បណ្តាឧត្តមសេនីយ៍រត់ចោលជួរយេម៉ែនទៅចូលរួមជាមួយពួកប្រឆាំងបានចោទប្រកាន់លោកប្រធានាធិបតីអាលីអាប់ឌុលឡាហ៍ សាឡេហ៍ថា បានប្រគល់ខេត្តមួយនៅភាគខាងត្បូងប្រទេសទៅឱ្យពួកជ្រុលនិយមក្រោយការវាយដណ្តើមត្រួតត្រារបស់ពួកអាល់កៃដាលើទីក្រុង ZINJIBAR ។
អ្នកទទួលខុសត្រូវយេម៉ែនម្នាក់ប្រកាសថា ពួកជនប្រដាប់អាវុធមានទំនាក់ទំនងជាមួយអាល់កៃដាបានដណ្តើមត្រួតត្រាលើទីក្រុង ZINJIBAR ក្រោយការប្រយុទ្ធនានាជាមួយកងទ័ពដែលបណ្តាលឱ្យមនុស្សស្លាប់២៣នាក់ ក្នុងនោះមានជនស៊ីវិល៣នាក់កាលពីថ្ងៃទី២៩ ឧសភាកន្លងមកនេះ។
ក្នុងសេចក្តីប្រកាសមួយពួកនាយទាហានជាន់ខ្ពស់ប្រឆាំងទាំងនេះ ក្នុងនោះមានឧត្តមសេនីយ៍អាលីម៉ូសេន អាហ៍ម៉ា ដែលចូលដៃជាមួយពួកប្រឆាំងកាលពីខែមីនាបានចោទប្រកាន់លោកសាឡេហ៍ ថា បានផ្តល់ខេត្តអាប៊ីយ៉ានឱ្យពួកក្រុមភេរវករប្រដាប់អាវុធ ហើយអំពាវនាវដល់កងទ័ពឱ្យវាយប្រហារលើពួកនោះ។ ពួកឧត្តមសេនីយ៍ទាំងនោះក៏ចោទប្រកាន់លោកសាឡេហ៍ ផងដែរថា ចង់ក្តោបកងទ័ពយេម៉ែនហើយអំពាវនាវដល់បណ្តាកងឯកភាពដែលនៅស្មោះត្រង់ចំពោះប្រមុខរដ្ឋឱ្យងាកទៅចូលរួមជាមួយពួកប្រឆាំង។
ពួកប្រឆាំងវាយតម្លៃថា លោកសាឡេហ៍ បានប្រគល់ខេត្តនេះឱ្យពួកក្រុមប្រដាប់អាវុធដើម្បីបង្ហាញពីការគំរាមកំហែងរបស់អាល់កៃដា ហើយអាចបន្តទទួលបានការគាំទ្រជាអន្តរជាតិ។ លោកសាឡេហ៍ដែលបដិសេធមិនព្រមចាកចេញពីអំណាច ទោះបីមានការគាបសង្កត់របស់បាតុកម្មបានអះអាងនាពេលថ្មីៗនេះថា អសន្តិសុខនឹងអាចកើតមានដោយសារខេត្តជាច្រើននៅភាគខាងត្បូង និងភាគខាងកើតប្រទេសអាចធ្លាក់ក្នុងកណ្តាប់ដៃពួកអាល់កៃដា ៕
ចែករំលែកព័តមាននេះ