ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​​​អិន​ស៊ី​អ៊ិច​ចុះ​បង្រៀន​​​ច្បាប់​​បើក​​បរ​ដល់​​សិស្ស​​សាលា​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដើម្បី​ចូល​រួម​អប​អរ​សាទរ​​​ខួប​លើក​ទី​៦២ ​ទិវា​កុមារ​អន្តរ​ជាតិ​១​មិថុនា ​ក្រុម​ហ៊ុន​​អិន​ស៊ី​អ៊ិច​ហុង​ដា​បាន​បង្កើត​​​ឱ្យ​មាន​​ព្រឹត្តិ​ការណ៍​បង្រៀន​​ច្បាប់​ចរា​ចរណ៍​​​​ របៀប​​បើក​បរ​ និង​ការ​​ដើរ​ឆ្លង​ថ្នល់​​ដល់​សិស្ស​សាលា​បឋម​សិក្សា និង​អនុ​វិទ្យា​ល័យ​ពោធិ​ចិន​តុង​ កាល​ពី​​ថ្ងៃទី​២៧ ឧសភា កន្លង​មក​នេះ

រាជធានីភ្នំពេញ ៖ ដើម្បី​ចូល​រួម​អប​អរ​សាទរ​​​ខួប​លើក​ទី​៦២ ​ទិវា​កុមារ​អន្តរ​ជាតិ​១​មិថុនា ​ក្រុម​ហ៊ុន​​អិន​ស៊ី​អ៊ិច​ហុង​ដា​បាន​បង្កើត​​​ឱ្យ​មាន​​ព្រឹត្តិ​ការណ៍​បង្រៀន​​ច្បាប់​ចរា​ចរណ៍​​​​ របៀប​​បើក​បរ​ និង​ការ​​ដើរ​ឆ្លង​ថ្នល់​​ដល់​សិស្ស​សាលា​បឋម​សិក្សា និង​អនុ​វិទ្យា​ល័យ​ពោធិ​ចិន​តុង​ កាល​ពី​​ថ្ងៃទី​២៧ ឧសភា កន្លង​មក​នេះ ។

​លោក​ដួង យ៉ាណាត ប្រធាន​​​គ្រប់​គ្រង​​ផ្នែក​សុវត្ថិ​ភាព​​បើក​បរ​​របស់​ក្រុម​ហ៊ុន NCX HONDA បាន​ឱ្យ​ដឹង​ថា ​នា​ពេល​បច្ចុ​ប្បន្ន​​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​វិញ្ញាសា​​មួយ​ដ៏​ចម្បង​​ក្នុង​ប្រទេស​​កម្ពុជា ដោយ​រាជ​រដ្ឋា​ភិបាល ​​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ និង​ក្រុម​ហ៊ុន​​ឯក​ជន​នានា​​បាន​សហ​ការចុះ​ធ្វើ​​យុទ្ធ​នា​ការ​​ក្នុង​ការ​ទប់​ស្កាត់​ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរ​ាចរណ៍​ តាម​រយៈ​​សកម្ម​ភាព​​នានា​ជា​ច្រើន​ ដើម្បី​អប់រំ​​ឱ្យ​ប្រជាពល​រដ្ឋ​​យល់​ដឹង​អំពី​សុវត្ថិ​ភាព​ក្នុង​ការ​បើក​បរ​ និង​ច្បាប់​ចរា​ចរណ៍ ។

​ការបណ្តុះ​គំនិត​យុវ​វ័យ ​និង​កុមារ​ឱ្យ​យល់​​ដឹង​​អំពី​ច្បាប់​​ច​រា​ច​រណ៍​ និង​សុវត្ថិ​ភាព​បើក​បរ​នៅ​លើ​ផ្លូវថ្នល់​ គឺ​ជា​កូន​សោ​មួយ​ដ៏​សំខាន់ ​ដើម្បី​ឈាន​ឆ្ពោះ​​ទៅ​​កាន់​វប្ប​ធម៌​​​នៃ​ការ​គោរព​ប្រតិ​បត្តិ​ច្បាប់ ដើម្បី​ទប់​ស្កាត់​​ និង​កាត់​បន្ថយ​​គ្រោះថ្នាក់​​ចរា​ចរណ៍ ។

