និង​មិនទទួល​ស្គាល់​កិច្ច​​ដំណើរ​ការ​​​​តាម​សំណើ​​​សុំរបស់​ប្រទេស​កម្ពុជា ​ដែល​បាន​​រំលោភ​​​​​លើអធិបតេយ្យ​​​ថៃជា​ច្រើន​​លើក​ច្រើន​​​សា​​ក្នុង​ការ​ចុះបញ្ជី​​​ប្រាសាទ​​ព្រះវិហារ​​ជា​បេតិក​ភណ្ឌ​ពិភពលោក និងការ​​នាំ​យក​ផ្ទៃ​ដី​​​ក្បែរ​ប្រា​សាទ​ព្រះវិហារ​ ដែលពួកគេអះអាង​ថា​ជា​ទឹក​ដី​​របស់ថៃ​ឱ្យទៅ​​ជាសម្បត្តិ​​​​​បេតិក​ភណ្ឌពិភព​លោក​​​របស់កម្ពុជា​ជា​​​​ឯក​​​តោភាគី ​និងទី​​៣-​ស្នើ​​ឱ្យ​រដ្ឋាភិ​បាល​ថៃ ដំណើរការ​​រុញច្រាន​​ទាហាន ​និង​ទីប្រជុំ​ជន​កម្ពុជា ដែលបានឈ្លានពាន ​​និង​ដណ្តើម​​​កាន់​កាប់​​​​ទឹកដីថៃ ដើម្បី​​​ទាមទារ​​​​​យកទឹកដី​​​ថៃ​ដែល​បាន​​បាត់បង់ទៅ​​​កម្ពុជា អស់រយៈ​ពេល​​​ស្ទើរ​តែ​​​​១១​ឆ្នាំ ​​​ចាប់តាំង​ពី​​ការ​​ចុះហត្ថលេខា​​​លើ​​អនុ​ស្សរណៈ​​ឆ្នាំ​២០០០​រួចមក ។​

តាម​ការ​លើកឡើង​​​គ្មា​ន​មូលដ្ឋាន​​​​របស់ក្រុម​​​អា​វលឿង ​​មានតម្លៃ​​​ស្មើនឹង​​ការរុញច្រាន​​​​រដ្ឋាភិ​បាល​ថៃ ឱ្យ​​កសាង​​នូ​វ​កំហុស​​កាន់​តែធ្ងន់ធ្ងរ​​​ឡើង ​​ប្រសិ​នណា​​​រដ្ឋាភិបាល​​​បន្ត​​អនុវត្ត​តាម​​ការ​ទាម​ទារ​​នេះ ដោយភ្លេច​​​គិតពី​ភាព​ស្របច្បាប់​​​នៃ​អធិប​តេយ្យ​របស់កម្ពុជា ។ ​ការលើក​ឡើង​​របស់​ក្រុម​​ជ្រុលនិយម​​​អាវលឿង ​​ដឹកនាំ​ដោយ​លោក​​ចម្លង​​ស្រ៊ិមឿង ​​គឺវា​ផ្ទុយ​​ពីសម្តី​របស់​លោក​អាប់​ភីស៊ីត ​វ៉េចាជីវ៉ា ​ដែលត្រូវ​បាន​​ដកស្រង់​​សម្តី​ចុះ​​ផ្សាយដោយ​​​ទីភ្នាក់​ងារ​​ព័ត៌មាន​​​ TNA កាល​ពី​ថ្ងៃទី​​២៣ ឧសភា ឆ្នាំ​២០១១ ថា «​​ថៃ​មិន​​បាត់​បង់​​​​​ទឹក​ដីទេ»។ ​​ដូច្នេះ ​​​បើ​ថៃ​​ពុំ​​មានបាត់បង់​​ទឹកដីទេ ​​បានន័យ​ថា ​​ការទាមទារ​របស់​​​​ក្រុម​អាវលឿង ​គឺ​ជា​ការ​​ជំរុញ​ចលនា​​ឱ្យមានការ​​​រំលោភ​​​ឈ្លាន​ពាន​​ទឹកដីកម្ពុជា​​​​យ៉ាង​ពិតប្រាកដ ​​ហើយ​ការ​វាយ​ប្រហារ​​​ដោយយោធាថៃ​​មក​លើ​​ទឹកដីកម្ពុជា ​គឺ​ជា​ការ​​​អនុវត្តជាក់ស្តែង​​​​នូវផែនទី​​​ចោរ ដើម្បី​ចង់​​កាន់​កាប់ទឹកដីកម្ពុជា​​ដោយ​មិន​អាច​​ប្រកែក​បាន​ឡើយ ។​

