រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាកម្មករសំណង់ត្រូវបានអ្នករួមការងារបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិតក្រោយពីបុរសនេះត្រូវខ្សែភ្លើងឆក់ក្នុងផ្ទះល្វែងមួយក្នុងបុរីសុភារី ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង៣និង៥៥នាទីរសៀលថ្ងៃទី៣០ ឧសភា ឆ្នាំ២០១១ ហើយបានស្លាប់នៅមុនពេលមកដល់មន្ទីរពេទ្យ។ជនរងគ្រោះដែលជួបសំណាងអាក្រក់រហូតបាត់បង់ជីវិតនោះ ត្រូវគេស្គាល់ឈ្មោះអ៊ូច ប៊ុល ភេទប្រុស អាយុ២៤ឆ្នាំ ស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត មកភ្នំពេញ ធ្វើកម្មករសំណង់ ស្នាក់នៅបណ្តោះអាសន្នចំណុចកើតហេតុខាងលើ។
កម្មករសំណង់ម្នាក់ដែលឃើញហេតុការណ៍បាននិយាយឱ្យដឹងថា មុនពេលកើតហេតុ កម្មកររងគ្រោះបានកាន់ដែកស្វាន ដើម្បីស្វានជញ្ជាំងថ្ម បង្កប់ខ្សែភ្លើង ស្រាប់តែត្រូវខ្សែភ្លើងឆក់ប្រកាច់ប្រកិនរហូតដល់សន្លប់គ្មានអ្នកណាគេដឹងនោះទេ ព្រោះជនរងគ្រោះធ្វើការនៅផ្នែកក្រោយផ្ទះម្នាក់ឯង។ ប្រហែលជាកន្លះម៉ោងក្រោយមក ទើបបងប្អូនកម្មករដឹង ហើយនាំគ្នាយកបុរសរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិត ។ ប៉ុន្តែត្រូវពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់មុនពេលមកដល់មន្ទីរពេទ្យគឺមិនអាចជួយបានឡើយ ។
បុរសម្នាក់ដែលអះអាងថា ខ្លួនជាម្ចាស់ផ្ទះកើតហេតុ តែសុំមិនបញ្ចេញឈ្មោះបាននិយាយថា គាត់បានទិញផ្ទះនោះនៅក្នុងបុរីសុភារី ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សី កែវ តម្លៃ២៥.០០០ដុល្លារ មានតែមួយជាន់ក្រោម ប៉ុណ្ណោះ ទើបគាត់រកកម្មករឱ្យធ្វើបន្ថែមមួយជាន់ទៀត ស្រាប់តែជួបគ្រោះចង្រៃ កម្មករត្រូវខ្សែភ្លើងឆក់ស្លាប់បែបនេះ ៕
ចែករំលែកព័តមាននេះ