ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មើម​ប្រគ្រីវ ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​កសិករ​វៀតណាម​យំ​លែង​ចេញ​

3 ខែ មុន

នៅ​ដើមឆ្នាំ​២០២៤​នេះ​តម្លៃ​គល់​ប្រគ្រីវ នៅ​ក្នុង​ប្រទេស​វៀត​ណាម បាន​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង នៅ​ត្រឹមតែ​១​គីឡូក្រាម​តម្លៃ ២០,០០០​ដុ​ង​-២៥,០០០​ដុ​ង (​ប្រហាក់ប្រហែល​១​ដុល្លារ​អា​មេ​រិ​ក​)​ ធ្លាក់​ចុះ​ប្រហែល ១០,០០០​ដុ​ង​ក្នុង​១​គីឡូក្រាម ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ដែល​បណ្តាល​ឱ្យប្រាក់​ចំណូល​របស់​ប្រជា​កសិករ​ដាំ​ដុះ​គល់​ប្រគ្រីវ ធ្លាក់​ចុះ

ខេត្ត​ក្វា​ង​ណា​ម ប្រទេស​វៀតណាម ៖ នៅ​ដើមឆ្នាំ​២០២៤​នេះ​តម្លៃ​គល់​ប្រគ្រីវ នៅ​ក្នុង​ប្រទេស​វៀត​ណាម បាន​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង នៅ​ត្រឹមតែ​១​គីឡូក្រាម​តម្លៃ ២០,០០០​ដុ​ង​-២៥,០០០​ដុ​ង (​ប្រហាក់ប្រហែល​១​ដុល្លារ​អា​មេ​រិ​ក​)​ ធ្លាក់​ចុះ​ប្រហែល ១០,០០០​ដុ​ង​ក្នុង​១​គីឡូក្រាម ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ដែល​បណ្តាល​ឱ្យប្រាក់​ចំណូល​របស់​ប្រជា​កសិករ​ដាំ​ដុះ​គល់​ប្រគ្រីវ ធ្លាក់​ចុះ​ប្រមាណ​៣០%​ ធ្វើ​ឱ្យ​ពួក​គេ​យំ​ក៏​មិន​ចេញ ញញឹម​ក៏​មិនកើត ព្រោះតែ​ខាតបង់​ប្រាក់​ធ្ងន់ធ្ងរ​។

បើ​យោង​តាម​ប្រភព​សារព័ត៌មាន VN Express ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៤ បញ្ជាក់​​ឱ្យ​ដឹង​ថា «​ប៉ុន្មាន​ថ្ងៃនេះ​ប្រជា​កសិករ​រាប់រយ​គ្រួសារ​នៅ​ឃុំ Binh Phuc ស្រុក ThangBinh ខេត្ត​ក្វា​ង​ណា​ម បាន​ចាប់ផ្តើម​រដូវ​ប្រមូល​ផលដំណាំ​ប្រគ្រីវ របស់​ពួក​គេ​ដើម្បី​លក់​ឱ្យ​ឈ្មួញ​ដែល​ប្រមូល​ទិញ។ ដំណាំ​ប្រគ្រីវ ត្រូវ​បាន​គេ​ពេញ​និយម​ដាំ​ដុះ​នៅ​លើ​វាលស្រែ​ដែល​មាន​ដីខ្សាច់​។ ហើយ​បន្ទាប់​ពី​ស្លឹក​ពណ៌​​បៃតង​របស់​វា ប្រែ​ទៅ​ជា​ពណ៌​លឿង​នោះ គឺជា​សញ្ញា​បង្ហាញ​ថា​ ដល់​ពេលវេលា​ដែល​ត្រូវ​ប្រមូល​ផល​ហើយ និង​ជា​ពេល​ដែល​ពួក​គេ​ត្រូវ​រីករាយ​ក្រោយ​ពី​ការ​ដាំ​ដុះ​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​មកនេះ ប៉ុន្តែ​តម្លៃ​បែរជា​ធ្លាក់​ទាប​នា​ឆ្នាំ​នេះ​ធ្វើ​ឱ្យ​ពួក​គេ​សម្តែង​ការ​សោកស្ដាយ​ទៅ​វិញ​»​។

ជុំវិញបញ្ហាតម្លៃទាបនេះ បើតាមកសិករម្នាក់មានឈ្មោះវ៉ូ វ៉ាន់កុក បានប្រាប់ឱ្យដឹងថា «គាត់ចាប់ផ្តើមសាបព្រោះគ្រាប់ពូជប្រគ្រីវនៅលើដី៥ហិកតា តាំងពីខែកក្កដា និងសីហា ដោយក្នុងមួយហិកតា ត្រូវចំណាយប្រាក់អស់១,៥លានដុងសម្រាប់គ្រាប់ពូជនិងជី។ ក្រោយពីការដាំដុះត្រូវធ្វើស្មៅ ដាក់ជី ស្រោចទឹកនិងបាញ់ថ្នាំសត្វល្អិតអស់រយៈពេលជាង៥ខែ ទើបគាត់ចាប់ផ្ដើមច្រូតកាត់ រួចយកទៅលក់ឱ្យឈ្មួញ។ចំពោះមើមតូច លក់បានតម្លៃ២០.០០០ដុងក្នុង១គីឡូក្រាម តែបើមើមធំវិញ លក់បានតម្លៃ២៥.០០០ដុងក្នុង១គីឡូក្រាម» ។