ប្រទេសថៃ​កំពុង​​ជួប​នូវ​​វិបត្តិ​​​ផ្ទៃ​ក្នុង​ធ្ងន់ធ្ងរ ​​ជា​ពិសេស​​​ការប្រកួតប្រជែង​​​ស្វែង​រក​សំឡេង​ឆ្នោត​​បាននិង​កំពុង​​​ប្រកួតប្រជែង​គ្នា​យ៉ាង​ប្រកៀក​ប្រកិត​​រវាង​គណបក្ស​​នយោបាយ​​​របស់​លោក ​អាប់ភីស៊ីត ​​និងគណបក្ស​​ភឿថៃ ​​​ដែល​មាន​បេក្ខ​ភាព​​នាយករដ្ឋមន្ត្រី គឺ​ប្អូនស្រី​របស់​​​អតីតនាយករ​ដ្ឋមន្ត្រី​​ថៃ ថាក់ស៊ីន ​ដែលនឹង​ឈាន​​​ដល់ថ្ងៃ​បោះ​ឆ្នោត​​​​នាថ្ងៃទី​​​៣ កក្កដា ឆ្នាំ​​២០១១ ​ខាងមុខ​​។ ​ក្រុម​អាវលឿង​​ថៃត្រូវ​បាន​​គេសង្ស័យ​​​ថា ​​ជា​ក្រុម​​ធ្វើ​សកម្ម​ភាព​​បន្ទរ​ដើម្បី​ស្វែង​រក​​សំឡេង​ឆ្នោត​​ឱ្យ​គណបក្ស​​ប្រជាធិប​តេយ្យ​​​​របស់លោក​​​អាប់ភី​ស៊ីត ​ហើយក្រុមនេះ​​តែង​តែ​​​​បង្កើត​នូវ​គំនិត​ទាមទារ​​ទឹកដីដោយ​ពុំ​ឈរ​លើ​មូលដ្ឋាន​​​ច្បាប់​នោះ​ទេ ​គឺពួក​គេ​ខិតខំ​​បង្វែ​​រវិបត្តិ​នៅ​​បាង​កក ​​មក​ភ្ជាប់​​ជាមួយ​នឹងប​ញ្ហា​ព្រំដែន និង​​​តំបន់​ប្រាសាទ​ព្រះវិហា​រ​​របស់​ខ្មែរ​​​​ដែលជា​​ទីកន្លែង​​រង​គ្រោះដោយ​​គ្រាប់​កាំ​ភ្លើង​​ធំ​របស់​​​យោធាថៃ។​

មេ​ដឹក​នាំ​ក្រុម​អាវ​លឿង​​មួយ​ចំនួន​ក៏​ត្រូវ​បាន​ជាប់​ឈ្មោះ​​ជា​ភេរ​វ​ករ​ដែល​​ធ្លាប់​​ទម្លាក់​​រដ្ឋា​ភិបាល​​របស់​លោក​​ថាក់​ស៊ីន ​និង​រដ្ឋា​ភិបាល​​ ស៊ុន ដារ៉ាវេត ​ហើយ​ក្នុង​នោះ​ក៏​មាន​មេ​ដឹក​នាំ​អាវ​លឿង​មួយ​ចំនួន​ទៀត​​បាន​​ចូល​រួម​​ចលនា​ឡោម​ព័ទ្ធ​ព្រលាន​យន្ត​ហោះ​ក្នុង​ការ​ធ្វើ​បាតុ​កម្ម​នា​ពេល​កន្លង​មក ដែល​ពុំ​​ឃើញ​មាន​ការ​បង្ក្រាប​​របស់​សមត្ថ​កិច្ចថៃ​​នោះទេ ។ ​ដូច​ការ​កត់​សម្គាល់​ថា ​នៅ​ក្នុង​ស្រុក​ថៃ​មាន​​នូវ​រដ្ឋា​ភិបាល (Double Standard) ប្រកាន់​​បក្ស​ពួក និង​មាន​ការ​បង្ក្រាប​​តែ​ទៅ​លើ​ក្រុម​អាវ​ក្រហម​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​​ និង​រង​របួស​ជា​ច្រើន​នាក់ ។ ​ក្រុម​អាវ​លឿង​ជា​ចលនា​ជាតិ​និយម​ជ្រុល​មួយ​នៅ​ទី​ក្រុង​​បាង​កក ដែល​បាន​បង្កើត​​នូវ​បណ្តាញ​​ទាម​ទារ​​ទឹក​ដី​ដែល​​​មិន​មែន​ជា​របស់​ខ្លួន ។

គេ​បាន​​កត់​សម្គាល់​​ឃើញថា ​បើ​រដ្ឋា​ភិបាល​​ថៃ​នៅតែ​​បណ្តែត​បណ្តោយ​​ឱ្យ​ក្រុម​​អាវ​លឿង​​ធ្វើ​អ្វីស្រេច​តែ​អំពើ​ចិត្ត​​ទៀត​នោះ ​ប្រទេស​ថៃ​នឹង​មិន​មាន​នូវ​សេចក្តី​សុខ​បាន​ទេ ពីព្រោះ​​ក្រុម​នេះ​គឺជា​អ្នក​ដុត​បញ្ឆេះ​កំហឹង និង​​នាំ​ឱ្យ​មាន​​ភាព​ល្អក់​កករ​ជា​ខ្លាំង​ដល់​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​​កម្ពុជា​ក្នុង​ពេល​ចុង​​ក្រោយ​នេះ ។

