ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀម​បរាជ័យ​​៣​ចំណុច ​លទ្ធផល​​ជាក់​ស្តែង​ពុំ​​ទទួល​បាន​​ផ្លែផ្កា ​តែ​ការ​​ប្រជុំ​​មាន​​អត្ថន័យ​​យ៉ាង​​ជ្រាលជ្រៅ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោកឧប​នាយក​រដ្ឋ​មន្ត្រី​​​សុខ អាន ​​មាន​ប្រសាសន៍​​​ប្រាប់អ្នកសារព័ត៌​មាន​​​ជាតិ-អន្តរ​ជាតិ​ថា កិច្ចប្រជុំ​​ស្តីពីការ​​សម្រប​សម្រួល​គ្នា​ឱ្យ​​មានសកម្ម​ភាព​ក្នុង​ក្របខណ្ឌគណៈ​កម្ម​ការ​បេតិកភណ្ឌ​​ពិភព​លោកនៃអង្គ​ការ​យូណេ​ស្កូ ​ដើម្បី​ជួស​ជុល​ប្រាសាទ​​ព្រះវិហារ​​រវាង​កម្ពុជា-ថៃជាលទ្ធផល​ជាក់ស្តែង​​ពុំបាន​ទទួល​ជាផ្លែ​​ផ្កា​ទេ

រាជធានីភ្នំពេញ ៖ ​លោកឧប​នាយក​រដ្ឋ​មន្ត្រី​​​សុខ អាន ​​មាន​ប្រសាសន៍​​​ប្រាប់អ្នកសារព័ត៌​មាន​​​ជាតិ-អន្តរ​ជាតិ​ថា កិច្ចប្រជុំ​​ស្តីពីការ​​សម្រប​សម្រួល​គ្នា​ឱ្យ​​មានសកម្ម​ភាព​ក្នុង​ក្របខណ្ឌគណៈ​កម្ម​ការ​បេតិកភណ្ឌ​​ពិភព​លោកនៃអង្គ​ការ​យូណេ​ស្កូ ​ដើម្បី​ជួស​ជុល​ប្រាសាទ​​ព្រះវិហារ​​រវាង​កម្ពុជា-ថៃជាលទ្ធផល​ជាក់ស្តែង​​ពុំបាន​ទទួល​ជាផ្លែ​​ផ្កា​ទេ ប៉ុន្តែ​​ជាការប្រជុំ​​មានអត្ថន័យ​យ៉ាងជ្រាលជ្រៅ ។

​លោកឧបនាយករដ្ឋមន្ត្រី​​ទទួលបន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​មានប្រសាសន៍​បែបនេះ​​​កាលពី​ព្រឹក​ថ្ងៃទី​២៩ ឧសភា ​​ឆ្នាំ២០១១ ​នៅបន្ទប់​រង់ចាំ​​ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ក្នុង​ឱកាស​​ដែល​លោកឧបនាយករដ្ឋ​មន្ត្រី និង​ប្រតិភូ​​អញ្ជើញ​​​ ត្រឡប់​​មកពីកិច្ច​ប្រជុំ​គណៈ​កម្មការ​បេតិ​កភណ្ឌ ពិភពលោក​​យូណេស្កូ​​ទីក្រុងប៉ារីស​​ ប្រទេស​បា​រាំង ។ទាក់​ទិនទៅ​នឹង​លទ្ធផល​នៃកិច្ច​ប្រជុំស្តីពី​ការ​សម្រប​សម្រួល​ឱ្យ​មាន​សកម្ម​ភាព​ក្នុងក្របខណ្ឌ​​​គណៈ​កម្មការ​បេតិកភណ្ឌពិភពលោកអង្គការ​យូ​ណេស្កូ​ ដើម្បី​ជួស​ជុល​ប្រាសាទ​ព្រះវិហារ ដែល​ពុំ​​បាន​ផ្លែ​ផ្កា​នោះ ​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​សុខ អាន ​បានបញ្ជាក់ថា ក្នុង​កិច្ច​​ប្រជុំនោះ​​គណៈ​ប្រតិ​ភូ​​ និង​ខាងគណៈ​កម្មការ​បេកតិ​ភណ្ឌ​​​​ យូណេ​ស្កូ បានឃើញនូវ​មហិច្ឆតា​​របស់ភាគី​​ថៃ។

