ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ហាម​ធ្វើ​ស្រូវប្រាំង​! អ្នកនាំពាក្យ​ក្រសួង​ធន​ធាន​ទឹក ប្រាប់​មូលហេតុ​ ក្រោយ​ផ្ទុះ​ការ​រិះគន់

3 ខែ មុន
  • ភ្នំពេញ

ការ​ហាមឃាត់​ប្រជា​កសិករ​មិន​ឱ្យធ្វើ​ស្រែប្រាំង ដោយសារ​បារម្ភ​ពី​ការ​ខ្វះខាត​ទឹក​ក្នុង​ឆ្នាំ​២០២៤​នោះ នៅ​តែ​ជា​ប្រធានបទ​ក្តៅ និង​ផ្ទុះ​ប្រតិកម្ម​ពី​មហាជន រហូត​ឈាន​ដល់​ការ​ស្នើ​យោបល់​ពី​អ្នកជំនាញ​ឱ្យ​រំលាយ​ក្រសួង​ធនធានទឹក​ចូល​ទៅ​ក្រសួងកសិកម្ម​តែ​មួយ​វិញ

រាជធានី​ភ្នំពេញ ៖ ការ​ហាមឃាត់​ប្រជា​កសិករ​មិន​ឱ្យធ្វើ​ស្រែប្រាំង ដោយសារ​បារម្ភ​ពី​ការ​ខ្វះខាត​ទឹក​ក្នុង​ឆ្នាំ​២០២៤​នោះ នៅ​តែ​ជា​ប្រធានបទ​ក្តៅ និង​ផ្ទុះ​ប្រតិកម្ម​ពី​មហាជន រហូត​ឈាន​ដល់​ការ​ស្នើ​យោបល់​ពី​អ្នកជំនាញ​ឱ្យ​រំលាយ​ក្រសួង​ធនធានទឹក​ចូល​ទៅ​ក្រសួងកសិកម្ម​តែ​មួយ​វិញ​។

ជា​ឆ្លើយ​តប​ចំពោះ​មតិ​រិះគន់​ជុំវិញ​ការ​ហាមប្រាម​មិន​ឱ្យ​ពលរដ្ឋ​ធ្វើស្រែ​ប្រាំង​នោះ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ចាន់ យុ​ត្ថា បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់ 60Buzz ទាំងស្រុង​ថា ៖

សំណួរ​ទី​១- តើ​ក្រសួង​ធនធានទឹក ឆ្លើយ​តប​យ៉ាងណា ចំពោះ​ការ​រិះគន់​លើ​ការ​ហាមប្រាម​មិន​ឱ្យ​ពលរដ្ឋ​ធ្វើស្រែ​ប្រាំង ដោយ​បារម្ភ​ពី​ការ​ខ្វះខាត​ទឹក?
លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ពន្យល់​ដោយ​រំលឹក​ពី​ប្រវត្តិ​នៃ​ការ​ធ្វើ​ស្រូវប្រាំង​នៅ​កម្ពុជា​ថា «​មុន​ពេល​ដែល​ក្រសួង​ធនធានទឹក​បង្កើត​ចុងឆ្នាំ​១៩៩៩ ស្រូវប្រាំង​ផលិត​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ប្រមាណ​តែ​២៥​ម៉ឺន​ហិ​កតា​ប៉ុណ្ណោះ ប៉ុន្តែ​ឈាន​មក​ដល់​ឆ្នាំ​២០២២-២០២៣ ស្រូវប្រាំង​ប្រមាណ​៦៥​ហិ​កតា​។ មាន​ន័យ​ថា ក្រោយ​ពី​មាន​វត្តមាន​ក្រសួង​ធនធានទឹក គឺ​ស្រូវប្រាំង​នៅ​កម្ពុជា​បាន​កើនឡើង​ប្រមាណ​៤០​ម៉ឺន​ហិ​កតា ហើយ​និន្នាការ​នៃ​ការ​ផលិត​ស្រូវប្រាំង​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ ជា​ពិសេស​ក្នុង​ឆ្នាំ​២០២៤​នេះ ស្រូវប្រាំង​មាន​តម្លៃ​ល្អ​មានការ​កើនឡើង​ខ្លាំង ទើប​ប្រជាពលរដ្ឋ​សម្រុក​ដាំ​ដុះ​»​។

