រដ្ឋផ្លរីដា៖ ប្រិយមិត្តដែលនិយមទស្សនាកម្មវិធីកម្សាន្តកីឡាកាស WWE នៅលើសង្វៀន Raw និង Smackdown ប្រហែលជាស្គាល់លោកម៉ាក់ម៉ាហន (McMahon) ជាអគ្គនាយកក្រុមហ៊ុននេះ។ លោកត្រូវតែបង្ខំចិត្តចុះចេញពីតំណែងដោយសារមានក្ដីក្ដាំនៅតុលាការ។ នារីឈ្មោះជេនែល ក្រេន (Janel Grant) ដែលធ្លាប់បម្រើការនៅក្នុងក្រុមហ៊ុន WWE បានចោទប្រកាន់ថាលោកម៉ាក់ម៉ាហនបៀតបៀនផ្លូវភេទ និងយកនាងធ្វើជានុយអូសទាញកីឡាកាសល្បីៗចុះកុងត្រានៅក្នុងក្រុមហ៊ុនលោក។

អ្នកនាងជេនែលក្រេន (Janel Grant) ជាអតីតបុគ្គលិករបស់ WWE និងបានចោទប្រកាន់ថាលោកម៉ាក់ម៉ាហន និងលោកម្នាក់ទៀតឈ្មោះឡូរីណាទីស (Laurinaitis) ធ្វើជាមេអណ្ដើកឱ្យនាងទាក់ទងបុរសៗដែលជាតារាល្បីៗលំដាប់ពិភពលោក ដើម្បីស្ទូចយកពួកគេមកសម្ដែងនៅក្នុងក្រុមកីឡាកាស WWE។ ពេលជួបលោកម៉ាក់ម៉ាហនដំបូង អ្នកនាងក្រេនជាមនុស្សអត់ការងារធ្វើ ហើយថែមទាំងជួយដោះបំណុលរបស់ប៉ាម៉ាក់ដែលជំពាក់គេវ័ណ្ឌកដោយសារក្ស័យធន។ នៅក្នុងពាក្យបណ្ដឹងនោះ អ្នកនាងក្រេនចោទប្រកាន់ថាលោកម៉ាក់ម៉ាហនបានដាក់សម្ពាធឱ្យអ្នកនាងខិតខំដើរទាក់ទងតារាៗខាងកីឡាកាសដែលគាត់ចង់ឱ្យទាក់ទង។ គាត់សន្យាថាឱ្យតែអ្នកនាងខំប្រឹងទាក់ទងបាន គាត់នឹងជួយឱ្យឡើងតំណែងនៅ WWE។

នៅក្នុងស្ថានភាពពិបាកសព្វគ្រប់បែបនេះ អ្នកនាងក្លាយជាកូនអុករបស់គេទាំងខ្លួនមិនចង់។ យោងតាមពាក្យបណ្ដឹងនោះ អ្នកនាងក្រេនធ្វើការនៅការិយាល័យ WWE ប្រចាំរដ្ឋខន់ណិកធីខាត់ (Connecticut) ចាប់ពីឆ្នាំ២០១៩-២០២២។ អ្នកនាងទទួលអារម្មណ៍ថាខ្លួនឯងធ្លាក់ទៅក្នុងស្ថានភាពដែលនឹកស្មានមិនដល់ «អ្នកនាងត្រូវតែធ្វើតាមការបង្ខំរបស់លោកម៉ាក់ម៉ាហនដែលប្រើឱ្យនាងប្រើសម្រស់ដើម្បីទាក់ក្រុមកីឡាកាសទាំងនោះ។ បើមិនដូច្នេះទេនឹងត្រូវបាត់បង់អ្វីៗគ្រប់យ៉ាង»។