នៅក្នុង​កិច្ច​​ប្រជុំ​នេះ​សំណូមពរ​របស់ភាគី​​ថៃ​មាន​​៣​ចំណុចធំ​​ ចំណុចទី១-​ភាគីថៃ​ធ្វើយ៉ាង​ម៉េច​​​ចង់​ទៅ​ទប់ស្កាត់​​មិនឱ្យ​​គណៈ​កម្ម​ការ​​​បេតិ​​កភណ្ឌ ​ពិភព​លោក យក​ការសម្រេច​ដើម្បីបញ្ជូន​ក្រុ​ម​ជំនាញ​​មកធ្វើ​ការ​សិក្សា និងជួសជុលប្រាសាទ​​​ព្រះ​វិហារ​​ដែលត្រូវ​​ទទួល​ការ​​ខូចខាត​ពីការ​​​បាញ់​​ផ្លោង​គ្រាប់​កាំភ្លើង​​​របស់ទាហាន​​ថៃចំនួន​៤១៤​គ្រាប់​​​ទៅលើប្រាសាទព្រះវិហារ ។

​ចំណុចទី២​-ថៃ​បាន​លើក​ជា​ចំហ​ថា ចង់​ដក​គម្រោង​​ផែន​ការ​គ្រប់គ្រង​​ប្រាសាទព្រះវិហារ ​​ចេញពី​ឯក​សារ​របស់គណៈ​កម្មការ ។

​ចំណុចទី៣-​​ថៃ​ចង់បង្ហាញ​ថា ការ​ចរចា​រវាង​កម្ពុជា-ថៃ ត្រូវតែ​ធ្វើ​ទ្វេ​ភាគី​ ។ ពាក់​ព័ន្ធ​ទៅ​នឹង​​បំណង​របស់​ថៃនេះ លោកឧបនាយករដ្ឋ​មន្ត្រី​​គូស​បញ្ជាក់​ថា គឺអត់បានសម្រេច​ទាំង​អស់ ​គឺ​​បរាជ័យ​របស់​ថៃ​​ទាំង​៣ចំណុច ។

​លោកឧបនាយករដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​​បក​ស្រាយ​ថា មិន​បានផ្លែ​ផ្កា​​ ប៉ុន្តែមានន័យ​ជ្រា​ល​ជ្រៅ​​​សម្រាប់​យល់នូវ​​​នយោ​បាយ​​​ការទូត ​ការ​ភូតកុហករបស់ថៃ ។ ដូច្នេះ​ចំណុចទី១ ​គឺថៃ​​គេ​ចង់​ទប់ស្កាត់​​មិន​ឱ្យ​មានសម្រេច​ជា​ផ្លូវ​ការ​បញ្ជូន​​ក្រុមជំនាញ​​ធ្វើការ​ជួស​ជុល​ប្រាសាទ​​ដោយ​ថៃ​គេ​ហ៊ាន​​ភូត​កុហក ​នៅ​លើ​​វេទិកា​ដែលមាន​លក្ខណៈ​​​ជាវេទិកា​ពិភព​លោក​ (យូណេស្កូ) ។

ដូច្នេះការជួបជុំគ្នា​នេះ គឺ​មិន​មែន​ជា​ការ​ជួ​ប​ជុំ​​​តែពីរភាគី​ទេ គឺជា​ការ​ជួបជុំ​គ្នា​ដែលរៀបចំ​ឡើង​ដោយ​​អង្គការ​យូណេស្កូ​​​ពិតប្រាកដ ។ ​ភាគី​​ថៃគេ​បានលើកឡើង​​នៅមុខ​យូណេស្កូ​ថា ប្រាសាទ​ព្រះវិហារ​​អត់មានខូច​ខាត​អ្វីទាំង​អស់។ ​នេះ​ជាចំណុច​ធំណាស់​ដែល​បង្ហាញនូវ​ការភូតកុហករបស់ថៃ​នៅ​ចំពោះ​មុខ​អង្គ​ការ​យូណេស្កូ ចំពោះ​​មុខគណៈ​​កម្មការ​បេតិក​ភណ្ឌ​ពិភព​លោក។ ​