ត្រង់​ចំណុច​កើនឡើង​នេះ លោក ចាន់ យុ​ត្ថា សង្កត់ធ្ងន់​ថា «​នៅ​ក្នុង​ផែនការ​ផលិត​ស្រូវប្រាំង​ទូ​ទាំង​ប្រទេស​មាន​ក្នុង​រង្វង់​៥០​ម៉ឺន​ហិ​កតា​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ឈាន​មក​ដល់​ពាក់កណ្តាល​ខែមករា​នេះ ស្រូវប្រាំង​ជិត​៦០​ម៉ឺន​ហិ​កតា​ហើយ​ដែល​ត្រូវ​បាន​ដាំ​ដុះ​រួច​។ ស្របគ្នា​នៃ​ការ​សម្រុក​ធ្វើ​ស្រូវប្រាំង​នា​ឆ្នាំ​នេះ ជំរុញ​ឱ្យ​ក្រសួង​ធនធានទឹក សម្តែង​ការ​ព្រួយបារម្ភ​ច្រើន​ចំណុច​ដូច​ជា ៖ ១- ទីតាំង​ផ្ទៃដី​ស្រែ​ដែល​កសិករ​មិន​ដែល​ផលិត​ស្រូវប្រាំង​ទេ តែ​ឆ្នាំ​នេះ ព្រោះ​តម្លៃ​ស្រូវ​ល្អ ពួក​គាត់​ក៏​ធ្វើការ​ដាំ​ដុះ​នៅ​ទីតាំង​ដែល​មិន​មាន​ប្រភព​ទឹក នេះ​ជា​បញ្ហា​ប្រឈម​។ ២- ទីតាំង​ផលិត​ស្រូវប្រាំង​ដែល​គាត់​ដាំ​ដុះ​លើក​ទី​១​ហើយ ក្រោយ​ពេល​ប្រមូល​ផល​រួច ក៏​ដាំ​ដុះ​លើក​ទី​២​ទៀត ក៏​ជា​បញ្ហា​ប្រឈម​ដែរ ដូច​យើង​ដឹង​ស្រាប់​ប្រទេស​យើង​ក្នុង​រដូវប្រាំង​មិន​មាន​ភ្លៀង​សម្រាប់​ជំនួយ​ទេ ការ​ដាំ​ដុះ​ស្រូវប្រាំង គឺ​ពឹង​ទាំងស្រុង​ទៅ​នឹង​ប្រភព​ទឹក​ដែល​ក្រសួង​បាន​កសាង​រួច​។ អ​ញ្ចឹ​ង​កន្លែង​ដែល​មិន​មាន​ប្រភព​ទឹក គឺ​ប្រឈម​ខ្លាំង ខណៈ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្រសួង​កំពុង​តែ​ខិតខំ​ពង្រីក​សក្តានុពល​ទឹក សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ក្នុង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ ទាំង​ការ​ដាំ​ដុះ​ទាំង​ក្នុង​រដូវប្រាំង និង​វស្សា​»​។

