ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ខួង​ផែនដី​ដំណើរការ​ដល់​ណា​ហើយ? ចាប់តាំងពី​រុ​ស្ស៊ី​បិទ​រន្ធ​ជ្រៅ​បំផុត​លើ​លោក

2 ខែ មុន

អន្តរជាតិ ៖ ការ​ប្រណាំងប្រជែង​ជុំវិញ​ពិភពលោក ដើម្បី​ឈាន​ដល់​ចំណុចកណ្តាល​នៃ​ផែនដី​បានឃើញ​

អន្តរជាតិ ៖ ការ​ប្រណាំងប្រជែង​ជុំវិញ​ពិភពលោក ដើម្បី​ឈាន​ដល់​ចំណុចកណ្តាល​នៃ​ផែនដី​បានឃើញ​ថា ប្រទេស​ចិន ជប៉ុន និង​អា​ល្លឺ​ម៉​ង់ បាន​ខិតខំ​ប្រឹងប្រែង​លើ​ការ​ខួង​ជម្រៅ​ជ្រៅ​ចូល​ក្នុង​ស្នូលផែនដី ចាប់​តាំង​ប្រទេស​រុ​ស្ស៊ី​បាន​បិទ​រន្ធ​ដែល​ខួង​ជ្រៅ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​នៅ​លើ​ពិភពលោក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​កាសែត The Sun ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៤​។

រណ្តៅ Kola Superdeep Borehole របស់​រុ​ស្ស៊ី​នៅ​តែ​រក្សា​កំណត់​ត្រា​ជា​រន្ធ​ជ្រៅ​បំផុត​មិន​ធ្លាប់​មាននៅ​លើ​ពិភពលោក ដែល​មនុស្ស​បាន​ខួង​ក្នុង​ជម្រៅ ៤០,២៣០​ហ្វី​តទៅ​ក្នុង​ដី ដែល​ស្មើនឹង ១២,២៦២​គីឡូម៉ែត្រ ដែល​ចាប់ផ្តើម​ខួង​ជិត​ទីក្រុង Murmansk នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​១៩៧០ ដោយ​ប្រើ​ម៉ាស៊ីន Uralmash-4E និង​ម៉ាស៊ីន​ខួង​ស៊េរី Uralmash-15000​។ រន្ធ​នេះ ត្រូវ​បាន​បង្កើត​ក្នុង​សម័យ​សហភាព​សូ​វៀត សំដៅលើ​ផ្នែក​វិទ្យាសាស្ត្រ ដូច្នេះ​អ្នក​វិទ្យាសាស្ត្រ​អាច​ស្វែង​យល់​បន្ថែម​អំពី​ការ​ពិត​នៃ​ផែនដី តាម​រយៈ​ការ​ខួង​ដល់​ជម្រៅ​ជ្រៅ​មិន​ធ្លាប់​មាន​។

ទោះ​យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ឆ្នាំ ១៩៩២ ពួក​គេ​បាន​បញ្ឈប់​ការ​ខួង ដោយសារ​តែ​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ប្រហែល​១៨០​អង្សារ​សេ​ឯណោះ ដែល​ក្តៅ​ខ្លាំង​ជាង​ការ​រំពឹង​ទុក​របស់​អ្នក​វិទ្យាសាស្ត្រ ហើយ​រន្ធ​ត្រូវ​បាន​បិទ​ដោយ​គម្រប​ដែក​។ អ្នកជំនាញ​នៅ​តែ​រិះរក​វិធី​ដើម្បី​ជម្នះ​បញ្ហា​សីតុណ្ហភាព​ក្តៅ​ខ្លាំង​នេះ ប្រសិនបើ​ពួក​គេ​ចង់​រក្សា​ការ​ខួង ដោយ​មិន​បំផ្លាញ​ឧបករណ៍​ទាំងអស់​របស់​ពួក​គេ​ក្នុង​ដំណើរការ​ខួង​។