លោកឧបនាយករដ្ឋ​មន្ត្រី​​បញ្ជាក់​ថា ​នេះ​ហើយ​​ភាគីថៃ​​ដើរទៅ​ជាន់សំបក​ចេក​រអិល​ដួល​​ជាការ​អាម៉ាស់​​ណាស់ គេ​មិន​អាច​លាក់​ជិត​ទេ ​​ព្រោះ​​កម្ពុជា​បានថត​​ធ្វើ​ឯកស​ារ​ច្រើនណាស់ ​ធ្វើ​ស្ប៉ត ​​ធ្វើ​​ឌីវីឌី ​បង្ហាញ​​អំពីការការ​វាយលុក​​ឈ្លានពាន​​​របស់ថៃ​ បង្ហាញ​​អំពីគ្រាប់ផ្លោង​​​​​ចំនួន​៤១៤​គ្រាប់ បានថត​រូបភាពបង្ហាញ​អំពី​ស្លាក​ស្នាម​​នៅ​នឹង​ជញ្ជាំង​ប្រាសាទ​​ស្តីពី​ការបាញ់ គ្រាប់ធំៗ​ក្បែរ​ប្រាសាទ​ ការប្រេះ​ប្រាសាទ ។ ដូច្នេះ​​ការ​ភូតកុហករបស់ថៃ ​គឺ​ជា​ចំណុច​ខ្សោយ​​ខ្លាំង​ណាស់ នៅក្នុង​ការងារ​ការទូត​របស់​ថៃ ។ ​ហេតុអ្វីបាន​ជា​ភាគីថៃ​​ភូត​អ៊ីចឹង? ​ព្រោះ​ថៃ​​ចង់ទប់ស្កាត់​​ថា អត់​មាន​ខូច​អ្វីទេ ​មិនចាំបាច់​ឱ្យ​មនុស្ស​មក​ជួស​ជុល ។

​ចំណុចទី២-​លោកឧប​នាយករដ្ឋ​មន្ត្រី​បាន​​​បក​ស្រាយ​ទៀត​ថា ​ថៃ​ចង់បាន​​ការបម្រើ​​នយោ​បាយ​​​ការទូត​​​ជាយុទ្ធសាស្ត្រ​​​របស់ខ្លួន​ថា កម្ពុជា​​-ថៃ​​​ចរ​ចា​​គ្នា​តែ​ពីរនាក់​បាន​ហើយ​មិន​បាច់​​មាន UN ​​ក្រុមប្រឹក្សា​​សន្តិសុខ ​មិនបាច់​មាន​យូណេស្កូ ​មិនបាច់​មាន​អាស៊ាន ​មក​លូកដៃ​ទេ ។ រហូត​​មក​ដល់បច្ចុប្បន្ន​​ឥរិយាបថ​​របស់ថៃ​គឺ​អវិជ្ជ​មាន​ណាស់ ។ ​អាស៊ានស្នើ​បញ្ជូន​​អ្នកសង្កេត​​ការណ៍​មក​ថៃ​រករឿង ​​ទប់ស្កាត់​​​រហូត​​ ក្រុម​ប្រឹក្សា​​​សន្តិ​សុខ​​​ ក៏ភាគី​​ថៃ​មិនចង់​ឱ្យ​ចូល​ពាក់ព័ន្ធ​​ មានទៅ​ដល់​យូណេស្កូ​​ថា អត់​​ខូច​ខាត​អ្វីទេ ​កុំ​ឱ្យ​គេ​ចូល​ពាក់​ព័ន្ធ ។​