សំណួរ​ទី​២- តើ​ការ​ខ្វះខាត​ទឹក​ក្នុង​រដូវប្រាំង​ឆ្នាំ​២០២៤​នេះ អាច​ប្រឈម​ទូ​ទាំង​ប្រទេស ឬ​ក៏​តាម​តំបន់​មួយ​ចំនួន​តូច​ទេ? ខេត្ត​ណា ឬ​តំបន់​ណា​ដែល​ប្រឈម​ខ្លាំង​ជាងគេ?
ឆ្លើយ​តប​នឹង​សំណួរ​នេះ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ចាន់ យុ​ត្ថា បាន​បញ្ជាក់​ថា «​សម្រាប់​ឆ្នាំ​២០២៤ ក៏​ដូច​ជា​ឆ្នាំ​២០២៣​កន្លង​មក កម្ពុជា​ទទួល​ឥទ្ធិពល​ពី​បាតុភូត​អេ​លី​នូ ដែល​មក​ដល់​ពេល​នេះ​យើង​កំពុង​ទទួល​រង​ឥទ្ធិពល​នេះ ស្ទើរតែ​១០០​ភាគរយ ដូចនេះ​នៅ​ចុងរដូវ​វស្សា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក បាន​ណែនាំ​២​ចំណុច​ជា​សំខាន់ ៖ ទី​១- ត្រូវ​តែ​គ្រប់គ្រង​ប្រភព​ទឹក​ដែល​មាន​ស្រាប់​អោយ​បាន​គត់មត់​ល្អ ម្យ៉ាង​ដោយសារ​ឆ្នាំ​នេះ ទឹកទន្លេ​ទាប ដូច្នេះ​បណ្តា​អាង​ផ្ទុក​ទឹក ដូច​ជា ៖ ព្រែក បឹងបួរ ធម្មជាតិ​មួយ​ចំនួន​ដែល​នៅ​អម​សងខាង​ទន្លេ ទាំង​ទន្លេមេគង្គ​លើ មេគង្គ​ក្រោម ទន្លេបាសាក់ ទន្លេសាប ពុំ​មានទឹក​ចូល​គ្រប់គ្រាន់​ល្អ​ទេ កន្លែង​ល្អ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជា​ឱ្យ​បូម​បញ្ចូល​បន្ថែម សម្រាប់​ទុក​ប្រើប្រាស់​ក្នុង​រដូវប្រាំង​»​។

លោក ចាន់ យុ​ត្ថា បាន​បញ្ជាក់​ថា «​ទី​២ – ទឹក​ដែល​ថែរក្សា​បាន ទុកជា​អាទិភាព​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ចៀសវាង​ការ​ខ្វះខាត​ធ្ងន់ធ្ងរ ដូច​ជា ៖ រដូវប្រាំង​ឆ្នាំ​២០១៥-២០១៦ ដែល​យើង​ជួប​ប្រទះ​កន្លង​មក​។ ហើយ​សល់​ពី​នោះ គឺ​យើង​ទុក​ប្រើប្រាស់​សម្រាប់​ការ​ដាំ​ដុះ​នា​រដូវប្រាំង នេះឯង​»​។

លោក ចាន់ យុ​ត្ថា បាន​បញ្ជាក់​លើ​ចំណុច​នេះ​ថា «​ប្រសិនបើ​ការ​ដាំ​ដុះ​ស្រូវប្រាំង​ក្នុង​រង្វង់​៥០​ម៉ឺន​ហិ​កតា ទៅ​តាម​ផែនការ​របស់​ក្រសួងកសិកម្ម ទៅ​តាម​សក្តានុពល​ទឹក​ដែល​យើង​មាន គឺ​មិន​មាន​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​ទេ តែ​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​២០២៤ គឺ​ការ​ដាំ​ដុះ​នៅ​តំបន់​ដែល​គ្មាន​ប្រភព​ទឹក និង​ការ​ដាំ​ដុះ​ស្រូវប្រាំង​លើក​ទី​២​។ ប៉ុន្តែ​ទោះបីជា​បែប​នេះ​ក្តី ក្រសួង​នៅ​តែ​បន្ត​អនុវត្ត​ភារៈកិច្ច​របស់​ខ្លួន មាន​ន័យ​ថា គឺ​ការ​នាំ​យក​ទឹក​ទៅ​ជួយ​ប្រជា​កសិករ​ឱ្យ​អស់ពី​លទ្ធភាព​។​ជាក់ស្តែង​កន្លង​មក ក្រសួង​ធ្លាប់​ធ្វើ​នៅ​ស្រុក​មោង​ឬ​ស្សី ដែល​មាន​តែ​ប្រភព​ទឹកតូច​ៗ​ដូច​ជា ៖ ស្ទឹង​ដូន​ទ្រី ស្ទឹងតូច តែ​ប៉ុណ្ណោះ​។ ហើយ​ពេល​ជួប​បញ្ហា​ប្រឈម ក្រសួង​បាន​បង្វែរ​ទឹក​ដល់​ទៅ​ជាង​១០០​គីឡូម៉ែត្រ តាម​ប្រឡាយ​មេ​ពី​ស្រុក​រតនៈ​មណ្ឌល ប៉ុន្តែ​នៅ​ឥឡូវនេះ អាង​ទឹក​ដ៏​ធំ​មួយ​ដែល​មាន​សមត្ថភាព​ភាព​ស្តុក​ទឹក​១៦៣​លាន​ម៉ែត្រគូប កំពុង​សាងសង់​នៅ​ក្នុងស្រុក​រុក្ខ​គី​រី ដើម្បី​យក​មក​ផ្គត់ផ្គង់​ដល់​ស្រុក​មោង​ឬ​ស្សី ចុងឆ្នាំ​២២០២៤​នេះ ហើយ​ស្រុក​មោង​ឬ​ស្សី នឹង​លែង​មាន​បញ្ហា​ប្រឈម​ហើយ​»​។