អ្នកនាងក្រេនចោទប្រកាន់ថាលោកម៉ាក់ម៉ាហនបានបង្ខំឱ្យនាងប្រព្រឹត្តទង្វើអនាចារនៅកន្លែងធ្វើការរបស់ WWE ដោយមិនប្រកាន់ថានៅក្នុងម៉ោងធ្វើការ ឬក្រៅម៉ោងទេ។ អ្នកនាងក៏បានចោទប្រកាន់ថាលោកម៉ាក់ម៉ាហន និងបក្សពួករបស់គាត់ម្នាក់ទៀតបៀតបៀនផ្លូវភេទនាងនៅកន្លែងធ្វើការ WWE ប្រចាំរដ្ឋខន់ណិកធីខាត់ (Connecticut) កាលពីខែមិថុនា ឆ្នាំ២០២១។

ឆ្នាំ២០២២ ក្រុមប្រឹក្សាភិបាល WWE ប្រកាសចុះស៊ើបអង្កេតករណីមិនប្រក្រតីមួយដែលថាលោកម៉ាក់ម៉ាហន និងអតីតបុគ្គលិកម្នាក់ព្រមព្រៀងគ្នាសម្ងាត់ផ្ដល់ប្រាក់៣លានដុល្លារជាថ្នូរនឹងការលាក់រឿងអាស្រូវផ្លូវភេទ។ កាលនោះ តំណែងរបស់លោកម៉ាក់ម៉ាហនជានាយកស្ដីទី និងប្រធានក្រុមប្រឹក្សាភិបាលត្រូវដកហូតឱ្យកូនស្រីរបស់លោកកាន់ជំនួស។ លុះដល់ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនបិទបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន ហើយលោកម៉ាក់ម៉ាហនក៏ទទួលបានតំណែងនោះមកវិញ។

អ្នកនាងក្រេនយល់ថាការស៊ើបអង្កេតនោះធ្វើឡើងឱ្យតែល្អមើល។ ក្រុមហ៊ុនព្យាយាមបិទបាំងរឿងអាស្រូវប្រៀបដូច «បោសសំរាមចូលក្រោមកម្រាលព្រំ»។ ជាក់ស្ដែង គណៈកម្មការស៊ើបអង្កេតនេះមិនដែលទាក់ទងទៅអ្នកនាង ឬស្នើសុំឯកសារពីនាងម្ដងណាទេ។ ប្រតិកម្មចំពោះបញ្ហានេះ, លោកម៉ាក់ម៉ាហនសូមបដិសេធការចោទប្រកាន់ និងចាត់ទុកថាការរៀបរាប់នៅក្នុងពាក្យបណ្ដឹងនោះជាការភូតកុហក, បង្កប់អត្ថន័យអនាចារ្យដែលមិនដែលកើតឡើងជាក់ស្ដែង និងជាការចោទប្រកាន់ក្បត់ការពិត។

នៅទីបញ្ចប់លោកសុខចិត្តចុះពីតំណែងនៅក្នុងពេលនេះដើម្បីជាការគោរពចំពោះស្ថាប័ន WWE Universe, ក្រុមហ៊ុន TKO, សមាជិកក្រុមប្រឹក្សាភិបាល, ម្ចាស់ភាគហ៊ុន, អ្នកពាក់ព័ន្ធដទៃទៀត។ ជាពិសេស តារាល្បីៗនៃក្រុមកីឡាកាសដែលចូលរួមធ្វើឱ្យស្ថាប័ន WWE មានឈ្មោះបោះសំឡេងឈានមុខគេនៅលើពិភពលោកដូចសព្វថ្ងៃ។ WWE ផ្សាយនៅក្នុងប្រទេសជាង១៨០ជា៣០ភាសាផ្សេងៗគ្នា។ លោកម៉ាក់ម៉ាហនធ្លាប់ឡើងសង្វៀនវាយជាមួយលោកដូណាល់ត្រាំទៀតផងក្នុងឋានៈជាការប្រកួតសេដ្ឋីប្រាក់ពាន់លានដុល្លារ៕
ប្រភព៖ BBC
https://www.bbc.com/news/world-us-canada-68115968


ចែករំលែកព័តមាននេះ