ចំពោះ​​ចំណុចនេះ​ថៃ​និយាយ​ខុសទៀត ​ចំពោះ​​លទ្ធផល​ជាក់ស្តែង​​គឺវា​​ពុំ​អីុចឹងទេ ។ សូម្បី​​នៅក្នុង​​​កិច្ច​ពិភាក្សា​​នៅ​ក្រោយ​ខ្នង​របស់​ខ្ញុំ​ឃើញ​ហើយ​​ទង់​ជាតិ​អង្គការ​សហ​ប្រជាជាតិ ថៃ-​កម្ពុជា នេះហើយ​គឺវា​ពុំ​មែន​ការ​ចរចា​​ទ្វេភាគី​ទេ។ ​នៅ​ក្នុង​ពេលនោះ​ដែរ ថៃ​ចង់​ស្នើ​ឱ្យ​យូ​ណេស្កូ​ចេញក្រៅ​ឱ្យ​មាន​តែកម្ពុជា​-ថៃ​បានហើយ។ ​ប៉ុន្តែ​ការ​​ស្នើ​របស់​​​ថៃ​នោះ គឺគេ​អត់ស្តាប់​​ថៃ​ទេ ​ការ​ស្នើនេះ ​គឺកាន់តែ​ធ្វើ​ឱ្យ​​​គេ​លើក​កម្ពស់​ គឺ​លោក​ជំទាវអគ្គ​​នាយក​​គាត់​អញ្ជើញ​​ចូលផ្ទាល់​​ ជា​មនុស្ស​ទី១​របស់អង្គ​ការ​យូណេស្កូ​គាត់​​សុខ​ចិត្ត ​ចំណាយ​​ពេល​៣ដង​​ ទាំង​​៣​ថ្ងៃ​​ចូលរួម​​ ទោះ​ជា​គាត់​រវល់​យ៉ាង​ណាក៏ដោយ ចូល​ជួប​​ប្រជុំ​រវាង​កម្ពុជា​-ថៃ ។ ​ដូច្នេះ​​ចំណុច​នេះ​យើង​ឃើញ​​កាន់​តែ​ច្បាស់ ​គឺជា​​យន្ត​ការ​នៃ​​ការ​ជួបគ្នា​រវាងកម្ពុជា-ថៃ ​ដោយ​មានការ​ចូល​រួម ​​​ពីមនុស្សទី១ របស់អង្គ​ការ​យូណេស្កូ ។

​ចំណុចទី៣​-លោក​ឧបនាយករដ្ឋ​មន្ត្រី​​មាន​​ប្រសាសន៍​​បកស្រាយ​​ថា ថៃ​ចង់​​ធ្វើ​ការ​ឃោសនា ​ដើម្បី​អួត​​ក្អេង​ក្អាង​​ថា ខ្លួនទៅ​​ស្នើ​ដក​យក​ផែន​​ការ​គ្រប់គ្រង​​ដែល​កម្ពុជា​​ដាក់ប្រាសាទ​​ទុក​ជា​មិន​បានការ​ត្រូវ​យក​មក​កែវិញ ​ហើយ​ដាក់​ទៅ​វិញ ​សាជាថ្មី ។

​លោកជំទាវ​​អគ្គ​នាយក​​បានបញ្ជាក់ថា អត់​មានគោល​ការណ៍​ដក​ផែន​ការ​គ្រប់គ្រង​ប្រា​សាទ​​ព្រះវិហារ​​ទេ ។ លោក​ជំទាវ​បញ្ជាក់ពីរដង ​។ យូណេស្កូ​​យកសេចក្តី​​ពង្រាង​នៃ​​​ការ​សម្រេច​គណៈ​កម្មការ​បេតិ​កភណ្ឌ​​ដែល​នឹង​ត្រូវ​ធ្វើ​ការ​សម្រេច​​ចន្លោះ​​ពីថ្ងៃទី១៩ ​ដល់​ថ្ងៃទី២៩ ​មិថុនា ​​ថៃ​និយាយ​​អត់ចេញ​ ។