លោក ចាន់ យុ​ត្ថា បាន​បញ្ជាក់​ទៀត​ថា «​ដោយឡែក​ចំពោះ​តំបន់​ផ្សេង​ៗ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស យើង​ក៏​កំពុង​តែ​បន្ត​អភិវឌ្ឍន៍​ដូច​គ្នា ប៉ុ​ន្ត​ដូច​យើង​ដឹង​ស្រាប់​ហើយ យើង​ត្រូវការ​ពេលវេលា ត្រូវការ​ថវិកា​សម្រាប់​ការ​អភិវឌ្ឍន៍​»​។

សំណួរ​ទី​៣- តើ​ប្រព័ន្ធ​ធារាសាស្ត្រ​សម្រាប់​ទឹក​ផ្គត់ផ្គង់​ក្នុង​វិស័យ​កសិកម្ម មានការ​វិវឌ្ឍន៍​បែប​ណា​ដែរ ពេល​ឈាន​មក​ដល់​ឆ្នាំ​២០២៤​នេះ?
លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យ​ដឹង​ថា «​នៅ​ក្នុង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល គឺ​យើង​មាន​ផែនការ​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​ឱ្យ​បាន​ជាង​៣​ម៉ឺន​ហិ​កតា​ក្នុង​មួយ​ឆ្នាំ ដែល​ប្រើប្រាស់​កញ្ចប់​ថវិការដ្ឋ​។ ក្រៅពី​នេះ ក្រសួង​ក៏​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូរ​អភិវឌ្ឍន៍ និង​បណ្តា​ប្រទេស​ជា​មិត្ត​ផ្សេង​ៗ​ទៀត ដូច​ជា ADB JICA Worldbank AFD…. និង​ប្រទេស​ជា​មិត្ត​ដូច​ជា កូរ៉េ ចិន ជប៉ុន ឥណ្ឌា​.. ដូចនេះ​យើង​នឹង​បន្ត​ធ្វើការ​អភិវឌ្ឍន៍​»​។

