ខេត្តបន្ទាយមានជ័យ ៖ កាលពីយប់ថ្ងៃទី២៥ ឧសភា នគរបាលចរាចរដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ឈឿម សុផុន នាយការិយាល័យចរាចរជើងគោកខេត្តបានបើកប្រតិបត្តិការនៅ២កន្លែងដើម្បីពិនិត្យអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ម៉ូតូគ្មានកញ្ចក់មើលក្រោយ អ្នកបើកបរស្រវឹង និងរថយន្តគ្មានភ្លើងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
លោកវរសេនីយ៍ទោ ឈឿម សុផុន ឱ្យដឹងថា ជាលទ្ធផលសមត្ថកិច្ចឃាត់អ្នកជិះម៉ូតូគ្មានពាក់មួកសុវត្ថិភាពចំនួន៥៧នាក់ ម៉ូតូ៥៧គ្រឿង អ្នកជិះម៉ូតូមិនមានកញ្ចក់មើលក្រោយចំនួន១៥នាក់ ម៉ូតូ១៥គ្រឿង និងម៉ូតូគ្មានពាក់ស្លាកលេខចំនួន៦គ្រឿង អ្នកជិះចំនួន៦នាក់ ។ ក្រៅពីនេះឃាត់រថយន្តចំនួន៣គ្រឿង ក្នុងនោះមួយគ្រឿងដឹកអីវ៉ាន់សំពីងសំពោងខ្ពស់ហួសច្បាប់កំណត់ មួយគ្រឿងពុំមានភ្លើងបំភ្លឺត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមួយគ្រឿងទៀតបើកបុកស្លាកសញ្ញាចរាចរពេលដែលសមត្ថកិច្ចកំពុងប្រតិបត្តិការ។ យានយន្តទាំងនោះ សមត្ថកិច្ចនាំយកទៅកាន់ការិយាល័យចរាចរដើម្បីអប់រំ និងផាកពិន័យម្ចាស់តាមច្បាប់ចរាចរ។
លោកនាយការិយាល័យចរាចរបន្តទៀតថា ក្នុងប្រតិបត្តិការនេះក៏មានការប៉ះពាល់សម្តីពីបុគ្គលមួយចំនួនដែលមិនយល់អំពីភារកិច្ច និងកាតព្វកិច្ចរបស់នគរបាលចរាចរ ប៉ុន្តែទោះជាយ៉ាងណាក្តីវាជាតួនាទីរបស់សមត្ថកិច្ចការិយាល័យជំនាញ គឺត្រូវតែចាប់បង្ខំឱ្យបុគ្គលនោះគោរព និងអនុវត្តច្បាប់ចរាចរឱ្យខាងតែបាន សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរឱ្យនៅក្នុងកំរិតទាប។
លោកវរសេនីយ៍ទោ ឈឿម សុផុន បានបញ្ជាក់ថា នៅក្នុង៦ខែដើមឆ្នាំ២០១១នេះអត្រាគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្តមានចំនួនជាង២០០ករណី។ ថ្វីដ្បិតតែចំនួននេះមានការថយចុះជាង៦ខែដើមឆ្នាំទៅមិញក៏ពិតមែន ប៉ុន្តែអ្នកស្លាប់មានចំនួនដល់ទៅជាង៥០នាក់ កើនជាងឆ្នាំទៅមិញ និងអ្នករបួសធ្ងន់ និងស្រាលរាប់រយនាក់ទៀត។ ដូច្នេះដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទៅបានលុះត្រាតែមហាជនចូលរួមអនុវត្តច្បាប់ចរាចរ ៕
ចែករំលែកព័តមាននេះ