​លោកឧបនាយករដ្ឋ​មន្ត្រី​​​សុខ អាន ​បាន​គូស​បញ្ជាក់​​ទៀតថា នេះ​ជា​ការ​​​ប្រជុំ​​ជា​លើកទី១ ​ដែល​មាន​លក្ខណៈ​​កម្ពុជា-ថៃ​ជជែក​ដោយ​មាន​អាជ្ញា​កណ្តាល គឺ​អគ្គ​នាយក​អង្គការ​​យូណេស្កូតែ​ម្តង ។​​ ដូច្នេះ​​ទឡ្ហី​ករណ៍​ត្រូវឆ្លើយ​ឆ្លង​​គ្នា​ជាប់​តែ​ម្តង ។ ​ថៃ​គឺអត់​មាន​ទឡ្ហីករណ៍​អ្វី​មក​ជជែក​តទល់​ជាមួយ​កម្ពុជាបាន​ទេ គឺ​​ហាក់ដូច​ជា​និយាយ​បាន​ថា ដូចជា​​បាក់​ទ័ព​​អ៊ីចឹង ។ ​នៅក្នុងការ​​ជជែក​នោះ​​​នៅក្នុង​គោល​ដៅ​ទាំង៣​​ហ្នឹង ​ដែល​ចង់​ទប់​ស្កាត់​នោះ ។ ដល់ពេលចំណុច​​ដែល​គេ​លើក​ឡើង​ថា ​គណៈ​កម្មការ​​បេតិកភណ្ឌ​​យូណេស្កូ ត្រូវ​តែ​​ចាត់បញ្ជូន​ក្រុម​អ្នកជំនាញ​ឱ្យបាន​ឆាប់​បំផុត ​ដើម្បី​សិក្សា​​ និងធ្វើការ​ជួសជុល​ប្រាសាទ​ព្រះ​វិហារ ។ ​ចំណុចនេះ​ថៃ​អត់​ចង់​ព្រម​នូវ​ចំណុចនោះ ​តែ​គាត់​​អត់មានទឡ្ហីករណ៍​អ្វីឡើយ ។ ​លោក​ជំទាវ​​អគ្គ​នាយក​បានបញ្ជាក់ថា ​ពេល​នេះ​លោក​មិនព្រម លុះ​ដល់​​ពេល​​ប្រជុំ​គណៈ​កម្ម​ការ​​ពេញ​អង្គ​​​ប្រហែល​​មាន​សរសេរ​​ជាងនេះ​ទៅ​ទៀត ព្រោះ​ប្រាសាទ​ខូច​​គេ​មិនត្រូវ​ទុក​ចោល​អត់​​មកជួសជុល​ទេ ។

​លោកឧបនាយក​រដ្ឋ​មន្ត្រី​សង្កត់​ធ្ងន់ថា ​នេះ​ជា​ចម្លើយ​ហើយ ដែលថៃ​​ថា អត់​មានខូច​ខាត​ទេ។ ​​គំនិត​ទាំង៣​របស់​ថៃ​គឺពុំ​បាន​ជោគជ័យ​ទេ ​ព្រោះកម្ពុជា​យើង​អត់​មាន​បញ្ហាអ្វី​ក្រៅពី​បញ្ជាក់ថា នៅ​វេទិកា​​យូណេស្កូ​នេះ គឺ​មិន​និយាយ​​ពីបញ្ហាព្រំ​ដែន ។ តែ​​ថៃ​នៅ​តែ​​ទន្ទេញ​​ហើយ​ទន្ទេញទៀតថា ​GBC មាន​ហើយ​ទុក​ឱ្យ​ GBC ប្រជុំ​​វិញ​ទៅ ចាំ GBC ​វាស់​ព្រំ​ដែន​ហើយចាំ​​និយាយ​​ពីប្រាសាទ​ព្រះវិហារ ។

ករណីនេះ អង្គ​ការ​យូ​ណេស្កូ​​មិនព្រម​ទេ ​​ព្រោះ​ផែន​ការគ្រប់គ្រង​ប្រាសាទព្រះវិហារ​​ដែល​​ធំ​បំផុត​​គឺ​ការ​ថែរក្សា​​ប្រាសាទ​​ អភិ​រក្សប្រាសាទ​​​សហ​ប្រតិបត្តិ​ការ​​អន្តរ​ជាតិ​​ ។ ​លើសពីនោះ​គឺ​​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព អភិវឌ្ឍ​កុំ​ឱ្យ​​មាន​ផលប៉ះពាល់​ទៅ​ដល់​​ប្រាសាទ​​ដែល​ជាបេតិ​ក​ភណ្ឌ​​​ជាតិ ​បេតិកភណ្ឌ​​របស់ពិភព​លោក ។ ចំណុច​សំខាន់​នៃ​ផែន​ការ​គ្រប់គ្រង​​គឺ​ដូច្នេះ។ នៅក្នុង​សម័យ​ព័ត៌មាន​វិទ្យា​ទៅ​ហើយ ​ការផ្តល់​ព័ត៌​មាន​​មាន​សភាព​​លឿនណាស់ ​កម្ពុជាមាន​​រូប​ភាព​ពិត វីដេអូ​ ស្ប៉ត ​​ហើយ​​បែរ​ជា​ថៃ​ទៅ​​កុហក​គេ​​ គេ​ម៉េច​នឹង​​ជឿ​ថៃ ។

