ជប៉ុន ៖ ផ្ទុះការចែករំលែកយ៉ាងផុសផុលលើបណ្តាញសង្គមថៃ បន្ទាប់ពីអ្នកដំណើរម្នាក់បានបង្ហោះសារចោទប្រកាន់ទៅក្រុមហ៊ុនអាកាសចរណ៍ Thai Airways ថា បានភូតភរកុហកអ្នកដំណើរអំពីមូលហេតុដែលធ្វើឱ្យយន្តហោះរបស់ខ្លួនចុះចតខុសគោលដៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ទិន្នន័យពី flightaware.com បង្ហាញថា ជើងហោះហើរ TG465 របស់ Thai Airways បានចាកចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ នៅម៉ោង៧ និង៧នាទីយប់ នៅថ្ងៃទី២៨ ខែមករា ក្នុងគោលដៅចុះចតនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី នៅម៉ោង ១០និង២៩នាទីព្រឹកនៅថ្ងៃទី២៩ ខែមករា ប៉ុន្តែឈានមកម៉ោង១១និង៤១នាទី ទើបយន្តហោះនេះបានទៅចុះចតនៅអាកាសយានដ្ឋានទីក្រុងស៊ីដនីទៅវិញ ។
អ្នកដំណើរលើយន្តហោះម្នាក់ដែលត្រូវបានគេស្គាល់ថា ពាណិជ្ជករវ័យ៤០ឆ្នាំមួយរូបបានអះអាងថា ប្រធានក្រុមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នេះ បានកុហក់ថា ដោយសារស្ថានភាពអាកាសធាតុអាក្រក់ ទើបយន្តហោះត្រូវប្តូរទៅចុះចតនៅអាកាសយានដ្ឋានស៊ីដនី ដែលតាមធាតុពិតអាកាសធាតុនៅក្នុងអាកាសយានដ្ឋានមែលប៊នមិនមានបញ្ហាអ្វីសោះ ។
តាមរយៈការបង្ហោះនោះអ្នកដំណើរខាងលើ បាននិយាយដោយផ្អែករបាយការណ៍អាកាសធាតុ នៅលើទូរស័ព្ទដៃ iPhone របស់គាត់ ដោយបញ្ជាក់ថា អាកាសធាតុក្នុងទីក្រុង Melbourne នៅថ្ងៃនោះ គឺមានសីតុណ្ហភាព២១ដឺក្រេ និងអាចមើលឃើញក្នុងចម្ងាយយ៉ាងតិច១០គីឡូម៉ែត្រ។ ដោយ ពាណិជ្ជកររូបនោះសង្គត់ធ្ងន់ថា គាត់ធ្លាប់បានហោះទៅទីក្រុងមែលប៊នជាង១០០០ដងរួចមកហើយ ។ ក្រៅពីត្អូញត្អែរលើបញ្ហានេះ លោកបានទាមទារ ឱ្យក្រុមហ៊ុនអាកាសចរណ៍ដកប្រធានក្រុមជើងហោះហើររូបនោះ រួមទាំងបុគ្គលិកទាំងអស់លើយន្តហោះចេញពីមុខតំណែង។ សារខាងលើពោរពេញទៅដោយពាក្យសម្តីមិនសមរម្យ ជេរប្រមាថអ្នកបើកយន្តហោះ និងគ្រោតគ្រាតជាទីបំផុត។
ការបង្ហោះរបស់អ្នកដំណើរខាងលើជំរុញឱ្យមានការជជែកវែកញែកជាច្រើនជុំវិញបញ្ហាយន្តហោះចុះចតខុសគោលដៅនេះ ហើយនៅទីបំផុត ក្រុមហ៊ុនអាកាសចរណ៍ Thai Airways កាលពីថ្ងៃពុធបានមុខមកបំភ្លឺឆ្លើយតបនឹងការរិះគន់នោះថា «អ្នកបើកយន្តហោះរបស់ខ្លួនបានសម្រេចចិត្តចុះចតនៅទីក្រុងស៊ីដនី ដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផល នៅអាកាសយានដ្ឋានមែលប៊ន ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី» ។
ក្រុមហ៊ុនអាកាសចរណ៍ខាងលើបានធានាថា បុគ្គលិកបម្រើការលើហោះហើរទាំងអស់របស់ខ្លួនបានអនុវត្តតាមស្តង់ដារអន្តរជាតិយ៉ាងតឹងរ៉ឹងលើការហោះហើរ និងសុវត្ថិភាព ហើយត្រូវបានបញ្ជាក់ដោយស្ថាប័នត្រួតពិនិត្យក្នុងស្រុក និងអន្តរជាតិ ហើយគោលដៅចម្បងរបស់ក្រុមហ៊ុនអាកាសចរណ៍គឺធានាសុវត្ថិភាពអ្នកដំណើរ ។ ក្រុមហ៊ុនអាកាសចរណ៍បានសង្កត់ធ្ងន់ថា មេធាវីរបស់ខ្លួននឹងចាត់វិធានការតាមផ្លូវច្បាប់ ហើយថា អ្នកដំណើរខាងលើត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពបង្កការខូចខាតដល់ក្រុមហ៊ុន។
ក្រោយការព្រមានពីក្រុមហ៊ុនអាកាសចរណ៍ Thai Airways និងការទទួលរងនូវការរិះគន់ពីអ្នកលេងបណ្តាញសង្គម បុរសអ្នកដំណើររូបនោះបានចេញមកសុំទោសនិងទទួលស្គាល់កំហុសថា «ដោយសារតែកំហឹងធ្វើឱ្យខ្លួនខ្វះការពិចារណាគ្រប់ជ្រុងជ្រោយ លោកពិតជាសោកស្ដាយនិងសុំទោសគ្រប់ភាគីពាក់ព័ន្ធ ។ ដើម្បីទទួលខុសត្រូវចំពោះទង្វើខុសឆ្គងខ្លាំងរបស់ខ្លួន លោកនឹងលាលែងពីគ្រប់មុខតំណែងបច្ចុប្បន្នខ្លួន ដែលកំពុងបំពេញភារកិច្ចនៅក្រុមហ៊ុន Plan B Media Public Company Limited។
ប៉ុន្តែវប្បធម៌នៃការប្រើប្រាស់បារមីម្រាមដៃ១០របសអ្នកដំណើររូបនេះមិនបានផលទេ ដោយសារតែ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Thai Airways កំពុងបន្តនីតិវិធីច្បាប់ ដោយសំអាងថា វាជារឿងចាំបាច់ដើម្បីរក្សាសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន និងការពារបុគ្គលិករបស់ក្រុមហ៊ុនដែលរងផលប៉ះពាល់នៅក្នុងករណីនេះ ។ ហើយចំណាត់ការនេះជាការព្រមាននិងទប់ស្កាត់កុំឱ្យកើតមានទង្វើនិងសកម្មភាពដែលបង្កើតការភ័ន្តច្រលំពីសាធារណជនមកលើក្រុមហ៊ុននាពេលអនាគត ៕ អត្ថបទ៖អោម ចែតច័ន្ទណារ៉ា
ចែករំលែកព័តមាននេះ