ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់ល្បែង​អន​ឡាញ​វ័ណ្ឌ​.​ក បុរស​វៀតណាម​ម្នាក់ ចូល​ប្លន់​ធនាគារ យក​ទៅ​សងបំណុល មុន​ចូល​ឆ្នាំ​ថ្មី

2 ខែ មុន

វៀតណាម ៖ ប៉ូលិស​ខេត្ត នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​ចាញ់​ល្បែង​អន​ឡាញ​វ័ណ្ឌ​.​ក ហើយ​បាន​ចូល​ទៅ​ប្លន់​លុយ​ចំនួន​៤៦​លាន​ដុ​ង (១,៩០០​ដុល្លារ​អា​មេ​រិ​ក​) ពី​សាខា​ធនាគារ Vietinbank…

វៀតណាម ៖ ប៉ូលិស​ខេត្ត នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​ចាញ់​ល្បែង​អន​ឡាញ​វ័ណ្ឌ​.​ក ហើយ​បាន​ចូល​ទៅ​ប្លន់​លុយ​ចំនួន​៤៦​លាន​ដុ​ង (១,៩០០​ដុល្លារ​អា​មេ​រិ​ក​) ពី​សាខា​ធនាគារ Vietinbank ដើម្បី​សងបំណុល​គេ មុន​ចូល​ឆ្នាំ​ថ្មី នេះ​បើ​យោង​តាម​សារព័ត៌មាន Vn.express ។

ប៉ូ​លី​សបាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ទី​០៤ ខែកុម្ភៈ ថា ជនសង្ស័យ​មាន Dinh Khuong Linh អាយុ​៣៨​ឆ្នាំ ជា​អ្នក​រស់នៅ​ទីក្រុង​វិញ ក្នុង​ខេត្ត​ង៉ឺ​អាន កំពុង​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ពី​បទ​ប្លន់​ធនាគារ ។ ទោស​នៃ​បទល្មើស​នេះ ជនសង្ស័យ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ពី ៣​ឆ្នាំ ទៅ​១០​ឆ្នាំ ។

ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​យក​កាំបិត ចូល​ទៅ​ក្នុង​សាខា​ធនាគារ Vietinbank ក្នុង​ក្រុង​កៅ​ឡូ ដើម្បី​ប្រព្រឹត្ត​អំពើ​ប្លន់ ពិតប្រាកដ​មែន ដោយសារ​តែ​រូប​គាត់​លេងល្បែង​អន​ឡាញ​ចាញ់​វ័ណ្ឌ​.​ក ហើយ​មាន​បំណង​ប្លន់​ធនាគារ ដើម្បី​សងបំណុល​ល្បែង ។

ហេតុការណ៍​ប្លន់​ធនាគារ​នេះ​បាន​កើតឡើង កាលពី​ម៉ោង​ប្រហែល​៤​រសៀល ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៤ ជនសង្ស័យ​ពាក់​ម៉ាស និង​អាវធំ និង​កាន់​កាំបិត បាន​ចូល​ទៅ​ក្នុង​សាខា​ធនាគារ ហើយ​ស្រែ​កថា “​អ្នក​ទាំងអស់​គ្នា​នៅ​ឲ្យ​ស្ងៀម​!” និង​គំរាម​បុគ្គលិក​ទាមទារ​ឲ្យ​ប្រគល់​ប្រាក់ ។ ខណៈ​នៅ​ក្នុង​ធនាគារ​នោះ មាន​មនុស្ស​ប្រហែល​២០​នាក់ រួម​ទាំង​អតិថិជន និង​បុគ្គលិក ។

បន្ទាប់ពី​​ស្រែក​គំរាម ជនសង្ស័យ​បាន​លោត​ឡើង​ផ្លោះ​ពីលើ​តុ រួច​ចូល​យក​លុយ​ចំនួន​៤៦​លាន​ដុ​ង ហើយ​រត់​ចេញពី​ធនាគារ ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។ ភ្លាម​ៗ បុគ្គលិក​ធនាគារ និង​សន្តិសុខ បាន​ដេញ​តាម​ពីក្រោយ​ដែរ ប៉ុន្តែ​ជនសង្ស័យ​ជិះ​រត់គេច​បាត់ ប៉ុន្មាន​រយ​ម៉ែត្រ​ពី​ធនាគារ ។

ក្រោយ​កើតហេតុ កម្លាំង​ប៉ូលិស​មូលដ្ឋាន​ជា​ច្រើន​បាន​ចល័ត​ចេញ និង​ដាក់​ពង្រាយ ដើម្បី​បិទផ្លូវ​ទាំងអស់ ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ​។ រហូត​ដល់​រសៀល​ថ្ងៃ​ទី​៣ ខែកុម្ភៈ ទើប​ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​រូប​នេះ​បាន ដែល​លាក់ខ្លួន​នៅ​ក្បែរ​ផ្លូវជាតិ​លេខ​១ ក្នុង​តំបន់​នោះ ។

ដំបូង​ឡើយ ជនសង្ស័យ​មិន​បាន​សារភាព​ថា ជា​អ្នក​ប្រព្រឹត្ត​អំពើ​ប្លន់​នោះ​ទេ​។ នៅ​ថ្ងៃ​បន្ទាប់ ទើប​ជនសង្ស័យ​ព្រម​សារភាព​ដោយ​បញ្ជាក់​ថា រូបគេ​បាន​ជំពាក់​ប្រាក់ មនុស្ស​ជា​ច្រើន​នាក់ ដោយសារ​តែ​លេងល្បែង​អន​ឡាញ ហើយ​អស់សង្ឃឹម​មិន​អាច​សង​ម្ចាស់បំណុល​បាន ទើប​រូបគេ​មានគំនិត​យក​កាំបិត​មួយ​ដើម ចូល​ទៅ​សាខា​ធនាគារ Vietinbank ដើម្បី​ប្ល​.​ន់​យក​លុយ សងបំណុល មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី នឹង​មក​ដល់​ចុង​ស​ប្តា​ហ៍​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