ខេត្តកែប ៖ រថយន្តកាមរីមួយគ្រឿងដែលដឹកប្រេងចំនួន៥១ប៊ីដុង ចេញពីខេត្តកំពតតាម បណ្តោយផ្លូវជាតិលេខ៣៣ មកក្រឡាប់នៅ ខេត្តកែប កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី២៩ ឧសភា នៅចំណុចភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ។
បន្ទាប់ពីកើតហេតុ មន្ត្រីនគរបាលសង្កាត់ព្រៃធំនិយាយថា មនុស្ស២នាក់បានរងរបួសធ្ងន់បាក់ជើង ។ មុនពេលកើតហេតុ ពួកគេទាំង២នាក់បានបើករថយន្តដឹកប្រេងគេចពន្ធឱ្យថៅកែម្នាក់នៅខេត្តកំពត លុះមកដល់ជិតស្ពានមួយក៏បានក្រឡាប់ធ្លាក់ចូលរណ្តៅដោយសារអ្នកបើកបរងងុយដេក ។
ហេតុការណ៍ក្រឡាប់រថយន្តនេះបានបណ្តាលឱ្យអ្នកជិះនៅលើរថយន្តទាំង២នាក់នោះ កៀបជាប់នៅមាត់ទ្វាររថយន្តរយៈពេលជិត២០នាទី ទើបអ្នកភូមិឃើញមកជួយគាស់ចេញរួចដឹកទៅកាន់មន្ទីរពេទ្យខេត្ត ។ រីឯប្រេងចំនួន៥១ប៊ីដុង ខ្លះត្រូវបែកធ្លាយនៅប៊ីដុងទទេ ខ្លះទៀតមិនបែកធ្លាយត្រូវនគរបាលប៉ុសិ៍្តដឹកទៅកាន់ស្នងការដ្ឋានខេត្តកែប ដោយឡែករថយន្តរងការខូចខាតទាំងស្រុង។ ប្រជាពលរដ្ឋនិយាយថា អ្នកបើកបរទាំង២នាក់សំណាងហើយដែលប្រេងសាំងមិនផ្ទុះឆេះ ៕
ចែករំលែកព័តមាននេះ