ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ទស្សន​កិច្ច​សិក្សា​នៅ​​សាលា​ក្តី​​ខ្មែរ​​ក្រហម​​ទទួល​បាន​សិស្ស​ចូល​រួមកាន់​តែច្រើន

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ចាប់ផ្តើមពីការចូល​រួម​ដោយចៃដន្យរបស់អ្នកស្ម័គ្រចិត្តម្នាក់មកពីអង្គ​ការ​អាមេរិកខេន ភីសខប ឥឡូវនេះ ក្រុម​សិស្សានុ​សិស្សនិងគ្រូបង្រៀនជាង​២.០០០​នាក់​ មកពីខេត្តផ្សេងៗគ្នា​ បានចូលរួមជា​បន្ត​បន្ទាប់​ក្នុងកម្មវិធីទស្សនកិច្ចសិក្សាដែលរៀបចំដោយ​ផ្នែកកិច្ចការសាធារណៈនៃអង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុងតុលាការកម្ពុជា

រាជធានីភ្នំពេញ ៖ ចាប់ផ្តើមពីការចូល​រួម​ដោយចៃដន្យរបស់អ្នកស្ម័គ្រចិត្តម្នាក់មកពីអង្គ​ការ​អាមេរិកខេន ភីសខប ឥឡូវនេះ ក្រុម​សិស្សានុ​សិស្សនិងគ្រូបង្រៀនជាង​២.០០០​នាក់​ មកពីខេត្តផ្សេងៗគ្នា​ បានចូលរួមជា​បន្ត​បន្ទាប់​ក្នុងកម្មវិធីទស្សនកិច្ចសិក្សាដែលរៀបចំដោយ​ផ្នែកកិច្ចការសាធារណៈនៃអង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុងតុលាការកម្ពុជា។

កាលពីថ្ងៃទី២០ មករា លោកលី ចេ អ្នក​ស្ម័គ្រ​ចិត្តរបស់អង្គការ​អាមេរិកខេន ភីសខប ដែលកំពុងបំពេញការងារនៅស្រុកវាលរេញ ​ខេត្ត​ព្រះសីហនុ បានចូលរួមក្នុងដំណើរ​ទស្សន​កិច្ចសិក្សាមួយដែលរៀបចំដោយផ្នែកកិច្ចការ​សាធារណៈនៃ អ.វ.ត.ក។ មួយខែក្រោយ​លោក លី ចេ បាននាំសិស្ស និងគ្រូចំនួន៥១០នាក់មក​ពី​វិទ្យាល័យ ហ៊ុន សែន វាលរេញ ​ចូលរួមក្នុង​ដំណើរ​ទស្សនកិច្ច​ដូចគ្នា។

នៅក្នុងលិខិតផ្ញើជូនផ្នែកកិច្ចការសាធារណៈ​នៃ អ.វ.ត.ក នាពេលក្រោយមក លោកលី ចេ បាន​សង្កត់​ធ្ងន់ថា «ខ្ញុំសូមថ្លែងអំណរគុណលោក​ជាថ្មីម្តងទៀតដែលបានផ្តល់ឱកាសនេះដល់​សិស្សរបស់ខ្ញុំ។ នេះគឺជាបទពិសោធន៍ដ៏មានតម្លៃ​សម្រាប់សិស្សរបស់ខ្ញុំ ក៏ដូចជាសម្រាប់រូបខ្ញុំ​ផ្ទាល់​ដែលបានឃើញសិស្សរបស់ខ្ញុំចាប់អារម្មណ៍ និងមានភាពសប្បាយរីករាយក្នុងអំឡុងដំណើរ​ទស្សនកិច្ចសិក្សានេះ»។ «ខ្ញុំគ្មានអ្វីក្រៅពីកោតសរសើរដល់ អ.វ.ត.ក ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅចំពោះ​យើងខ្ញុំ។ ខ្ញុំមានអារម្មថាមានកំហុសដែលពុំបាន​ជួយច្រើនក្នុងការរៀបចំដំណើរទស្សនកិច្ចនេះ ប៉ុន្តែការធ្វើ​បែបនេះគឺជាឱកាសដ៏ពិសេសឲ្យ​ប្រជា​ជនក្នុងសហគមន៍បានចូលរួមក្នុងការរៀប​ចំគម្រោងនេះដោយខ្លួនគាត»។ លោកលី ចេ បន្ថែម។ ពាក្យសរសើរត្រូវបាននិយាយតគ្នាពីមាត់​មួយទៅមាត់មួយក្នុង​ចំណោមអ្នកស្ម័គ្រចិត្តរបស់​អង្គ​ការ​អាមេរិកខេន ភីសខប អំពីគុណ​ប្រយោជន៍​នៃដំណើរទស្សនកិច្ចនេះ និងអំពី​ឱកាស​ដែលអាចឲ្យ​សិស្សានុសិស្សទទួលបាន​ចំណេះដឹងទូលំទូលាយអំពីសង្គមទាំងមូល។

