ខេត្តស្ទឹងត្រែង ៖ រថយន្តវីហ្គោតារាចម្រៀងខាត់ សុឃីម មកពីភ្នំពេញ ឆ្ពោះទៅខេត្តរតនគិរី ដោយមានគ្នារួមដំណើរក្នុងរថយន្តចំនួន៥នាក់ បានក្រឡាប់លើផ្លូវជាតិលេខ៧A បណ្តាលឱ្យមនុស្សក្នុងរថយន្តទាំងអស់រងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងនៅចំណុចភូមិរាជានុកូល សង្កាត់អូរពង់មាន់ ក្រុងស្ទឹងត្រែង ចម្ងាយពីបន្ទាយទាហាន៤២ ជាង១៥០ម៉ែត្រ។
លោកសេង សុភាព ប្រធានស្នាក់ការកងរាជអាវុធហត្ថប្រចាំភ្នំក្រហមបានឱ្យដឹងថា នៅវេលាម៉ោង១និង១០នាទីអធ្រាត្រថ្ងៃទី២៨ ឧសភា ២០១១ រថយន្តតូយ៉ូតាវីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2J-2967 បើកបរដោយលោកអ៊ិនសុផាណូ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចចុះទួលអូរពង់មាន់ ស្រាប់តែក្រឡាប់ តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរ ទេ គ្រាន់តែរបួសស្រាលបន្តិចបន្តួចប៉ុណ្ណោះ ។ លោកបានបន្តថា ក្នុងរថយន្តមានប្រុស២ ស្រី៣នាក់ សុទ្ធសឹងជា អ្នកសិល្បៈរួមដំណើរជាមួយគ្នា ក្នុងនោះមាន អ្នកនាងខាត់ សុឃីម លោកអ៊ិន សុផាណូ ជាគូដណ្តឹង លោកសង់ សេត តារាកំប្លែង កញ្ញារ៉ាមី និងកញ្ញារ័ត្ន ជាអ្នករាំ ។
ប្រភពនៅកន្លែងកើតហេតុបាននិយាយពីសម្តី របស់អ្នកនាងខាត់ សុឃីម ថា គោលបំណងប្រញាប់ទៅខេត្តរតនគិរីដើម្បីឱ្យទាន់កម្មវិធីកាត់សក់មង្គលការគេ តែដោយសារងងុយដេកពេក គិតថា មកដល់អូរពង់មាន់រកកន្លែងដេកបន្តិច សិន ទើបធ្វើដំណើរទៅបន្តទៀត តែទៅជិតដល់ហើយទន់ត្របកភ្នែកដេកមួយភាំង ក៏ជ្រុលចង្កូតធ្លាក់ប្រឡាយក្រឡាប់ទាំងមិនដឹងខ្លួន ។ លោកខាត ជាឪពុកអ្នកនាងខាត់ សុឃីម បានឱ្យដឹងថា ក្នុងគ្រោះថ្នាក់នេះមិនមានអ្នករបួសធ្ងន់ទេ គ្រាន់តែរបួសសើរស្បែកបន្តិចបន្តួច តែរថយន្តខូចខាតធ្ងន់យកទៅភ្នំពេញវិញ ។
ព័ត៌មានបានឱ្យដឹងច្បាស់ថា នៅថ្ងៃទី២៨ ឧសភា ២០១១ នេះ មានពិធីអាពាហ៍ពិពាហ៍រវាងកូនកំលោះ-ក្រមុំរបស់លោកអភិបាលស្រុកកូនមុំ និងលោកអភិបាលរងស្រុកអូរជុំ ដែលបានរៀបចំនៅចំណុចខាងត្បូងផ្សារក្នុងភូមិ១ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានអញ្ជើញក្រុមសិល្បៈអ្នកនាងមកសម្តែងអបអរក្នុងពិធីអាពាហ៍ពិពាហ៍នេះ តែដោយសារមានការជាប់សម្តែងនៅក្រុងភ្នំពេញ រហូតដល់ចប់ ទើបបង្ខំធ្វើដំណើរមកទាំងយប់ អត់ងងុយជួបនឹងគ្រោះថ្នាក់បែបនេះ តែសំណាងល្អមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរឡើយ ចំណែករថយន្តរងការខូចខាតស្ទើរទាំងស្រុងស្ទូចដាក់រថយន្តធំដឹកត្រឡប់ទៅភ្នំពេញវិញ ។
សូមបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍ក្រឡាប់នេះ រថយន្តក៏បានបុកបង្គោលស្លាកសញ្ញាសម្គាល់រូបគោតាមដងផ្លូវរបស់មន្ទីរសាធារណការមួយដើមដែរ តែលោក សរ គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត គ្រាន់តែឱ្យជួយជួសជុលឡើងវិញប៉ុណ្ណោះ ។ បន្ទាប់ពីឧប្បត្តិហេតុបានកើតឡើងសុំការបំភ្លឺពីមន្ត្រីជំនាញអំពីមូលហេតុ តែមន្ត្រីចរាចរបាននិយាយថា ពុំមានរថយន្តក្រឡាប់ទេ៕
ចែករំលែកព័តមាននេះ