ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រើប្រាស់ថាមពលស្អាត នៅកម្ពុជា សម្រេច​បាន ៦២% នាពេលបច្ចុប្បន្ន ហើយនឹងបន្ត​ជំរុញ​ឱ្យ​ឈាន​ទៅដល់ ៧០% ត្រឹមឆ្នាំ២០៣០​

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ​ឯកឧត្តម…

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ​ឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងជាប្រធានប្រត្តិបត្តិ នៃវិទ្យាស្ថានបម្រែបម្រួលសកល Tony Blair (Tony Blair Institute for Global Change) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ច​ពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។

ជាកិច្ចចាប់ផ្តើម សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងសេចក្តីរីករាយ ដែលបានជួប​ពិភាក្សា​ជាមួយឯកឧត្តម Tony Blair និងបានបញ្ជាក់ថា កម្ពុជារក្សាបានូវសុខសន្ដិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ សម្តេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ច​កោណ-ដំណាក់​កាលទី១ និងកំណត់យកនូវអាទិភាពគន្លឹះរួមមាន៖ ការអភិវឌ្ឍមូលធនមនុស្ស ការរក្សាកំណើន ការបង្កើតការងារ និងការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាពនិងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

ក្នុងឱកាសនៃជំនួប ឯកឧត្តម Tony Blair  បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួប​ពិភាក្សាការងារជាមួយសម្ដេចធិបតី និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន​លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ហើយឯកឧត្តមបានជម្រាបជូនសម្ដេចធិបតី ថា វិទ្យាស្ថានបម្រែបម្រួលសកល Tony Blair បាននិងកំពុងជួយគាំទ្រដល់បណ្ដាប្រទេស​ កំពុងអភិវឌ្ឍជាច្រើន ហើយក្នុងនោះក៏មានប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ។

ជាមួយនេះ ឯកឧត្តម Tony Blair បានបង្ហាញពីបំណងពង្រឹងកិច្ចសហការ និងការស្វែងយល់​បន្ថែមអំពីកម្ពុជា ដោយឯកឧត្តមបានជម្រាបសួរសម្ដេចធិបតីបន្ថែមអំពីគោលនយោបាយ​អាទិភាពសំខាន់ៗមួយចំនួនរបស់កម្ពុជា ដែលរួមមាន វិស័យថាមពល បរិស្ថាន កសិកម្ម ឧស្សាហកម្ម ជាដើម។

ជាការឆ្លើយតប សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់​លើការ​ពង្រឹងអភិបាលកិច្ចល្អ ហើយវិស័យកសិកម្មនៅតែជាវិស័យអាទិភាពមួយ ដោយរាជរដ្ឋាភិបាល បាន និងកំពុងធ្វើការការផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែក​ជាចម្បង​លើកសិកម្មប្រពៃណី ទៅជាសេដ្ឋកិច្ចទំនើប ដែលពឹងផ្អែកលើកសិកម្មវៃឆ្លាត។

ចំពោះវិស័យថាមពល និងបរិស្ថាន សម្ដេចធិបតី បានគូសបញ្ជាក់ថា ការប្រើប្រាស់ថាមពល​ស្អាតនៅកម្ពុជាសម្រេចបាន ៦២% នាពេលបច្ចុប្បន្ន ហើយនឹងបន្តជំរុញឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០។ កម្ពុជា ក៏បានសម្រេចបញ្ឈប់គម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្កាវ៉ាត់ផងដែរ។

សម្ដេចធិបតី បានបញ្ជាក់ថែមទៀតថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើន ដើម្បីកែទម្រង់ស្ថាប័ន ហើយកម្ពុជា ត្រូវការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីជាចលករ​នៃការអភិវឌ្ឍ​ប្រទេសស្របតាមការវិវត្តនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