ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​១​ករណី​ទៀត​ហើយ​! រក​ឃើញ​កុមា​រា​ម្នាក់​នៅ​ព្រៃវែង​កើត​ផ្តាសាយ​បក្សី

7 ខែ មុន
  • ភ្នំពេញ

សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​គួរ​ប្រតិបត្តិ​នូវ​សកម្មភាព​មួយ​ចំនួន​ ដើម្បី​ការពារ​កូន​ៗ​ និង​រូប​អ្នក​ពី​ការ​ឆ្លង​ជំងឺផ្តាសាយបក្សី ព្រោះ​ពេល​នេះ រក​ឃើញ​កុមា​រា​ម្នាក់​នៅ​ព្រៃវែង​ឆ្លង​ជំងឺ​នេះ ​។ ក្រសួងសុខាភិបាល​នា​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៤…

សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​គួរ​ប្រតិបត្តិ​នូវ​សកម្មភាព​មួយ​ចំនួន​ ដើម្បី​ការពារ​កូន​ៗ​ និង​រូប​អ្នក​ពី​ការ​ឆ្លង​ជំងឺផ្តាសាយបក្សី ព្រោះ​ពេល​នេះ រក​ឃើញ​កុមា​រា​ម្នាក់​នៅ​ព្រៃវែង​ឆ្លង​ជំងឺ​នេះ ​។

ក្រសួងសុខាភិបាល​នា​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៤ បាន​ប្រកាស​រក​ឃើញ​ជំងឺផ្តាសាយបក្សី H5N1​ចំនួន​០១​ករណី​ទៀត កើត​លើ​ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ ដែល​រស់នៅ​ក្នុងភូមិ​តា​ប្រុយ ឃុំ​ព្រែក​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ​។

ក្រសួងសុខាភិបាល​បញ្ជាក់​ថា បច្ចុប្បន្ន​អ្នកជំងឺ​ទទួល​បានការ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​។ តាម​ការសាកសួរ​បង្ហាញ​ថា ប្រហែល​១០​ថ្ងៃមុន មាន​មាន់​ទា​ស្លាប់​នៅ​ក្នុងភូមិ និង​នៅ​ជុំវិញ​ផ្ទះ​អ្នកជំងឺ​។

ក្រុម​ឆ្លើយ​តប​បន្ទាន់​របស់​ក្រសួងសុខាភិបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ បាន​និង​កំពុង​សហការ ជាមួយ​ក្រុមការងារ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន អាជ្ញាធរ​មូលដ្ឋាន​គ្រប់ លំដាប់ថ្នាក់ ចុះ​អង្កេត​ស្រាវជ្រាវ​យ៉ាង​សកម្ម​លើ​ការ​កើតឡើង​នូវ​ជំងឺ ផ្តាសាយ​បក្សី និង​ធ្វើការ​ឆ្លើយ​តប​ទៅ​តាម​វិធីសាស្ត្រ បន្ត​ការ​ស្វែងរក​ប្រភព​ចម្លង ទាំង​លើ​សត្វ និង​មនុស្ស និង​បន្ត​ស្វែងរក​ករណី​សង្ស័យ​និង​អ្នក​ប៉ះពាល់​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​បន្ត​ទៅ​អ្នក​ដទៃ​ទៀត​ក្នុង​សហគមន៍ ព្រមទាំង​ចែក​ជូន​ឱសថ​តា​មឺ​ហ្គូ (Tamiflu) ដល់​អ្នក​ប៉ះពាល់​ជិត​ស្និទ្ធ និង​ធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ដែល​កើតហេតុ​ខាងលើ​ ។

ក្រសួងសុខាភិបាល​ក្រើនរំលឹក​សារ​ជា​ថ្មី​ម្តងទៀត ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​លើ​ជំងឺផ្តាសាយបក្សី​ជា​និច្ច ពីព្រោះ​ជំងឺផ្តាសាយបក្សី H5N1 នៅ​តែ​បន្ត​គំរាមកំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

ក្រសួងសុខាភិបាល​អំពាវនាវ​ពលរដ្ឋ ប្រ​សិន​មាន​អាកា​រៈ​ក្តៅខ្លួន ក្អក ហៀរ​សំបោរ ឬ​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​មាន់​ទា​ឈឺ​ឬ​ស្លាប់​ក្នុង​អំឡុង​១៤​ថ្ងៃ មុន​ថ្ងៃ​ចាប់ផ្ដើម​មាន​រោគ​សញ្ញា សូម​​ កុំទៅ​ជួបជុំ ឬ​ទីប្រជុំជន​ដែល​មាន​មនុស្ស​ច្រើន និង​ត្រូវ​ស្វែងរក​ការ ពិគ្រោះ​យោបល់ និង​ការ​ពិនិត្យ​ព្យាបាល​នៅ​តាម​មូលដ្ឋាន​សុខាភិបាល ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ឱ្យ​បាន ឆាប់​ទាន់​ពេលវេលា​។

ជំងឺផ្តាសាយបក្សី H5N1 គឺជា​ជំងឺ​ផ្តាសាយ​មួយ ដែល​ជា​ធម្មតា​ចម្លង​រវាង​សត្វ​បក្សី ឈឺ ទៅ​បក្សី​ផ្សេង​ទៀត ប៉ុន្តែ​ជួនកាល​វា​អាច​ចម្លង​ពី​បក្សី​ទៅ​មនុស្ស តាម​ការ​ប៉ះពាល់​ជិត​ស្និទ្ធ​ជាមួយ​បក្សី ដែល​ឈឺ​ឬ​ស្លាប់​។ ជំងឺផ្តាសាយបក្សី​លើ​មនុស្ស​ជា​ជំងឺ​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឱ្យ​មានការ​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាន់​ពេលវេលា​។ ទោះបីជា​វា​មិន​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស ប៉ុន្តែ​បើ​វា​អាច​បំប្លែង​ខ្លួន​អាច​ឆ្លង ដូចនឹង​ជំងឺ​ផ្តាសាយ​តាម​រដូវ​កាល​ផង​ដែរ​។

ដើម្បី​ជៀសវាង​ឆ្លង​ជំងឺផ្តាសាយបក្សី ក្រសួងសុខាភិបាល​ណែនាំ​លាងដៃ​ឱ្យ​បាន​ញឹកញាប់ ជាមួយ សាប៊ូ និង​ទឹក​មុន​ពេល​បរិភោគ និង​បន្ទាប់​ពី​ប៉ះពាល់​ជាមួយ​បក្សី ដាក់​កុមារ​នៅ​ឆ្ងាយ​ពី​សត្វ​បក្សី និង​ដាក់ សត្វ​បក្សី​នៅ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​រស់នៅ កុំ​បរិភោគ​សត្វ​បក្សី​ឈឺ​ឬ​ងាប់ និង​រាល់​សត្វ​បក្សី​ដែល​ធ្វើ​សម្រាប់ បរិភោគ​ត្រូវ​ចំអិន​ឱ្យ​ឆ្អិន​ល្អ​។

សូម​បងប្អូន​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​កូន​ៗ​របស់​អ្នក ជីវិត​របស់​អ្នក​និង​សង្គម​យើង​ទាំងមូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