​ទាក់​ទិន​នឹង​រ​ចនាសម្ព័ន្ធ​របស់យូណេស្កូ ​និង​ស្ថាប័ន​​ជំនាញ​ផ្សេង​ៗ​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​អភិរក្ស​​​ និងការ​អភិវឌ្ឍ​​ប្រកប​ដោយ​ចីរភាព​ស្តីពីការ​​ចុះ​បញ្ជី​​បេតិក​ភណ្ឌ​ លោក​ឧបនាយករដ្ឋ​មន្ត្រី​សុខ អាន​ បាន​មាន​ប្រសាសន៍ថា ​ជាធម្មតា​​យូណេ​ស្កូ ​ក៏ដូច​ជា​ស្ថាប័ន​ផ្សេង​ៗ​ទាំង​៥របស់​ UN ​​ដូច្នេះ​​​យូណេស្កូ​ជាស្ថាប័ន​ធំ​ដែលមានសមាជិក​រហូត​ដល់​១៩៣​ប្រទេស ក្នុងនោះ​មានស្ថាប័ន​ជំនាញ​​ផ្សេងៗ​ច្រើន​មានខាងអប់រំ​​​ ព័ត៌​មាន​ វិទ្យា​សាស្ត្រ ​​បច្ចេក​វិទ្យានៃ​ផ្នែកមួយៗ​ដូច​ជា​ផ្នែក​​​វប្បធម៌​នេះ​ជា​ផ្នែកមួយ​សំខាន់​ជាង​គេ ព្រោះ​សព្វថ្ងៃនេះ ផ្នែក​នេះ​មាននិន្នា​ការ​មួយឈាន​ឡើងខ្លាំងណាស់ ​អំពីបេតិ​កភណ្ឌ​​នេះ ។ ដូច្នេះ​​ការ​ថែរក្សា​​បេតិ​​ក​ភណ្ឌ​របស់​មនុស្ស​ជាតិ​ដែល​ជាភ័ស្តុ​តាង​​​មួយដ៏​ធំ​​បំផុត​នៃ​វប្បធម៌​​​ជាតិ​របស់​ប្រទេស​នីមួយៗ​ ជា​ភ័ស្តុតាង​​​សម្ភារ​​ជាក់ស្តែង​របស់វប្បធម៌​​ផ្សេងៗ ​នៅ​លើសាកល​លោក ។

​ដូច្នេះ​​ក្នុងផ្នែក​​បេតិកភណ្ឌ​នេះ យូណេស្កូ ​គឺ​មាន​ស្ថាប័ន​ជំនាញ​មួយចំនួនខាង​ថែរក្សាប្រា​សាទ​ច្រើនណាស់ ​ដែលមាន​នៅក្នុងអង្គ​ការ​យូ​ណេស្កូ​នោះ ​។ ហើយ​មានស្ថាប័ន​មួយទៀត​​ដែល​អ្នកហ្វឹកហ្វឺន​​បណ្តុះបណ្តាល​អ្នកជំនាញ​​ដែលពាក់​ព័ន្ធ​បុរាណ​​​វត្ថុ​វិទ្យា​​ ស្ថាបត្យ​កម្ម​ផ្នែកប្រាសាទ ​ពាក់ព័ន្ធ​វិស្វកម្ម​ប្រាសាទ ។ ​​ធម្មតា​​អ្នកជំនាញ​ទាំង​នោះ​ហើយ​ដែល​​​គេ​ជួយផ្តល់​យោ​បល់​​​ដែលប្រទេសនីមួយៗគេសុំ​សហ​ប្រតិបត្តិការ​​ពី​អ្នកជំនាញ​ទាំងនោះ​ វិធីសាស្ត្រ​​ថ្មី​ៗ​យ៉ាងដូច​ម្តេច ​​បច្ចេក​វិទ្យា​យ៉ាងម៉េច ​ដូច​ជា​គេ​បានមកអនុវត្ត​​នៅប្រា​សាទ​អង្គររបស់យើង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក ដើម្បី​ធ្វើយ៉ាង​ម៉េច​​ឱ្យការងារ​អភិរក្សា​​​ឱ្យ​មាន​លក្ខណៈ​វិទ្យា​សាស្ត្រ​ លក្ខណៈ​បច្ចេក​វិទ្យា ប៉ុន្តែ​រក្សា​​បាន​នូវអ្វី​ដែលមានភាព​ដើមរបស់​បេតិ​កភណ្ឌ ។

