ធ្វើបុណ្យលែងសត្វ បានបុណ្យ ឬក៏បានបាប?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អភ័យទានជាទានឱ្យអភ័យដល់សព្វសត្វ ឬហៅថាជាទានមិនយកទោសពៃរ៍ដល់
រាជធានីភ្នំពេញ ៖ អភ័យទានជាទានឱ្យអភ័យដល់សព្វសត្វ ឬហៅថាជាទានមិនយកទោសពៃរ៍ដល់
រាជធានីភ្នំពេញ ៖ អភ័យទានជាទានឱ្យអភ័យដល់សព្វសត្វ ឬហៅថាជាទានមិនយកទោសពៃរ៍ដល់គ្នា អនុគ្រោះឱ្យគ្នា ។ សត្វទាំងឡាយសុទ្ធតែជាអ្នកភ័យខ្លាចនឹងសេចក្តីស្លាប់ កាលបើយើងឱ្យអភ័យទានដោយការដោះលែង នោះនឹងបានអានិសង្សច្រើនណាស់ ។
យ៉ាងណាមិញ ការធ្វើបុណ្យលែងចាប លែងអណ្ដើក និងសត្វផ្សេងៗមួយចំនួនទៀត កន្លងមកមានមតិ ឬមានការលើកឡើងផ្ទុយគ្នា ដោយខ្លះមានជំនឿថា «បានបុណ្យ» ខ្លះថា «បានបាប» ច្រើនជាង។ ប្រាកដណាស់ ការលែងសព្វសត្វ ដូចជា សត្វចាប ជាដើម ត្រូវបានបងប្អូនយើងមានជំនឿមួយសម្រាប់អ្នកធ្វើបុណ្យ ដោយមានការយល់ឃើញថាគឺជាការផ្ដល់សេរីភាពដល់សត្វ និងធ្វើឲ្យខ្លួនរួចផុតពីទុក្ខភ័យ ដូចសត្វទាំងនោះដែរ។ យ៉ាងណាមិញ ក៏មានបងប្អូនខ្លះយល់ថា គឺជាការធ្វើបាបផងដែរ ព្រោះសត្វចាប ឬព្រាបនោះ ត្រូវអ្នកប្រមាញ់តាមចាប់មកវិញ ដើម្បីយកមកលក់ឱ្យបងប្អូនយើង ដែលពេលខ្លះធ្វើឱ្យសត្វចាប បាក់ជើង ក៏មានដែរ។
តែបើតាមសង្ឃដីការបស់ព្រះសង្ឃមួយអង្គ ឱ្យដឹងថា អ្នកដែលបានលែងសត្វតិរច្ឆាន ដូចជា មាន់ ទា បក្សាបក្សី ត្រី អណ្តើក ចាប លលកជាដើម ដោយអំណាចដែលបានលែងសត្វអម្បាលនោះ អ្នកនោះរមែងជាអ្នកមានអាយុយឺនយូរ ជាអ្នកមានសេចក្តីសុខច្រើន ឥតមានរោគភ័យមកបៀតបៀនក្នុងកាលទាំងពួងប្រកបតែសេចក្តីសុខ សេចក្តីចម្រើនក្នុងលោកអ្នកផង និងលោកខាងមុខផង ។
ដោយប្រការដូចនេះហើយបានជានៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ មនុស្សទាំងឡាយតែងនាំគ្នាដោះលែងសត្វផ្សេងៗ តែងនាំគ្នាធ្វើបុណ្យផ្សេងៗ ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។
កាលពីថ្ងៃសីលកន្លងទៅ ព្រះវិរិយធម្មញាណពៅ ស៊ត មានសេចក្តីជ្រះថ្លា បានជាវត្រីយកទៅលែងនៅក្នុងទន្លេនាមុខព្រះបឋមរាជវាំង ហើយព្រះអង្គបានមានថេរដីកាថា សព្វសត្វទាំងឡាយទាំងពួង ថ្វីដ្បិតតែគ្នាមិនចេះនិយាយភាសាមនុស្ស ដឹងខុស ដឹងត្រូវដូចមនុស្សយើងក៏ពិតមែន ក៏ប៉ុន្តែអ្វីដែលគ្នាមានដូចមនុស្សនោះ គឺគ្នាត្រូវការសេចក្តីសុខដូចមនុស្សយើងអញ្ចឹងដែរ ។
