ខេត្តកំពង់ចាម ៖ ជីវិតបុរស២នាក់នៅក្នុងថ្ងៃតែមួយ គឺថ្ងៃទី២៧ ឧសភា ត្រូវបានបញ្ចប់ ដោយការចង.កធ្វើអត្តឃាតដូចគ្នាដែលម្នាក់នៅស្រុកបាធាយ និងជាកូនកំលោះដែលនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះត្រូវចូលរោងការ ។ ចំណែកម្នាក់ទៀតតូចចិត្តនឹងជំងឺព្យាបាលមិនជាចេញពីរាជធានីភ្នំពេញទៅចង.កនៅផ្ទះម្តាយបង្កើតនៅស្រុកកំពង់សៀម ស្លាប់ចោលភរិយា និងកូនដែលមានអាយុទើបតែបាន១០ខែ ។
លោក ញឹម ចន្ធី នាយប៉ុស្តិ៍រដ្ឋបាលឃុំតាំងក្រសាំង ស្រុកបាធាយ បានប្រាប់ពីករណីទី១ឱ្យដឹងថា កូនកំលោះឈ្មោះឆាំ ឆេម អាយុ២៣ឆ្នាំ រស់នៅភូមិក្រដាស«ខ» ឃុំតាំងក្រសាំង ស្រុកបាធាយ ត្រូវបានឪពុកម្តាយទៅស្តីដណ្តឹងកូនក្រមុំរបស់អ្នកភូមិផងរបងជាមួយ ដែលមានចំងាយពីផ្ទះប្រហែល៥០០ម៉ែត្រ កាលពីថ្ងៃទី១៥ ឧសភា ហើយបានព្រមព្រៀងគ្នាកំណត់យកថ្ងៃទី៣០ ឧសភា ត្រូវរៀបមង្គលការតាមប្រពៃណី ។
លោកនាយប៉ុស្តិ៍ឃុំតាំងក្រសាំង បានប្រាប់បន្តថា បន្ទាប់មកកូនក្រមុំកូនកំលោះបានជិះម៉ូតូឌុបគ្នាទៅសុំពាក្យនៅសាលាឃុំ ដើម្បីរៀបអាពាហ៍ពិពាហ៍ ។ ក្រោយមកទៀតពួកគេបានទៅចូលរួមមង្គលការរបស់អ្នកភូមិនិងថែមទាំងបានរាំលេងជាមួយគ្នាទៀតផង ។ លុះថ្ងៃរៀបការកាន់តែខិតមកដល់នោះ មេបាទាំងសងខាងទៅជួលរោងការ ម្ហូបអាហារ ភ្លេងខ្មែរនិងតន្ត្រីសព្វគ្រប់អស់ទៅហើយ រីឯសំបុត្រអាពាហ៍ពិពាហ៍ក៏បានចែកអស់ហើយ បែរជានៅយប់ថ្ងៃទី២៦ឧសភាចន្លោះវេលាម៉ោង១២ទៅម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ឧសភា ២០១១ កូនកំលោះឈ្មោះឆាំ ឆេម ទៅចង.កនៅក្នុងរោងដាក់ជីអាចម៍គោ ចម្ងាយប្រមាណ២០ម៉ែត្រខាងក្រោយផ្ទះ ។ រហូតដល់វេលាម៉ោង៤ទៀបភ្លឺឪពុកឈ្មោះឆិត ឆាំ អាយុ៥៤ឆ្នាំ ទៅបត់ជើងនៅខាងក្រោយផ្ទះបញ្ចាំងភ្លើងពិល ស្រាប់តែប្រទះឃើញកូនប្រុសចង.កទើបស្រែកហៅកូនៗនៅលើផ្ទះឱ្យនាំគ្នាទៅជួយស្រាយចំណងចេញដើម្បីសង្គ្រោះអាយុជីវិត តែហួសពេលអស់ទៅហើយ ។
ប្រភពដដែលបន្តថា បន្ទាប់មកគឃើញកូនក្រមុំមកដល់ផ្ទះកូនកំលោះសម្រក់ទឹកភ្នែកនឹកស្តាយស្រណោះអាណិតដល់អនាគតស្វាមីទាំងក្តុកក្តួលបំផុត ។ ពិធីមង្គលការដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៣០ ឧសភា ត្រូវបានអាក់ខានទៅវិញ ។ ចំពោះហេតុការណ៍ដែលកូនកំលោះ សម្រេចចិត្តចងកធ្វើអត្តឃាតបែបនេះ ត្រូវក្រុមគ្រួសារនិយាយថា បណ្តាលមកពីខ្មោចចូល ព្រោះក្នុងគ្រួសារគ្មានបញ្ហាអ្វីកើតឡើងទេ។