នៅថ្ងៃទី២៦ ខែឧសភា សិស្សនិងគ្រូចំនួន ៣៥៩នាក់ មកពីវិទ្យាល័យ ហ៊ុន សែន ឈូក បាន​មកធ្វើទស្សនកិច្ចសិក្សាដែលរៀបចំទៅ​តាម​សំណូមពររបស់អ្នកស្រី ជេនីហ្វឺ អូហ្សាវ៉ា ហាន់​សុន ជាអ្នកស្ម័គ្រចិត្តនៃអង្គការ​អាមេរិកខេន ភីស​ខប ប្រចាំនៅស្រុកឈូក ខេត្តកំពត។ អ្នក​ស្រី ជេនីហ្វឺ បានឲ្យដឹងថា គាត់បានឮលោកលី ចេ សហការីរបស់គាត់ ពោលសរសើរអំពី​ដំណើរ​ទស្សកិច្ចនេះ ហើយខ្លួនគាត់ផ្ទាល់ក៏យល់​ស្របថានេះជាឱកាសដ៏ប្រពៃដែលអាចឲ្យសិស្ស​របស់គាត់មានឱកាសរៀនសូត្រអំពីប្រវត្តិសាស្រ្ត​របបខ្មែរក្រហម និងអំពីដំណើរការកាត់​សេច​ក្តីទៅលើរបបនេះ។ ជាងនេះ​ទៅទៀត នេះក៏ជា​ឱកាសឲ្យសិស្សបានធ្វើដំណើរឆ្ងាយពីសហគមន៍​របស់ខ្លួន និងស្វែងយល់ពីអ្វីដែល​ទូលំទូលាយ​ជាង​មុន។

