ខេត្តកំពត ៖ កុមារីម្នាក់រៀននៅសាលាបឋមសិក្សាម៉ាក់ប្រាង្គ (ថ្នាក់ទី៤) ត្រូវបានគេព្រួតគ្នាវាយរហូតដល់សន្លប់ ដោយសារជនបង្កខឹងនឹងប្អូនកុមារីនេះឈ្លោះគ្នានៅសាលាជាមួយប្អូនរបស់ខ្លួន ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី២៦ ឧសភា នៅមុខផ្ទះកុមារីរងគ្រោះស្ថិតក្នុងភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ។
យោងតាមសម្តីស្ត្រីឈ្មោះសុះ សារ៉ស់ ជាម្តាយកុមារីរងគ្រោះបានឱ្យកោះសន្តិភាពដឹងថា នៅរសៀលថ្ងៃទី២៦ ឧសភា កូនប្រុសគាត់ឈ្មោះរីម ឡៃម៉ាន អាយុ៧ឆ្នាំ ទៅរៀនជាមួយកូនស្រីគាត់ដែលត្រូវគេវាយនោះនៅសាលាបឋមសិក្សាម៉ាក់ប្រាង្គ ។ ពេលនោះកូនប្រុសគាត់បានឈ្លោះគ្នាជាមួយក្មេងប្រុសរៀនថ្នាក់ជាមួយគ្នា អាយុស្របាលគ្នាតែបន្តិចបន្តួចទេនៅសាលាដោយសារនៅថ្ងៃនោះគ្រូមិនបានមកបង្រៀន រីឯរូបគាត់ក៏ពុំបាននៅផ្ទះដែររវល់ទៅចម្ការ ។
ស្ត្រីជាម្តាយបន្តទៀតថា ក្រោយពេលកូនគាត់ទាំងពីរនាក់បងប្អូនមកដល់ផ្ទះមួយសន្ទុះ ស្រាប់តែបងៗរបស់កុមារដែលឈ្លោះគ្នាជាមួយកូនគាត់មកតាមរកកូនប្រុសគាត់ ។ ពេលនោះកូនប្រុសគាត់ពុំបានជួបនឹងអ្នកដែលមករកទេ ពីព្រោះកំពុងនៅឯផ្ទះជីដូន ។ ពេលពួកគេមកដល់ផ្ទះគាត់បានស្រែកសួររកកូនប្រុសគាត់តែដោយមិនឃើញប្អូនប្រុស កូនស្រីគាត់ជាបងក៏បានចុះពីលើផ្ទះមកជួប ក៏ត្រូវពួកគេចាប់អូសដៃតាំងពីលើកាំជណ្តើរទាញចុះមកដី រួចម្នាក់ចាប់ដៃជាប់ទុកឱ្យម្នាក់ឈ្មោះស៊ូ ឡៃម៉ាន ភេទប្រុស អាយុ២៥ឆ្នាំ ជាបងប្រុសរបស់ក្មេងដែលឈ្លោះជាមួយកូនប្រុសគាត់វាយមកលើកូនស្រីគាត់តាមចិត្ត ។ ពេលនោះកូនស្រីគាត់ម្នាក់ទៀតឈ្មោះរីម រូហានី អាយុ១៨ឆ្នាំ មានប្តីនិងមានផ្ទៃ៤ខែផងនោះ បានរត់ទៅឃាត់កុំឱ្យពួកគេវាយធ្វើបាបប្អូន ក៏ត្រូវពួកគេវាយឱ្យរបួសយ៉ាងដំណំថែមទៀត ធ្វើឱ្យកូនស្រីគាត់ចុកពោះននៀលនៅកន្លែងកើតហេតុ ។ ក្រោយពីព្រួតវាយកូនស្រីគាត់អស់ចិត្តហើយពួកគេបានឡើងជិះម៉ូតូទៅផ្ទះបាត់ ។
ស្ត្រីជាម្តាយកុមារីរងគ្រោះបានបន្តទៀតថា នៅវេលាម៉ោង៣និង៣៥នាទីរសៀល រូបគាត់បានត្រឡប់មកពីចម្ការវិញឃើញកូនស្រីគាត់ទាំង២នាក់បងប្អូនយំដោយការឈឺចុកចាប់ ហើយអ្នកជិតខាងបានប្រាប់ពីដំណើររឿងដូចខាងលើទើបគាត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ក្រែង។ ពេលនោះប៉ូលិសក៏បានទៅហៅភាគីដៃដល់មកសួរនាំដើម្បីសម្រួលគ្នាបញ្ចប់រឿងតែគាត់ជាម្តាយមិនព្រមសម្រួលជាមួយភាគីជនដៃដល់ឡើយ គឺទុកឱ្យច្បាប់ជួយរកយុត្តិធម៌ដល់កូនស្រីគាត់ទាំងពីរនាក់ដែលរងគ្រោះដោយគេព្រួតគ្នាវាយនោះ ។
លោកអនុសេនីយ៍ទោលាង ស៊ុយ នាយប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ក្រែងបានឱ្យកោះសន្តិភាពដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៧ ឧសភា កន្លងមកនេះថា ក្រោយពីទទួលពាក្យបណ្តឹងពីគ្រួសារស្ត្រីនិងកុមារីរងគ្រោះ ភាគីចុងចោទបានបដិសេធថា ខ្លួនពុំបានវាយកុមារីនិងស្ត្រីមានផ្ទៃពោះទេ គឺក្មេង៤នាក់ជាអ្នកវាយ ហើយបានសុំឱ្យប៉ូលិសជួយសម្រួលបង់ថ្លៃព្យាបាល តែភាគីជនរងគ្រោះមិនព្រមដោយសុំឱ្យបញ្ជូនទៅសមត្ថកិច្ចថ្នាក់លើដើម្បីផ្តន្ទាទោសឱ្យសមនឹងកំហុសដែលខ្លួនបានប្រព្រឹត្ត ។ លោកមេប៉ុស្តិ៍បន្តទៀតថា លោកនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត។ ទោះបីជាបែបណា ព័ត៌មានចុងក្រោយពីមេប៉ុស្តិ៍ បានឱ្យដឹងថា មានចាស់ទុំខាងខ្មែរអ៊ិស្លាមបានហៅភាគីទាំង២ផ្សះផ្សាគ្នាបញ្ចប់រឿង ពីព្រោះជាជនខ្មែរអ៊ិស្លាមដូចគ្នា៕
ចែករំលែកព័តមាននេះ