​លោកឧបនាយករដ្ឋ​មន្ត្រី​បញ្ជាក់ថា យូណេ​ស្កូ ​ស្ថាប័ន​មានទូលំទូលាយ​ណាស់ ក្នុងការ​ជួយ​អភិរក្ស ។ ដូច្នេះ នៅក្នុង​បញ្ហា​ជំនាញ ​ហើយ​មាន​ទំនាស់​​យោធា​​​ថៃ​ឈ្លាន​ពាន​​មក​លើ​ទឹក​ដី​យើង ​​យូណេស្កូ​​មិន​មែន​ជា​ស្ថាប័ន​ដែល​មាន​សមត្ថ​កិច្ច​និយាយ​ការ​ងារ​សន្តិសុខ​​​ កង​ទ័ព​ទេ គឺ​ភារកិច្ច ​ក្រុមប្រឹក្សា​​​សន្តិសុខ​អ.ស.ប ​ត្រូវអគ្គ​​លេខាធិការ​ដ្ឋាន​អ.សប ។ ពេលនោះ​​យូណេស្កូ​​គាត់ទាក់ទង​អគ្គ​​លេខាធិការ​អ.ស.ប ​ក្រុមប្រឹក្សា សន្តិសុខ ធ្វើយ៉ាងម៉េច​​គឺឱ្យមានការបង្ក​លក្ខណៈ ដើម្បីថែរក្សា​ប្រាសាទ​បាន ។ គឺធ្វើម៉េច​​បំបាត់​មូលហេតុ ​ដែលអាច​ឱ្យមាន​ការ​បំផ្លិច​បំផ្លាញ​ប្រាសាទ​ទៀត​នៅ​ពេលអនាគត ។

​យូណេស្កូ​​គឺមិន​មែន​ជា​កន្លែង​ដែល​​ជជែកគ្នា ​អំពីបញ្ហា​​ព្រំ​ដែន ​មិន​មែន​ត្រូវ​ជជែក​​ពីនយោ​បាយ ​​​គឺគេ​ប្រមូល​ផ្តុំ​ជជែកគ្នា​​អំពី​បញ្ហា​​ជំនាញ​​ បញ្ហា​​បច្ចេក​វិទ្យា បញ្ហា​វិទ្យា​សាស្ត្រ ​ដែល​ការ​ងារ​​បេតិ​ក​ភណ្ឌ​ត្រូវ​​ធ្វើយ៉ាងណារក្សា​​ឱ្យ​បានល្អ ​អភិវឌ្ឍ​​របៀប​យ៉ាងម៉េច​ កុំ​​ឱ្យ​មាន​​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ទៅ​លើបេតិ​ក​ភណ្ឌ​​នេះ ។ ​ការ​វាយប្រហារ​​​ដោយ​កម្លាំងទ័ព​​ត្រូវ​​​ឈាន​ទៅ​ដល់ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែលគេ​បាន​​គាំទ្រ​ឱ្យ​​ប្រធានអាស៊ាន​​​ខិត​ខំ​ធ្វើយ៉ាងណា​​ដោះស្រាយ​​បញ្ហា​​ផ្តល់នូវ​​ដំណោះ​ស្រាយ​​​​បញ្ហា​មួយ​​​ដ៏​សមស្រប ​ចំពោះ​ការ​វាយ​លុក​របស់ថៃ​​​មកលើ​កម្ពុជា បញ្ហា​ព្រំ​ដែន​​ក៏​ដូច​ជា​បញ្ហា​បេតិ​ក​ភណ្ឌ ។ នៅ​ក្នុង​ក្របខណ្ឌយូ​ណេស្កូ ​​អ្វី​ដែល​យើងជំរុញ​ខ្លាំង គឺ​គណៈកម្ម​ការ​បេតិ​ក​ភណ្ឌ​ក៏ដូចជា​យូណេស្កូ​​គួរ​តែ​​ខិតខំ​ធ្វើ​យ៉ាង​ម៉េច ឱ្យ​មាន​អ្នកជំនាញ​​ការ​មក​​ជួសជុល​នៅ​លើ​ទីតាំង​​ប្រាសាទ​របស់យើង​តែម្តង ៕