ព្រះវិរិយធម្មញាណពៅ ស៊ត បានមានថេរដីកាបន្តថា ថ្ងៃសីល អាត្មាមានសេចក្តីជ្រះថ្លាបានជាវសត្វមកលែង ព្រមទាំងបូជាដោយគ្រឿងក្រអូបមានផ្កាភ្ញីជាដើម និងយកទៅលែងនៅទីកន្លែងដែលសមគួរ ។ ការផ្តល់អភ័យទានដល់សព្វសត្វ ការផ្តល់សេចក្តីសុខដល់សត្វ ក៏ឈ្មោះថាយើងបានផ្តល់សេចក្តីសុខដល់ខ្លួនឯងផងដែរ ។ មិនថាមនុស្សយើង ឬក៏សត្វទេ មនុស្សយើងទាំងអស់គ្នា ក៏ដូចសព្វសត្វទាំងឡាយទាំងពួងថ្វីដ្បិតតែគ្នាមិនចេះនិយាយភាសាមនុស្ស ដឹងខុសដឹងត្រូវដូចមនុស្សយើងក៏ពិតមែន ក៏ប៉ុន្តែអ្វីដែលគ្នាមានដូចមនុស្សយើង គឺគ្នាត្រូវការសេចក្តីសុខដូចតែយើងអញ្ចឹង ។
សូមបញ្ជាក់ថា យើងផ្តល់អភ័យទានដល់សត្វ យើងលែងសត្វនេះ មានន័យថាយើងកើតជាតិណាៗ ពេលណាៗ នៅក្នុងផ្លូវព្រះពុទ្ធសាសនា យើងមិនសម្បូរទៅដោយរោគនោះទេ ។ អ្នកដែលកើតមកឈឺច្រើន ភាគច្រើនបុគ្គលនោះដាច់សីល ភាគីច្រើនបុគ្គលនោះបៀតបៀននូវអាយុជីវិតសត្វ ។
នៅក្នុងផ្លូវព្រះពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធ ព្រះអង្គក៏បានសម្តែងថា បុគ្គលណាកើតមកមានរោគាច្រើន មានអាយុខ្លីនោះ ដោយហេតុថា បុគ្គលនោះ មនុស្សនោះបានបៀតបៀនអាយុជីវិតសត្វ ក៏ដូចជាសម្លាប់សត្វនោះឯង ។ អញ្ចឹងកើតជាតិណាៗ បុគ្គលនោះអាយុខ្លី ហើយមានរោគច្រើនទៀត ។ អញ្ចឹងបានញាតិញោមមានឆ្ងល់ទេ មនុស្សយើងខ្លះកើតមក ១ខែអត់ទាន់ស្គាល់ពេទ្យម្តងទេ ប៉ុន្តែញាតិញោមខ្លះ ១ខែសឹងតែទៅពេទ្យ១ខែ ។ អញ្ចឹងដោយសារអី គឺដោយសារកម្លាំងបុណ្យនោះមានផ្សេងៗគ្នា ។
បន្ទាប់មកព្រះអង្គក៏បានរកកន្លែងដែលសមគួរដើម្បីលែងត្រី ដោយព្រះអង្គមានថេរដីកាថា ថ្ងៃនេះជាថ្ងៃសីល ដូច្នេះអាត្មាលែងអ្នកឯង សូមអ្នកឯងទៅឱ្យបានសុខ បានចម្រើន និងសូមជូនបុណ្យ ជូនកុសលដល់ញាតិញោមទាំងអស់គ្នា សូមបានមគ្គ បានផល កុសលផលបុណ្យស្មើៗគ្នា និងបានស្មើនឹងអាត្មាផងដែរ ។
ថ្ងៃនេះអាត្មាបានមកលែងសត្វ ផ្តល់អភ័យទានដល់សព្វសត្វ ហើយថ្ងៃនេះជាថ្ងៃសីលផងដែរ ដូច្នេះដូចអាត្មាបញ្ជាក់អញ្ចឹងថា ទាំងមនុស្ស ទាំងសត្វ គឺមនុស្សយើងទាំងអស់គ្នា ទាំងសត្វទាំងអស់គ្នា ត្រូវការចង់បានសេចក្តីសុខដូចតែមនុស្សយើងដែរ ។ ទាំងមនុស្សទាំងសត្វគឺត្រូវការសេចក្តីសុខដូចៗគ្នា ដូច្នេះចូរយើងខំសាងល្អ ធ្វើល្អ គិតល្អ ប្រព្រឹត្តល្អទៅ នោះជីវិតរបស់យើងជួបតែរឿងល្អៗពេញមួយជីវិត ។ សូមអនុមោទនា ៕
ចែករំលែកព័តមាននេះ