ចំពោះករណីទី២ បុរសឈ្មោះហោ សាត អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងក្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានទៅចង.កធ្វើអត្តឃាតនៅលើផ្ទះរបស់ម្តាយ ស្ថិតនៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀមកាលពីម៉ោងប្រហែលជាង១រសៀលថ្ងៃទី២៧ ឧសភា ២០១១ ដោយប្រើចំណងខ្សែគោប្រវែង៣ម៉ែត្រ។ តាមស្រ្តីជាប្រពន្ធឈ្មោះស៊ាន រតនៈ អាយុ២៨ឆ្នាំ រៀបរាប់ប្រាប់ថា មុនពេលកើតហេតុចំនួន៣ថ្ងៃ ប្តីគាត់ដែលមានមុខរបរប្តូរលុយ និងលក់ស៊ីមកាតទូរស័ព្ទប្រាប់ថា មិនស្រួលខ្លួន ហើយត្រូវនាងជាប្រពន្ធប្រាប់ឱ្យទៅពេទ្យ តែប្តីមិនព្រមទៅទេដោយបាននិយាយថា«មិនអីទេផ្តាសាយធម្មតា»។ នៅល្ងាចថ្ងៃទី២៦ ឧសភា ប្តីបានធ្លោយមាត់ប្រាប់ថា « ថ្ងៃក្រោយប្រសិន ណាបើអត់ពីបងទៅ អូនត្រូវមើលថែទាំកូនប្រុស អាយុ១០ខែនេះផង» ។ មកដល់ម៉ោងជិត៩ព្រឹក ថ្ងៃទី២៧ ឧសភា ស្រាប់តែបាត់ប្តីមិនដឹងជាទៅ ទីណានោះទេ នាងបានទូរស័ព្ទសួរក្រុមសាច់ញាតិនៅភូមិត្រពាំងក្លឹងនោះដែរ តែមិនមានអ្នកណាម្នាក់បានឃើញថាចេញទៅណាឡើយ ហើយទូរស័ព្ទក៏ចុចមិនចូលទៀតរឹតតែធ្វើឱ្យនាងព្រួយបារម្ភខ្លាំងឡើងៗ ។ លុះមកដល់ម៉ោងជាង៤ រសៀលថ្ងៃដដែលនាងបានទទួលដំណឹងថា ប្តី បានចង.កធ្វើអត្តឃាតនៅផ្ទះម្តាយក្មេកនៅភូមិ ដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ។
តាមស្រ្តីចំណាស់ឈ្មោះញឹម អាន អាយុ៦០ឆ្នាំ ត្រូវជាម្តាយបង្កើតនៃសពបានប្រាប់ថា ក្នុងពេល ដែលបាត់កូនប្រុសពីផ្ទះនៅភ្នំពេញ គាត់បានទៅ រកគ្រូឱ្យទស្សន៍ទាយមើល បែរជាគ្រូប្រាប់ថា កូន ប្រុសគាត់រត់តាមស្រីចេញទៅបាត់ហើយ។ បន្ទាប់ មកគូនោះទៀតទាយថា នៅម៉ោងជាង៤រសៀល ថ្ងៃទី២៧ ឧសភា នឹងដឹងដំណឹងហើយ។ កូនប្រុស ដែលបានចង.កធ្វើអត្តឃាតនេះជាកូនទី២ ក្នុងចំណោមកូនចំនួន៧នាក់ ដែលរៀនបានខ្ពង់ខ្ពស់ ហើយជាកូនដែលគាត់ស្រឡាញ់ជាងគេមិនគួរ ណាគិតខ្លីយ៉ាងដូច្នេះសោះ ។
ស្រ្តីឈ្មោះហោ ផល្លា អាយុ៣៥ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតនៃសពបានប្រាប់ឱ្យដឹងដែរថា មុនពេលដែលបងប្រុសចង.កធ្វើអត្តឃាតគឺគាត់ធ្លាប់ប្រាប់ថា «ជំងឺបងមើលមិនជានោះឡើយ»តែមិនបានអះអាងថា ជាជំងឺអ្វីនោះទេ ។ រហូតមកដល់ព្រឹកថ្ងៃទី២៧ ឧសភា បងប្រុសបានឡើងជិះរថយន្តឈ្មួលចេញពីរាជធានីភ្នំពេញ ទៅចង.កនៅលើផ្ទះម្តាយក្នុងភូមិឃុំខាងលើដែលមិនមានអ្នកណានៅនោះទេ។ ក្រោយពីអ្នកជិតខាងបានដឹងទើបភ្ញាក់ផ្អើលឆោឡោរហូតដល់សមត្ថកិច្ចនគរបាលទៅត្រួតពិនិត្យសព ហើយបញ្ជាក់ថា ពិតជាអត្តឃាតកម្មប្រាកដមែន៕
ចែករំលែកព័តមាននេះ