តាមប្រភពពី AFP កាលពីថ្ងៃទី៣០ ឧសភា ផ្សាយថា ស្ត្រីអាយុ៤០ឆ្នាំ ជនជាតិបង់ក្លាដែសម្នាក់បានកាត់លិង្គជនល្មើសដែលព្យាយាមចាប់រំលោភនាង និងបានយកលិង្គដែលកាត់ដាច់នោះច្រកចូលស្បោងប្លាស្ទីកដើម្បីជាភស្តុតាងទៅប្តឹងសមត្ថកិច្ចប៉ូលិសក្នុងតំបន់ចាឡាហ្គាធី។
អាជ្ញាធរនៅក្នុងតំបន់បានរៀបរាប់ពីហេតុការណ៍ខាងលើថា ជនរងគ្រោះជាស្ត្រីរៀបការរួច មានកូន៣នាក់ ដោយនាងត្រូវបានចាប់រំលោភខណៈពេលកំពុងដេកលក់នៅក្នុងផ្ទះក្នុងតំបន់ចាឡាហ្គាធី ជាទីប្រជុំជនដាច់ស្រយាលមួយស្ថិតនៅភាគខាងត្បូងនៃទីក្រុងដាកា ប្រហែល២០០គីឡូម៉ែត្រ។
លោកអាប៊ុល ហ្គាអែរ៍ ជាប៉ូលិសបង្ហើបឱ្យដឹងថា «ខណៈពេលជនល្មើសព្យាយាមរំលោភនាងនោះ ស្ត្រីរងគ្រោះបានប្រើកាំបិតកាត់លិង្គជនល្មើស និងខ្ចប់ក្នុងស្បោងប្លាស្ទីក រួចយកទៅប្តឹងនៅប៉ុស្តិ៍ប៉ូលិស ក្នុងតំបន់ចាឡាហ្គាធី ដោយបង្ហាញអវយវៈភេទជនល្មើសដែលបានកាត់ធ្វើជាភស្តុតាង»។ ស្ត្រីរងគ្រោះដែលមានទឹកចិត្តក្លាហានខាងលើ បានប្តឹងប៉ូលិសឱ្យមានចំណាត់ការទៅលើបុរសអាយុ៤០ឆ្នាំម្នាក់ ដែលរៀបការរួច និងមានកូន៥នាក់ ពីបទព្យាយាមចាប់រំលោភលើរូបនាង។ ស្របពេលជាមួយគ្នានេះ នាងបានបញ្ជាក់ថា ជនល្មើសបានតាមរំខាននាងរយៈពេលជាង៦ខែមកហើយ។ តាមសេចក្តីរាយការណ៍ថា សមត្ថកិច្ចប៉ូលិសបានរក្សាទុកលិង្គដាច់នោះធ្វើជាភស្តុតាង ចំណែកជនសង្ស័យត្រូវបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ។
លោកអាប៊ុល ហ្គាអែរ៍ បានបន្តទៀតថា «យើងនឹងចាប់ខ្លួនគេ ក្រោយពីអាការរបួសបានធូរស្បើយ»៕
ចែករំលែកព័តមាននេះ