​ដើម្បី​ចូល​​រួម​​ចំណែក​ក្នុង​សង្គម​ក្នុង​ការ​កាត់​បន្ថយ​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ឱ្យ​មាន​​កម្រិត​​ទាប ក្រុម​ហ៊ុន​​អិន ស៊ី អ៊ិច ហុង​ដា ក៏​បាន​បង្កើត​​សាលា​បង្រៀន​​បើក​បរ​ទោ​ចក្រ​​យាន​យន្ត​ ដើម្បី​​ផ្សព្វ​ផ្សាយ​​ពី​ច្បាប់​ច​រា​ចរណ៍​ និង​សុវត្ថិ​ភាព​បើក​បរ​​​ដល់​ប្រជា​ពល​រដ្ឋ​ទូទៅ​ដោយ​ឥត​គិតថ្លៃ ។ ​ទន្ទឹម​​នឹង​នេះ ក្រុម​ហ៊ុន​​មាន​គម្រោង​ចុះ​ទៅ​ណែនាំ​ និង​ផ្តល់​ចំណេះ​ដឹង​ពី​ច្បាប់​ចរា​ចរណ៍​​ដល់​សិស្សា​នុ​សិស្ស​​នៅតាម​សាលា​បឋម​សិក្សា​​នានា​ក្នុង​​រាជ​ធានីភ្នំពេញ ​ដោយ​កម្ម​​វិធី​នេះ​មាន​ឈ្មោះ​​ថា «សុវត្ថិ​ភាព​ចរា​ចរណ៍​សម្រាប់​កុមារ» “Road Safety For Kid Program” ក្នុង​គោល​បំណង​ដើម្បីបណ្តុះ​គំនិត​កុមារ​​ឱ្យ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ និង​សុវត្ថិ​ភាព​លើ​​ផ្លូវ​ថ្នល់​​​តាំង​ពី​វ័យ​ក្មេង​​ ។

លោក​ដួង យ៉ា​ណាត បន្ត​ថា ​ការ​បង្រៀន​​ទ្រឹស្តី​​នៅ​ពេល​នេះគឺ ​លើក​ឡើង​​នូវ​ចំណុច​​មួយ​ចំនួន​ក្នុង​ច្បាប់​​​ចរាចរណ៍​ផ្លូវ​គោក ដើម្បី​​ធ្វើ​ឱ្យ​កុមារ​​យល់​ដឹង​អំពី​ល្បឿន​នៃ​ការ​បើក​បរ និង​ការ​ពិសា​គ្រឿង​ស្រវឹង ហើយ​កុមារ​ជា​អ្នក​នាំ​សារ​ដល់​មិត្ត​ភក្តិ​ បង​ប្អូន និង​ឪពុក​ម្តាយ ។ សុវត្ថិ​ភាព​នៃ​ការ​ជិះ​កង់​នៅ​លើ​ផ្លូវ​ថ្នល់ ដើម្បី​ឱ្យ​កុមារ​បា​ន​យល់​ដឹង​ពី​​​របៀប​​​នៃ​ការ​ជិះ ដូច​ជា នៅពេល​ជិះ​កង់​ចេញពី​ផ្លូវ​តូច​ចូល​ផ្លូវ​ធំ ត្រូវ​តែ​ឈប់​រង់​ចាំ​មើល​ឆ្វេង​ស្តាំ ទើប​ជិះ​កង់​បន្ត​ដំណើរ​ទៅ​ទៀត ។ ​របៀប​នៃ​ការ​ដើរ​ឆ្លង​​កាត់​ផ្លូវ ដើម្បី​ឱ្យ​មាន​សុវត្ថិភាព សំដៅ​ឱ្យ​កុមារ​​យល់​ដឹង​ពីគំនូស​សញ្ញា​លើ​ផ្លូវថ្នល់ ​និង​ឆ្លង​កាត់​ថ្នល់​​ដោយ​​សុវត្ថិ​ភាព។ សារ​សំខាន់​​នៃ​ការ​ពាក់​មួក​សុវត្ថិ​ភាព​ និង​ការ​ពាក់​មួក​សុវត្ថិ​ភាព​​ឱ្យ​បាន​ត្រឹម​ត្រូវ​ ការ​បង្ហាត់​​បង្ហាញ​ពី​គន្លង​ផ្លូវ​ តើ​ត្រូវ​ជិះ​​នៅ​គន្លង​​ណា ដើម្បី​ឱ្យ​បាន​​​ត្រឹម​ត្រូវ និង​មាន​សុវត្ថិ​ភាព ។ ​ការ​បង្ហាញ​ពី​ស្លាក​សញ្ញា​ចរាចរណ៍​សំខាន់​ៗខ្លះដែល​កុមារ​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ។ ការ​អនុ​វត្ត​ដៃ​ចង្កូត​​មាន​ ​ដូច​ជា ការ​ត្រួតពិនិត្យ​​យាន​ជំនិះ​មុន​ពេល​បើក​បរ, ​ការ​ជិះ​កង់​ចូល​ផ្លូវ​រង្វល់​មូល, ​ការ​ជិះ​កង់​​ឈប់​នៅ​ត្រង់​ផ្លូវ​ថ្មើ​រ​ជើង, ​ការ​ជិះ​កង់​​ឈប់​នៅ​ត្រង់​ភ្លើង​ស្តុប, ការ​ជិះ​កង់​​បត់​ឆ្វេង​​ និង​បត់​ស្តាំ, ការ​ជិះ​កង់​​លើ​បន្ទះ​ក្តារ​ទប់​លំនឹង​ខ្លួន និង​​ការបង្ហាត​់​បង្ហាញ​​ដល់​កុមារ​ពី​ឥរិយា​បថ​​ក្នុង​ការ​បើក​បរ​តាម​រយៈ​កុំព្យូទ័រ​​វីដេ​អូហ្គេម ។ លោក​ដួង យ៉ាណាត បញ្ជាក់​ថា ​ក្នុងមួយ​ថ្ងៃៗ​​កុមារ​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​អាយុ​៦​ឆ្នាំ ​ដល់​១៤​ឆ្នាំ បា​ន​ស្លាប់ និង​​រង​របួស​ជា​ច្រើន​​ដោយ​សារ​គ្រោះថ្នាក់​​ចរា​ចរណ៍ ។