សូម្បី​​តែ​ការ​ទាម​ទារ​បីចំណុច​​របស់​ពួក​គេ គឺ​ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ដើម្បី​ជា​ផល​ប្រយោជន៍​​ដល់​សង្គម​ជាតិ​ទាំងពីរ​កម្ពុជា-ថៃ​នោះ​ដែរ ។ ការ​ស្នើ​ឱ្យ​​លុប​កិច្ច​ព្រម​ព្រៀង​​រវាង​​កម្ពុជា-ថៃ (MOU ឆ្នាំ២០០០) គឺជា​រឿង​ខុស​ឆ្គង​​ខ្លាំង​ណាស់​ ពីព្រោះ​​​បើ​យោង​តាម​​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​​នោះ គឺ​បង្កើត​​ឡើង​សម្រាប់​តែ​ការ​​ងារ​ស្វែង​រក​បង្គោល​ និង​បន្ត​បោះ​បង្គោល​ព្រំ​​ដែន​​​តែប៉ុណ្ណោះ ដែល​​ចាំបាច់​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់​ និង​ពិភព​លោក​ត្រូវ​តែ​មាន​បង្គោល​​​​ព្រំ​ដែន​ខណ្ឌ​សីមា​ត្រឹ​មត្រូវ ដើម្បី​បញ្ចៀស​​​​នូវ​អរិ​ភាព​នឹងគ្នា ។ ​ចំណែក​ឯ​ការ​ស្នើ​ឱ្យ​​​រដ្ឋា​​ភិបាល​​ថៃ​លាចេញ​ពី​កិច្ច​ការ​ងារ​បេតិក​ភណ្ឌ​ ក៏​ជា​រឿង​ខុស​មួយ​ទៀត ពីព្រោះ​ប្រទេស​ថៃ​ក៏​​​ត្រូវ​ជាប់​កាតព្វ​កិច្ច​ក្នុង​ការ​ការ​ពារ​សម្បត្តិ​​បេតិក​ភណ្ឌពិភព​លោក​​ដែរ មិន​មែន​ជាប់​កាតព្វ​កិច្ច​ក្នុង​​ការ​បំផ្លាញ​ទេ ។ ​ដោយឡែក​ ចំពោះ​ការ​ទាម​ទារ​របស់​ពួក​​ក្រុម​អាវលឿង​ថៃ ឱ្យ​រដ្ឋា​ភិបាល​​របស់​ខ្លួន​បណ្តេញ​​ខ្មែរ​ចេញ​​ពី​ទឹក​ដី​​​របស់​កម្ពុជា​ខ្លួន​ឯង គឺ​ជារឿង​​រំលោភច្បាប់​​ជ្រុល​ពេក​ហើយ ដែល​កម្ពុជា​នឹង​មិន​អនុ​ញ្ញាត​​ឱ្យ​ប្រទេស​ថៃ ​រំលោភ​លើ​អធិប​តេយ្យ និង​រដ្ឋ​ឯក​រាជ្យ​​បាន​ជា​ដាច់​ខាត ​គឺ​កម្ពុជា​នឹង​ប្រើ​ប្រាស់​សិទ្ធិ​គ្រប់​​បែប​យ៉ាង​ក្នុង​ស្វ័យ​​ការ​ពារ​ពី​សត្រូវ​ឈ្លាន​ពាន​​​ និង​បន្ត​​គោរព​​អនុវត្ត​ទៅ​តាម​ច្បាប់​អន្តរ​ជាតិ​​ប្រឆាំង​ទប់​ទល់​នឹង​​មហិច្ឆ​តា​វាត​ទី​និយម​របស់​ថៃ​ លុះ​ដល់​​ដំណាក់​កាល​ចុង​ក្រោយ ។

​ដូច្នេះ​​អាច​និយាយ​​បានថា ​ពួក​​ក្រុម​ចលនា​អាវ​​លឿង​របស់ថៃ​ គឺ​មាន​តែ​សកម្ម​ភាព​​ដុត​​បញ្ឆេះ​កំហឹង​រដ្ឋាភិបាល​ថៃ ដោយ​ពុំ​បាន​​គោរព​ច្បាប់​​អន្តរជាតិ និង​កិច្ច​ព្រម​ព្រៀង​​ទាំងឡាយ​ដែល​​បាន​ឯក​ភាព​គ្នា​នោះទេ ៕           

( លីគាំ )