ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​សន្តិសុខ​កម្ពុជា​-​វៀតណាម ជា​សសរស្ដម្ភ​ដ៏​រឹង​មាំ ត្រូវ​តែ​ពង្រឹង និង​ពង្រីក​បន្ត​ទៅ​មុខ​ទៀត

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​នគរបាល​វៀតណាម បាន​គូសបញ្ជាក់​ថា ទំនាក់ទំនង​វិស័យ​សន្តិសុខ​កម្ពុជា​-​វៀតណាម ជា​សសរស្ដម្ភ​ដ៏​រឹង​មាំ ត្រូវ​តែ​បន្ត​ពង្រឹង និង​ពង្រីក​ឲ្យ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត ។ ឧត្តមសេនីយ៍ឯក…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​នគរបាល​វៀតណាម បាន​គូសបញ្ជាក់​ថា ទំនាក់ទំនង​វិស័យ​សន្តិសុខ​កម្ពុជា​-​វៀតណាម ជា​សសរស្ដម្ភ​ដ៏​រឹង​មាំ ត្រូវ​តែ​បន្ត​ពង្រឹង និង​ពង្រីក​ឲ្យ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត ។

ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិក​ការិយាល័យ​នយោបាយ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម បាន​បញ្ជាក់​ប្រាប់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថា ទំនាក់ទំនង​វិស័យ​សន្តិសុខ​រវាង​កម្ពុជា​-​វៀតណាម គឺជា​សសរស្ដម្ភ​ដ៏​រឹង​មាំ ដែល​យើង​ត្រូវ​តែ​បន្ត​ពង្រឹង និង​ពង្រីក​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ។

ការ​បញ្ជាក់​របស់​ឧត្តមសេនីយ៍ឯក តូ ឡឹម ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​វិមាន ៧ មក​រា នា​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៤​នេះ ។

ក្នុង​ជំនួប​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​បាន​វា​តម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក តូ ឡឹម នៅ​កម្ពុជា ជា​ពិសេស សម្ដេច​ចាត់​ទុក​ទស្សនកិច្ច​របស់​ប្រតិភូ ក្រសួង​នគរបាល​វៀតណាម នៅ​កម្ពុជា នា​ពេល​នេះ ពិតជា​បាន​រួមចំណែក​បន្ថែម​ទៀត ក្នុង​ការ​ពង្រឹង​នូវ​ទំនាក់ទំនង​រវាង​គណបក្ស​រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។

លោក​រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ជោគជ័យ​ដ៏​ធំធេង​របស់​កម្ពុជា ក្នុង​ការ​សម្រេច​បាន នូវ​សមិទ្ធផល​លើ​គ្រប់​វិស័យ នា​ឆ្នាំ​២០២៣ កន្លង​មក ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្ដេច​តេ​ជោ ជា​អគ្គ​មគ្គ​ទេស និង​ជោគជ័យ​របស់​រាជរដ្ឋាភិបាល បន្តវេន​ថ្មី ដែល​មាន​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី ។

ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ជូន​សម្ដេច​តេ​ជោ ថា គណបក្ស​កុម្មុយនីស្ត​វៀតណាម ក៏​ដូច​ជា​ប្រជាជន​វៀតណាម គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ និង​គាំទ្រ រាជរដ្ឋាភិបាល​កម្ពុជា​ថ្មី ដែល​មាន​សម្ដេច​អធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី​។

ជាមួយ​គ្នា​នោះ លោក​រដ្ឋមន្ត្រី ក៏​បាន​ជូនពរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យ​ទទួល​បាន​ជោគជ័យ ចំពោះ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នា​ពេល​ខាង​មុខ ក៏​ដូច​ជា​ការ​បោះ​ឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នា​ពេល​ខាង​មុខ ។

លោក​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​គណបក្ស​ទាំង​ពីរ នា​ពេល​កន្លង​មក ហើយ​លោក​បាន​សង្កត់ធ្ងន់​ថា ៖ «​ទំនាក់ទំនង​រវាង​វិស័យ​សន្តិសុខ នៃ​ប្រទេស​ទាំង​ពីរ គឺជា​សសរស្ដម្ភ​ដ៏​រឹង​មាំ ដែល​យើង​ត្រូវ​តែ​បន្ត​ពង្រឹង និង​ពង្រីក​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​» ។

ក្នុង​ជំនួប​នោះ​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឯកភាព​អំពី​ការ​រីក​ចម្រើន នៃ​ទំនាក់ទំនង​រវាង​គណបក្ស​ទាំង​២ ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ កាន់តែ​រឹង​មាំ និង​រីក​ចម្រើន​ជា​លំដាប់ ។

សម្ដេច​តេ​ជោ ក៏​បាន​ជូនពរ​ដល់​ទំនាក់​ទំនងជា​ប្រពៃណី​រវាង​គណបក្ស រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ កាន់តែ​រឹង​មាំ​ឋិតថេរចីរកាល យូរអង្វែង​ទៅ​ទៀត ។

នៅ​ក្នុង​កិច្ច​សន្ទនា​គ្នា​នោះ​ដែរ ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​ឯកភាព​គ្នា មិន​អនុញ្ញាត​ឱ្យ​កម្លាំង​អមិត្ត​ណាមួយ ប្រើប្រាស់​ទឹកដី​របស់​ខ្លួន ដើម្បី​ប្រឆាំង​ជាមួយនឹង​ប្រទេស​វៀតណាម ឬ​ក៏​ប្រឆាំង​នឹង​ប្រទេស​កម្ពុជា​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