សិស្សនិងគ្រូដែលចូលរួម​បានទស្សនា​សារ​មន្ទីរទួលស្លែង (អតីតមន្ទីរ ស-២១) បន្ទាប់មក​ធ្វើដំណើរ​មកកាន់សាលសវនាការរបស់ អ.វ.ត.ក ដែលនៅទីនោះទាំងអស់គ្នាបានអង្គុយ​ក្នុងសាលសវនាការ និងស្តាប់ប្រសាសន៍​របស់​លោកឌឹម សុវណ្ណារុំ មន្ត្រីទទួលបន្ទុកផ្នែក​កិច្ច​ការ​សាធារណៈដែលជម្រាបជូនអំពីរចនាសម្ព័ន្ធ​របស់តុលាការ អំពីដំណើរការនីតិវិធី​និងអំពីការ​វិវឌ្ឍន៍ទូទៅរបស់តុលាការ។
នៅមុនពេលបន្តដំណើរទៅទស្សនាវាល​ពិឃាតជើងឯកជាមួយក្រុមសិស្សានុសិស្ស អ្នក​ស្រី ជេនីហ្វឺ បានគូសបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្ចនៅពេលនេះគឺជាជំហានចាប់​ផ្តើមដែលទាក់ទាញ​ចំណាប់អារម្មណ៍របស់សិស្ស​ទៅ​លើប្រធានបទខ្មែរក្រហម និងបន្តស្រាវ​ជ្រាវ​ស្វែង​យល់បន្ថែមទៀតទៅលើប្រធានបទនេះ។ ថ្ងៃនេះខ្ញុំសង្កេតឃើញថា សិស្សយកចិត្តទុក​ដាក់​ស្តាប់ និងកត់ត្រានូវអ្វីដែលគាត់បានឃើញនិង​បាន​ឮនៅគុកទួលស្លែង និងនៅសាលសវនាការ។ ខ្ញុំដឹងថា គ្រូៗរបស់គាត់បានដាក់​ការងារមួយ​ចំនួន​ឲ្យ​ពួកគាត់ធ្វើពេលត្រឡប់ទៅវិញ។ នេះ​ជា​សញ្ញាវិជ្ជមាននៃការវិវឌ្ឍន៍ចំណេះដឹង​របស់​សិស្ស ហើយខ្ញុំជឿជាក់ថា នឹងមានការពិភាក្សា​ទៅ​លើប្រធានបទនេះជាបន្តទៀត ហើយការ​ពិភាក្សានេះមានប្រយោជន៍ច្រើន ជាពិសេស​សម្រាប់សិស្សដែលត្រូវប្រឡងបញ្ចប់ថ្នាក់វិទ្យា​ល័យ​នៅឆ្នាំនេះ។ ខ្ញុំក៏មានសង្ឃឹមដែរថា នឹងមាន​ដំណើរ​ទស្សនកិច្ចលើកក្រោយៗទៀត​សម្រាប់​សិស្ស​របស់ខ្ញុំដែលពុំទាន់មានឱកាសបានចូលរួម​នៅឡើយ»។

ចន្លោះពីខែមីនាដល់ខែឧសភា ឆ្នាំ២០១១ នេះ សិស្សនិងគ្រូជាង២.០០០នាក់ហើយ ដែល​មក​ពីខេត្ត​បន្ទាយមានជ័យ កំពង់ចាម កំពត និង​ខេត្តព្រះសីហនុ បានចូលរួមក្នុងកម្មវិធីទស្សន​កិច្ច​សិក្សារបស់ អ.វ.ត.ក តាមសំណូមពរ​របស់​អ្នក​ស្ម័គ្រចិត្តនៃអង្គការ​អាមេរិកខេន ភីសខប។

យោងតាមការឲ្យដឹងរបស់លោក​ចិន ហែម​វិចិត្រ អ្នកសម្របសម្រួលកម្មវិធីផ្សព្វផ្សាយ​របស់​ផ្នែកកិច្ចការសាធារណៈនៃ អ.វ.ត.ក បាន​ឲ្យ​ដឹងថា រហូតមកដល់ពេលនេះ លោកបាន​ទទួល​សារអេឡិកត្រូនិច និងទូរស័ព្ទពីអ្នក​ស្ម័គ្រ​ចិត្តនៃអង្គការ​អាមេរិកខេន ភីសខប មកពីគ្រប់​២៤​ខេត្តក្រុង​ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលស្នើសុំឲ្យ អ.វ.ត.ក រៀបចំកម្មវិធី​ទស្សន​កិច្ចសិក្សាសម្រាប់សិស្ស​នៅសាលារបស់ខ្លួន ហើយ​ឥឡូវនេះលោកកំពុងតែរៀបចំកម្មវិធីទៅ​តាមសំណូមពរ។ ក្រៅពីនេះ អ.វ.ត.ក ក៏នៅ​តែប​ន្តកម្មវិធីទស្សនកិច្ចសិក្សាសម្រាប់ប្រជាពល​រដ្ឋទូទៅ និងសម្រាប់សាលារៀន​ផ្សេងៗទៀត​ទៅ​តាមសំណើសុំ៕