បើ​​យោង​តាម​​របាយ​ការណ៍​​របស់​អង្គ​ការ​ក្រៅ​រដ្ឋា​​ភិបាល​​មួយ​ គឺ​អង្គ​ការ​ Handicap បាន​បង្ហាញថា គ្រោះថ្នាក់​​ចរាចរណ៍​ផ្លូវគោក​​នៅឆ្នាំ​២០១០ ​គឺ​មាន​មនុស្ស​ស្លាប់​១.៨១៦​នាក់ ​និង​រង​របួស​ធ្ងន់​៦.៧១៨​នាក់ ​ក្នុង​​នោះ​មាន​កុមារ​​ដែល​មាន​អាយុ​​ចាប់​ពី​០-១៤​ឆ្នាំ ​គឺ​៨​ភាគ​រយ បាន​ស្លាប់​​​នៃ​ចំនួន​អ្នក​ស្លាប់​ទាំង​អស់ និង​១០​ភាគ​រយ​រង​របួស​នៃ​អ្នក​រង​របួស​​ទាំង​អស់ ។ ក្នុង​ចំនួន​នោះ ៧០​ភាគ​រយ​​គឺ​ជា​សិស្ស ដូច្នេះ​​គ្រោះថ្នាក់​ចរាចរណ៍​គឺ​ជា​វិញ្ញា​សា​​មួយ​ដ៏​ចម្បង​​ក្នុង​ប្រទេស​កម្ពុជា ដោយ​​រាជ​រដ្ឋាភិបាល​​ អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​​​ និង​ក្រុម​ហ៊ុន​​ឯក​ជន​នានាបាន​សហ​ការ​ចុះ​ធ្វើ​យុទ្ធ​នា​ការ​ទប់​ស្កាត់​ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​តាម​រយៈ​សកម្ម​ភាព​​នានា​ជា​ច្រើន ដើម្បី​អប់រំ​​ផ្សព្វ​ផ្សាយ​​ឱ្យ​ប្រជាពល​រដ្ឋ​បាន​យល់​ដឹង​អំពី​សុវត្ថិ​ភាព​ក្នុង​ការបើក​បរ​ និង​ច្បាប់​ចរា​ចរណ៍ ។

