ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា ​ទម្លាក់​ទឹក​ពី​បារាយណ៍ទឹកថ្លា ជួយ​ស្រោចស្រព​ស្រែប្រាំង​​ប្រជាពលរដ្ឋ

3 ខែ មុន

ខេត្តសៀមរាប ៖ ក្រៅពី​ជា​អាង​ស្ដុក​ទឹក​ដ៏​ធំ​ជាងគេ នៅ​រមណីយដ្ឋាន​អង្គរ សម្រាប់​ជួយ​កិច្ច​ការងារ​អភិរក្ស​ប្រាសាទ បារាយណ៍ទឹកថ្លា ឬ​បារាយណ៍​ខាងលិច ក៏​ជា​ប្រភព​ទឹក​ដ៏​សំខាន់​សម្រាប់​ការ​ស្រោចស្រព​ស្រែប្រាំង​របស់​ពលរដ្ឋ នៅ​ប៉ែក​ខាងក្រោម ដែល​សរុប​មាន​ជិត…

ខេត្តសៀមរាប ៖ ក្រៅពី​ជា​អាង​ស្ដុក​ទឹក​ដ៏​ធំ​ជាងគេ នៅ​រមណីយដ្ឋាន​អង្គរ សម្រាប់​ជួយ​កិច្ច​ការងារ​អភិរក្ស​ប្រាសាទ បារាយណ៍ទឹកថ្លា ឬ​បារាយណ៍​ខាងលិច ក៏​ជា​ប្រភព​ទឹក​ដ៏​សំខាន់​សម្រាប់​ការ​ស្រោចស្រព​ស្រែប្រាំង​របស់​ពលរដ្ឋ នៅ​ប៉ែក​ខាងក្រោម ដែល​សរុប​មាន​ជិត ៧​ពាន់​គ្រួសារ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៤​នេះ ។

លោក យុ​ត យ៉ែ​ម មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​ទឹក ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​ចាប់ផ្តើម​បើកទឹក​ទម្លាក់​ជូន​ប្រជាពលរដ្ឋ ដើម្បី​ស្រោចស្រព​ស្រែប្រាំង ចាប់ពី​ខែធ្នូ ឆ្នាំ​២០២៣ និង​បន្ត​រហូត​ដល់​បច្ចុប្បន្ន ។

លោក​បន្ត​ថា ការងារ​នេះ គឺ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​នាម​អ្នកគ្រប់គ្រង​ទឹក​បារាយណ៍ទឹកថ្លា តែងតែ​យកចិត្តទុកដាក់ និង​មិន​ដែល​ឱ្យ​មានការ​រាំងស្ទះ​ទឹក​ជូន​ពលរដ្ឋ​ឡើយ ក្នុង​បំណង​ជួយ​ឱ្យ​ការ​បង្កបង្កើន​ផល​ស្រូវប្រាំង របស់​ប្រជាពលរដ្ឋ​បាន​ទិន្នផល​ល្អ ។

ជាមួយនឹង​ការងារ​សម្រួល​ទឹក​ជូន​ពលរដ្ឋ​នេះ​ដែរ លោក យុ​ត យ៉ែ​ម បន្ថែម​ថា ក្រុមការងារ​លោក​តែង​ចុះ​ជា​ប្រចាំ ដោយពេល​ខ្លះ បាន​ជួសជុល​ប្រឡាយ​បញ្ជូន​ទឹក ដែល​បែកបាក់ និង​ពិនិត្យ​ទ្វារ​ទឹក​ឱ្យ​ដំណើរការ​ល្អ​ពេល​បិទ​បើក​ជាដើម ។

តំណាង​ក្រុម​សហគមន៍​កសិករ ប្រើប្រាស់​ទឹក​បារាយណ៍ទឹកថ្លា លោក ហួត ហា​យ បានឱ្យ​ដឹង​ថា ការ​ប្រើប្រាស់​ទឹក នៅ​ឆ្នាំ​នេះ របស់​កសិករ គឺ​មាន​ភាពល្អ​ប្រសើរ ។

ក្នុង​នាម​កសិករ​មួយ​រូប លោក​ក៏​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​តែងតែ​យកចិត្តទុកដាក់​ការងារ​គ្រប់គ្រង​ទឹក និង​ទម្លាក់​ទឹក​ជូន​ពលរដ្ឋ​ប្រើប្រាស់​គ្រប់គ្រាន់ និង​ទាន់​ពេលវេលា​។

លោក​បន្ថែម​ថា ស្រែប្រាំង​របស់​ប្រជាពលរដ្ឋ គឺ​ពឹង​មួយ​ផ្នែក​ធំ​លើ​ទឹក​បារាយណ៍ ក្រៅពី​ទាញ​ទឹក​ពី​ទំនប់​៧៨ និង​ទឹក​ពី​បឹង​ទន្លេសាប ។

សូម​បញ្ជាក់​ថា សហគមន៍​ដែល​កំពុង​ប្រើប្រាស់​ទឹក​បារាយណ៍ សរុប​មាន​ចំនួន ៩​ឃុំ​-​សង្កាត់ មាន​៦៥​ភូមិ និង​៦,៨១៨​គ្រួសារ ស្មើនឹង​ផ្ទៃដី​សរុប ៧៨៥០​ហិ​កតា ៕

អត្ថបទសរសេរ ដោយ