បច្ចុប្បន្ន​នេះ ប្រទេស​ចិន​កាន់តែ​ខិត​ជិត​ដល់កំណត់​ត្រា​របស់​ប្រទេស​រុ​ស្ស៊ី ខណៈ​ដែល​ប្រទេស​យក្ស​អាស៊ី​មួយ​នេះ នឹង​ព្យាយាម​ខួង​ជម្រៅ​ជាង ៣០,០០០​ហ្វី​ត ដែល​ស្មើនឹង ៩,១៤៤​គីឡូម៉ែត្រ​ចូល​ទៅ​ក្នុង​ស្នូលផែនដី ដោយ​ប្រើ​កប៉ាល់​ខួង​សមុទ្រ​ដំបូង​គេ​មានឈ្មោះ​ថា Mengxiang ។ សារព័ត៌មាន South China Morning Post បាន​រាយការណ៍​ថា បើ​ទទួល​បាន​ជោគជ័យ នេះ​នឹង​បង្ហាញ​ពី​ការ​បណ្តាក់ទុន​លើក​ដំបូង​ដ៏​សំខាន់​របស់​មនុស្សជាតិ ដោយ​នាំ​មក​នូវ​ការ​យល់​ដឹង​ថ្មី​ៗ និង​ប្រហែលជា​បំបែក​មូលដ្ឋាន​ថ្មី​ក្នុង​ការ​សិក្សា​វិទ្យាសាស្ត្រ​ផែនដី​។

ដោយឡែក ប្រទេស​ជប៉ុន​ឯណោះ​វិញ ក៏​ធ្លាប់​បាន​ប្រកាស​ពី​គម្រោង​ខួង​ផែនដី រហូត​ឈាន​ដល់​ដំណើរការ​ខួង​ផង​ដែរ​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៧ កប៉ាល់​ខួង​សមុទ្រ​មានឈ្មោះ​ថា Chikyu របស់​ជប៉ុន​បាន​ព្យាយាម​ក្នុង​ដំណើរការ​ខួង​របស់​ខ្លួន ហើយ​២​ឆ្នាំ​ក្រោយមក Chikyu ខួង​បាន ១០,៥៦០​ហ្វី​ត ស្មើនឹង ៣,២១៨​គីឡូម៉ែត្រ​នៅ​ក្រោម​បាតសមុទ្រ ដែល​ឆ្ងាយ​ពី​ការ​ប៉ុនប៉ង​របស់​ខ្លួន​ចង់បាន​ពី ៤,០២៣ ទៅ​ដល់ ៥,៩៥៤​គីឡូម៉ែត្រ​។

ប្រទេស​ផ្សេង​ទៀត​ក៏​បាន​អនុវត្ត​គម្រោង​ខួង​ជ្រៅ​សម្រាប់​គោលបំណង​ស្រាវជ្រាវ និង​រុករក​តាម​បែប​វិទ្យាសាស្ត្រ​ផង​ដែរ​។ ជាក់ស្តែង ប្រទេស​អា​ល្លឺ​ម៉​ង់​ក៏​បាន​អនុវត្ត​គម្រោង​ខួង​របស់​ខ្លួន ដូច​ជា​កម្មវិធី​ខួង​ជ្រៅ​ទ្វីប​អា​ល្លឺ​ម៉​ង់ ដែល​ហៅ​កាត់​ថា KTB ដោយ​បាន​ចាប់ផ្តើម​ក្នុង​ទស​វត្ស​ឆ្នាំ ១៩៨០ នៅ​ក្នុង​គោលបំណង​អង្កេត​សំបក​ផែនដី​។ គម្រោង KTB បាន​ឈាន​ដល់​ជម្រៅ​ប្រហែល ២៩,៥២៧​ហ្វី​ត ស្មើនឹង ៨.៩៩៩​គីឡូម៉ែត្រ ដែល​ជា​ការ​រក្សា​កំណត់​ត្រា​ជិត​នឹង​កំណត់​ត្រា​របស់​ប្រទេស​ចិន​៕ (​ប្រភព ៖ The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