លោក ចាន់ យុ​ត្ថា បាន​បន្ត​ថា «​ជាក់ស្តែង​នៅ​ចុងឆ្នាំ​នេះ អាង​ស្តុក​ទឹក​ក្នុងស្រុក​រុក្ខ​គី​រី ដែល​មាន​សមត្ថភាព​ស្តុក​ទឹក​១៦៣​លាន​ម៉ែត្រគូប នឹង​លេច​ចេញ​ជា​រូបរាង​។ ហើយ​នៅ​តាម​បណ្តា​ខេត្ត​នានា​ក៏​ដូច​គ្នា នៅ​លើ​ដងស្ទឹង​សែន​កន្លង​មក យើង​បាន​សាងសង់​អាង​ទឹក​រក្សា​នៅ​ឯ​ខេត្តព្រះវិហារ ហើយ​គ្រោង​នឹង​សាងសង់​មួយទៀត​ឆាប់​ៗ អាង​ទឹក​ដងកាំបិត ខណៈ​នៅ​ខេត្តកំពង់ធំ យើង​ក៏​មាន​អាង​ស្តុក​ទឹក​រួច​ស្រេច​ហើយ​នៅ​ស្ទឹង​ស្ទោង ហើយ​យើង​នឹង​សាងសង់​ថ្មី​មួយទៀត​ឆាប់​ៗ ទាំងនេះ​បង្ហាញ​ថា ក្រសួង​ធនធានទឹក​មាន​ផែនការអភិវឌ្ឍន៍​ជា​បន្តបន្ទាប់​»​។

ក្រៅពី​ឆ្លើយ​តប​នឹង​សំណួរ​ទាំង​៣​ខាងលើ​នេះ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ចាន់ យុ​ត្ថា បាន​ទទួលស្គាល់​ថា «​ស្ថានភាព​បច្ចុប្បន្ន ប្រព័ន្ធ​ធារាសាស្ត្រ​របស់​ក្រសួង​ពិតជា​មិន​ទាន់​ឆ្លើយ​តប​ទាំងស្រុង​បាន​តាម​តម្រូវការ​របស់​ប្រជា​កសិករ​ទេ ប៉ុន្តែ​ក្រសួង​នឹង​បន្ត​ខិតខំ​»​។

លោក ចាន់ យុ​ត្ថា អះអាង​ថា «​វិស័យ​ទឹក នៅ​តែ​ត្រូវ​បាន​ចាត់ទុកជា​វិស័យ​អាទិភាព ក្នុង​ចំណោម​វិស័យ​ទាំង​៥ នៃ​គោលនយោបាយ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា មនុស្ស ទឹក ផ្លូវ ភ្លើង និង​ឌី​ជី​ថ​ល​»​។

ជា​ចុង​ក្រោយ ដើម្បី​ចៀសវាង​បញ្ហា​ខ្វះខាត​ទឹក អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក បាន​ស្នើ​សុំ​ការ​យោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​២​ចំណុច ដោយ​ចំណុច​ទី​១- ទីតាំង​ណា​ដែល​គ្មាន​ប្រភព​ទឹក សូមកុំ​ធ្វើការ​ដាំ​ដុះ​ស្រូវប្រាំង ហើយ​ក្រសួង​នឹង​ព្យាយាម​ដោះស្រាយ​ជា​បន្តបន្ទាប់​!​។ ទី​២- សូម​ដាំ​ដុះ​ស្រូវប្រាំង​តែ​១​លើក​បាន​ហើយ ព្រោះ​សក្តានុពល​ទឹក​របស់​យើង​មាន​កំណត់ ខណៈ​រដូវប្រាំង​គ្មាន​ភ្លៀងហើយ ឆ្នាំ​នេះ​យើង​កំពុង​រង​ឥទ្ធិពល​អេ​ល​នី​ណូ ដែល​ធ្វើ​ឱ្យ​សីតុណ្ហភាព​ហក់​ឡើង​ខ្ពស់​កំឡុង​ខែមីនា និង​ខែមេសា​ខាង​មុខ​នេះ រួម​ទាំង​ភ្លៀង​កក់ខែ​តិចតួច ដូច្នេះ​សូម​អំពាវនាវ និង​ការ​យោគយល់​ពី​ប្រជា​កសិករ​។

គួរ​រំលឹក​ថារឿង​ហាម​ធ្វើ​ស្រូវប្រាំង​! អ្នកជំនាញ​ស្នើ​ថា ក្រសួង​ទឹក​គួរ​រំលាយ​ចូល​ក្រោម​ក្រសួងកសិកម្ម​វិញ​អត្ថ​ដោយ​ដោយ ៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