ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​នេះ អ្នក​លក់ដូរ​គ្រឿង​សែន​ត្អូញត្អែរ​ថា ស្ងាត់​អតិថិជន លក់​មិនសូវ​ដាច់

2 ខែ មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៨ ខែកុម្ភ​: ឆ្នាំ​២០២៤​នេះ គេ​សង្កេត​ឃើញ​ការ​លក់ដូរ​របស់​អាជីវករ​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី មានការ​ថយ​ចុះ​ខ្លាំង ជាង​ឆ្នាំ​មុន​ៗ ដោយ​មិនសូវ​ឃើញ​មាន​អតិថិជន​ចូល​ទៅ​ទិញ​គ្រឿង​សែនព្រេន…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៨ ខែកុម្ភ​: ឆ្នាំ​២០២៤​នេះ គេ​សង្កេត​ឃើញ​ការ​លក់ដូរ​របស់​អាជីវករ​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី មានការ​ថយ​ចុះ​ខ្លាំង ជាង​ឆ្នាំ​មុន​ៗ ដោយ​មិនសូវ​ឃើញ​មាន​អតិថិជន​ចូល​ទៅ​ទិញ​គ្រឿង​សែនព្រេន ដូច​ជា ក្រដាសប្រាក់​សែន នំចំណី ផ្កា​អង្គារសីល និង​គ្រឿង​សែន​ចិន​ផ្សេង​ៗ​ទៀត​ផង​ដែរ ។

បើ​តាម​ការ​រៀបរាប់​ពី​អាជីវករ​ម្នាក់ ឈ្មោះ ស្រី បានឱ្យ​ដឹង​ថា ៖ ការ​លក់ដូរ​សម្ភារ​សម្រាប់​សែនព្រេន​ដល់​ជីដូន​ជីតា​កុងម៉ា ដែល​ប្រជាពលរដ្ឋ​កាត់​ខ្សែស្រឡាយ​ចិន នា​ពេល​នេះ មិនសូវ​ដាច់​នោះ​ឡើយ ពោល​គឺ អត់​សូវ​ឃើញ​មាន​ប្រជាពលរដ្ឋ ឬ​អតិថិជន​ចូល​ទៅ​ទិញ​ច្រើន​ដូច​រាល់​ឆ្នាំ ។

ប្រភព​បន្ត​ទៀត​ថា ដោយ​ថ្ងៃ​សែន​ចិន កាន់តែ​ខិត​ជិត​មក​ដល់ ប្រជាពលរដ្ឋ ដែល​កាត់​ខ្សែ​ចិន មិន​មានការ​សម្រុក ចូល​ទៅ​ក្នុង​ផ្សារ​ទិញ​របស់របរ​យក​ទៅ​សែន ដូច​កាលពី​ឆ្នាំ​មុន​ៗ​ទេ​។ មូលហេតុ បែប​នេះ ដោយ​គាត់​សង្ស័យ​មក​ពី​ការ​ប្រកប​របរ​កសិកម្ម​ធ្វើ​ចំការ មិនសូវ​ទទួល​បាន​ផល ដោយ​ម្នាក់​ៗ អត់​សូវ​មាន​លុយកាក់ សម្រាប់​ទិញ​គ្រឿង​សម្ភារៈ ទាំងនោះ​យក​ទៅ​សែន​។ អ្នកខ្លះ​ទិញ​តិចតួច​ដូច​ជា​នំ និង​ផ្លែ​ឈើ ព្រមទាំង​ក្រដាសប្រាក់​សែន យក​ទៅ​ឧបកិច្ច ឱ្យ​តែ​បាន​ៗ តែ​ប៉ុណ្ណោះ ។

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់ ដែល​ជាប់​ខ្សែស្រឡាយ​ចិន ឈ្មោះ សែ ភេទ​ប្រុស បានឱ្យ​ដឹង​ថា ៖ ការ​សែនព្រេន​របស់​គាត់ នៅ​តែ​ធ្វើ​ដូច​ឆ្នាំ​មុន​ៗ​ដែរ តែ​ដោយសារ​តែ​ការ​ធ្វើ​ចំការ​អត់​បាន​ផល​ច្រើន មិនសូវ​មាន​លុយកាក់​សម្រាប់​ទិញ​គ្រឿង សែន​ច្រើន​ដូច​ឆ្នាំ​មុន​ៗ​ទេ​។ ដូច្នេះ ហើយ​ទើប​គាត់​នាំ​ប្រពន្ធ​កូន​មក​ទិញ​គ្រឿង​សែន​តែ​បន្តិចបន្តួច​តាម​ទំនៀមទម្លាប់​ចិន​ប៉ុណ្ណោះ ដើម្បី​កុំឱ្យ​កើត​មាន​បញ្ហា​ទៅ​ថ្ងៃ​ខាង​មុខ ។

ចំណែក​អាជីវករ​ផ្សេង​ៗ​ទៀត ក៏​លើក​ឡើង​ដូច​ៗ​គ្នា​ថា មិន​ត្រឹមតែ​ការ​លក់ដូរ​គ្រឿង​សែន​មានការ​ស្ងប់ស្ងាត់​ម៉ូយ​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ការ​លក់ដូរ​សម្ភារ​:​ទូទៅ​ដូច​ជា គ្រឿង​ហូប ចាន ឆ្នាំ សម្លៀក​បំពាក់ ក៏​អត់​សូវ​មាន​ម៉ូយ​ចូល​ទិញ​ក្នុង​ផ្សារ​ច្រើន​ដូច​ឆ្នាំ​មុន​ៗ​ដែរ​។ ការ​លក់ដូរ​របស់​ពួក​គាត់​ក៏​មានការ​ធ្លាក់​ចុះ​ខ្លាំង ស្ទើរតែ​រក​ថវិកា​បង់ថ្លៃ​តូប ឬ​សង​ជំពាក់​បំណុល​គេ​មិន​គ្រប់​នោះ​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ ដោយ ព្រោះតែ​គ្មាន​មុខរបរ​ណា​ផ្សេង ទើប​ពួក​គាត់​បន្ត​ស៊ូទ្រាំ​លក់ដូរ ដោយ​១​ថ្ងៃ​ចំណេញ​តិចតួច សន្សំ ទុក​បង់​សង​ថ្លៃ​ជំពាក់​បំណុល​គេ​។ ពេល​សល់​ថវិកា​តិចតួច ក៏​នាំ​គ្នា​ទុក​សម្រាប់​ទិញ​ម្ហូបអាហារ​ផ្គត់ផ្គង់​ជីវ ភាព​ប្រចាំ​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