ដើម្បី​ចូលរួម​ចំណែក​​ក្នុង​​សង្គម​ក្នុង​ការ​​កាត់​បន្ថយ​​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ឱ្យ​មាន​កម្រិត​ទាប​ ក្រុម​ហ៊ុន​​អិន​ស៊ីអ៊ិច​ហុង​ដា ក៏​បាន​បង្កើត​​សាលា​បង្រៀន​​បើក​បរ​ទោ​ចក្រ​​យាន​យន្ត​ ដើម្បី​ផ្សព្វ​ផ្សាយ​​ពី​ច្បាប់​ចរា​ចរណ៍​ និង​សុវត្ថិ​ភាព​បើក​បរ​ដល់​ប្រជា​ពល​រដ្ឋ​​ទូទៅដ​ោយ​ឥត​គិតថ្លៃ ។ ​​បន្ថែម​ពី​លើ​នេះ​ទៀត សាលា​បាន​ផ្តល់​​ឯក​សារ​រៀន​ មាន​​ម៉ូតូ​ស៊េរី​ថ្មី​ទំនើបៗ​ទាន់​សម័យ​ និង​សម្ភារ​​សុវត្ថិ​​ភាព​​ផ្សេងៗ​ទៀត ដើម្បី​អនុ​វត្ត​ដៃ​ចង្កូត​នៅ​លើ​ទីលាន​ដែល​ប្រកប​​ដោយ​ស្តង់​ដា​​បច្ចេក​ទេស។ វគ្គ​សិក្សា​មា​ន​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សៅរ៍ ​​លើក​លែង​តែ​​ថ្ងៃអាទិត្យ ។ ​ក្រោយ​បញ្ចប់​ការ​សិក្សា​ សាលា​នឹង​ចេញវិញ្ញា​បន​បត្រ​​បញ្ជាក់​ការ​សិក្សា​១​ច្បាប់​​ ដើម្បី​យក​ទៅ​ដាក់​ពាក្យ​សុំ​ប្រឡង​យក​ប័ណ្ណបើក​បរ​ម៉ូតូ ។
​ពិសេស​ជាង​នេះ​ទៀត ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ប្រឡង​យក​ប័ណ្ណ​បើក​បរ​នោះ សាលា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​មន្ទីរ​សាធា​រណ​ការ​ និង​ដឹក​ជញ្ជូន​​ ធ្វើការ​ប្រឡង​យក​ប័ណ្ណ​បើក​បរ​នៅ​សាលា​បង្រៀន​​បើក​បរ​ម៉ូតូ អិន ស៊ី អ៊ិច ​ហុង​ដា ​​នេះ​តែ​ម្តង ។ ​ទន្ទឹម​នឹង​នេះ​ដែរ​ ដោយ​សា​រតែ​អត្រា​អ្នក​ស្លាប់​​បណ្តាល​​មក​ពី​គ្រោះ​ថ្នាក់​​ចរាចរណ៍​ច្រើន​នោះ​ ជា​ពិសេស​​គឺ​កុមារ​​ដែល​មាន​អាយុ​ចាប់​​ពី​៥​ឆ្នាំ​ដល់​១១​ឆ្នាំ ក្រុម​ហ៊ុន​អិន​ស៊ីអ៊ិច បាន​បង្កើត​កម្ម​វិធី​សុវត្ថិ​ភាព​​ចរា​ចរណ៍​សម្រាប់​​កុមារ​នៅតាម​សាលា​បឋម​សិក្សា​​នានាក្នុង​រាជ​ធានី​ភ្នំពេញ ដោយ​លើក​ទី១ នេះ​សាលា​ជ្រើស​​រើស​​យក​សាលា​​បឋម​សិក្សា​ពោធិចិនតុន ​ដើម្បី​អប់រំ​សិស្សា​​នុសិស្ស​​ឱ្យ​បាន​​យល់​ដឹង និង​គោរពច្បាប់​ ឬ​ចេះ​មើល​​ស្លាក​សញ្ញា​ចរា​ចរណ៍​​​​តាំងពី​​បឋម​វ័យ។

​នីតិ​វិធី​នៃ​ការ​ដាក់​ពាក្យ​សុំ​ចូល​​រៀន​បើក​បរ​ម៉ូតូ​នៅ​សាលា​បង្រៀន​​បើក​បរ អិន ស៊ី អ៊ិច សូម​ភ្ជាប់​​មក​ជា​មួយ​នូវ​​​រូប​ថត​ទំហំ ៤X៦ ​ចំនួន​២​សន្លឹក និង​អត្តសញ្ញាណ​ប័ណ្ណ សៀវ​ភៅ​​គ្រួសារ​​ ឬ​សំបុត្រ​​កំណើត​​ថត​ចម្លង​​១​សន្លឹក ។ ​អាសយ​ដ្ឋាន៖ ផ្លូវ​វេង​ស្រេង សង្កាត់ចោម​ចៅ ​ខណ្ឌ​ដង្កោ ​រាជធានី​ភ្នំពេញ។ សម្រាប់​ព័ត៌​មាន​បន្ថែម​​សូម​​ទាក់​ទង​មក​ទូរស័ព្ទ​លេខ ០១២ ៩៤៥ ៣០៨ និង​០៨៥ ៩៧១ ៣៣៣ ៕