លោក វ៉ូ វ៉ាន់កុក បានបន្តថា «កាលពីឆ្នាំមុន ប្រគ្រីវ ទទួលបានផលល្អហើយលក់បានតម្លៃខ្ពស់ ដោយក្នុងមួយរោងប្រមូលផលបាន៣០០គីឡូក្រាម លក់បានតម្លៃ៨លានដុងប៉ុន្តែឆ្នាំនេះ ដោយសារភ្លៀងធ្លាក់ច្រើន ធ្វើឱ្យគល់ប្រគ្រីវ ចេញគល់តូចៗមិនធំដូចឆ្នាំមុខ ដូច្នេះក្នុងមួយរោងប្រមូលផលបានត្រឹមតែ២០០គីឡូក្រាម និងលក់បានតម្លៃ៤លានទៅ៥លានដុងតែប៉ុណ្ណោះ»។

លោក វ៉ូ វ៉ាន់កុក បាននិយាយបន្តទៀតថា «ប្រាក់ចំណូលរបស់យើងបានធ្លាក់ចុះប្រហែល៣០% ទៅ​៤០% ដូច្នេះយើងពិតជាសោកសៅ ប៉ុន្តែយើងត្រូវតែទទួលយកវា ពីព្រោះការធ្វើកសិកម្មពឹងផ្អែកខ្លាំងទៅលើអាកាសធាតុ»។

ប្រភពដដែលបន្តថា ស្ថិតក្នុងឃុំ Binh Phuc គ្រួសាររបស់លោក Phan Si ក៏កំពុងប្រមូលផលគល់ប្រគ្រីវចំនួន៦ហិចតា។ហើយក្នុងអំឡុងឆ្នាំ២០២៣ លោកបានលក់វាក្នុងតម្លៃ ៣៥,០០០ដុងក្នុងមួយគីឡូ​ក្រាម។ប៉ុន្តែការប្រមូលដើមដៃឆ្នាំនេះ អាជីវករទិញគល់ប្រគ្រីវ ធំលេខទី១ ក្នុងតម្លៃ​២៥.០០០ដុង,និងលេខទី២ តម្លៃ២០.០០០-២២.០០០ដុងក្នុង១គីឡូក្រាម ។ វាបង្ហាញថា ប្រាក់ចំណូលសរុបរបស់គ្រួសារគាត់ធ្លាក់ចុះប្រហែល២០លានដុង បើប្រៀបធៀបនឹងឆ្នាំមុន។

សូមជម្រាបថា នៅឃុំ Binh Phuc គឺជាតំបន់ដាំដុះគល់ប្រគ្រីវធំជាងគេនៅខេត្ត Quang Nam។ គល់ប្រគ្រីវ នៅទីនេះល្បីថា មានក្លិនឈ្ងុយ និងផ្អែមឆ្ងាញ់។ បន្ទាប់ពីប្រមូលផលរួច គល់ប្រគ្រីវ មួយចំនួន ត្រូវបានលក់ក្នុងស្រុកហើយនៅសល់ក៏ត្រូវឈ្មួញប្រមូលយកទៅលក់នៅក្រុង Da Nang តំបន់ខ្ពង់រាបកណ្តាលនិងទីក្រុងហូជីមិញ រួចក៏នាំចេញមកកាន់ប្រទេសជិតខាងផងដែរ។

ឈ្មួញដែលប្រមូល​ទិញ​គល់ប្រគ្រីវ ក្នុងនៅឃុំ Binh Phuc ឈ្មោះ Le Thi Chinh ក៏បាននិយាយដែរថា «ក្នុងមួយឆ្នាំៗគាត់ទិញគល់ប្រគ្រីវ ចំនួន១០តោន បន្ទាប់មកជួលឡានដឹកទំនិញ ដើម្បីដឹកទៅ​ចែកចាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ ហើយនៅដើមរដូវនេះ តម្លៃគល់ប្រគ្រីវ កំពុងបន្តធ្លាក់ចុះ ដោយសារតែចំរដូវប្រមូលផលនិងការផ្គត់ផ្គង់ខ្ពស់។

លោក Phan Ngoc Bon អនុប្រធានឃុំ BinhPhuc ក៏បានប្រាប់ឱ្យដឹងថា «ឆ្នាំនេះ ប្រជាជនក្នុងឃុំ ដាំប្រគ្រីវបានប្រហែល១៤០ហិកតា ហើយស្របពេលទិន្នផលធ្លាក់ចុះ តម្លៃក៏ធ្លាក់ចុះដូចគ្នា។ប៉ុន្តែទោះបីជាចំណូលថយចុះក៏ដោយ ក៏នៅគ្រាន់បើដែរ បើធៀបនឹងតម្លៃស្រូវ ព្រោះកសិករដាំប្រគ្រីវនៅតែអាចរកបានចំណូលជាង២០០លានដុងក្នុង១ហិកតា»។

អនុប្រធានឃុំ Binh Phuc និយាយថា ៖ «បច្ចុប្បន្ន តម្លៃគល់ប្រគ្រីវ បានធ្លាក់ចុះដោយសារខេត្តភាគខាងត្បូងក៏មានកំណើនច្រើនដែរហើយបានប្រមូលផលហើយ»។ នៅខេត្ត Quang Nam ប្រជាជនតែងតែយកគល់ប្រគ្រីវ ធ្វើជ្រក់លាយជាមួយការ៉ុត និងឆៃថាវ ហើយយកវាមកបរិភោគជាមួយនំអន្សមនិងសាច់ជ្រូក កំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្លួន៕

អត្ថបទដោយ ៖ អោមចែតច័ន្ទណារ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