ស្ករត្នោតកំពង់ស្ពឺប្រភេទម្សៅប្រមាណ១០០តោនត្រូវបានរំពឹងថា នឹងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។ អ្នកឡើងត្នោតអាចរកចំណូលបានប្រមាណ៥០០០ដុល្លារ ក្នុងមួយរដូវកាល ។ នេះបើតាមការបញ្ជាក់របស់ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករ ត្នោតកំពង់ស្ពឺប្រាប់កម្មវិធីលុយ នៃសារព័ត៌មានកោះសន្តិភាព ។
លោកបានឲ្យដឹងថា «បើតាមការបញ្ជាទិញមកដល់ថ្ងៃនេះជុំវិញ១០០តោនប្រភេទស្ករម្សៅ។ ក្រុមហ៊ុនដែលបានបញ្ជាទិញ គឺមាន៤ ។ តែនៅក្នុងពេលនេះយើងអត់ទាន់អាចជម្រាបថា ក្រុមហ៊ុនណាប៉ុន្មានបានទេ គ្រាន់តែថា បរិមាណដែលធ្វើកុងត្រាហើយ គឺចំនួន១០០តោន» ។
សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ មានពលរដ្ឋជាសមាជិតចំនួន១៥០គ្រួសារដោយពួកគេកំពុងផលិតស្ករ២ប្រភេទ គឺប្រភេទស្ករម៉ាកសម្គាល់ភូមិសាស្ត្រ(GI) ដែលលក់បានថ្លៃរហូតដល់មួយគីឡូក្រាម៧.៣០០រៀល និងប្រភេទស្ករសាច់ដែលមានតម្លៃពី៦.៥០០រៀលដល់៧.០០០រៀល ក្នុង១គីឡូក្រាម ។ សមាគមមិនមែនជាអ្នកទិញលក់នោះទេ គឺគ្រាន់តែគ្រប់គ្រងបរិមាណស្ករសម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះ ។ ពោល គឺ សមាគមគ្រាន់តែជាអ្នកចរចាតម្លៃជាមួយដៃគូចែកចាយ និងសម្របសម្រួលកិច្ចការមួយ ចំនួនប៉ុណ្ណោះ ។
លោក សំ សារឿន បន្តថា ការនាំចេញស្ករសរីរាង្គរបស់ខេត្តកំពង់ស្ពឺទៅក្រៅប្រទេសក្នុងឆ្នាំ ២០២៤ មានកំណើនខ្ពស់បើធៀបជាមួយនឹងឆ្នាំ២០២១ និង២០២២ ហើយនៅពេលនេះ គឺគ្រោងនាំចេញទៅកាន់ទីផ្សារប្រទេសអាមេរិក ។
លោក សំ សារឿន បន្ថែមថា «មកដល់ពេលនេះយើងនាំទៅទាំងអាស៊ីទាំងអឺរ៉ុបទៅដល់ ២០ប្រទេស ។ ហើយបណ្តាប្រទេសទាំង២០នេះគ្រាន់តែតួរលេខដំបូងទេ ។ វាអាចមាន ច្រើនជាងនេះ តែខ្ញុំមិនអាចរៀបរាប់អស់ដោយសារតែពេលនេះមានប្រទេសខ្លះ គឺគេបាននាំសាកល្បង ហើយខ្លះនាំចេញប្រមាណជា៣០០គីឡូក្រាម ដើម្បីសាកល្បងទីផ្សារ» ។
លោកប្រធានសមាគមបានឲ្យដឹងទៀតថា នៅពេលនេះស្កត្នោត អ្នកនៅខេត្តកំពង់ស្ពឺ ជាពិសេស គឺសមាជិកនៃសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ គឺអាចទទួលបានជីវភាពសមរម្យ និងធូរធារ ។ លោកបានបន្តថា ចាប់តាំងពីបានបង្កើតឡើងមកដល់ពេលនេះ អ្នកឡើងត្នោតនៅក្នុង សមាគម គឺអាចរកចំណូលពីការធ្វើស្ករត្នោតសរីរាង្គនេះជាមធ្យម គឺប្រមាណជា ៥០០០ ដុល្លារ នៅក្នុងមួយរដូវឡើងត្នោត ៕ ដោយៈ ស នីត
ចែករំលែកព័តមាននេះ