ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ប្រកាស​ដាក់​ចេញ​សសរស្តម្ភ​២ ដើម្បី​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ប្រកាស​ដាក់​ចេញ​សសរស្តម្ភ ចំនួន​២ ដើម្បី​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ឲ្យ​បាន​ឆាប់រហ័ស​ជូន​ប្រជាពលរដ្ឋ ក្នុង​នោះ ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ប្រកាស​ដាក់​ចេញ​សសរស្តម្ភ ចំនួន​២ ដើម្បី​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ឲ្យ​បាន​ឆាប់រហ័ស​ជូន​ប្រជាពលរដ្ឋ ក្នុង​នោះ ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ។

ការ​ដាក់​ចេញ​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តី​ពី កិច្ច​ដំណើរការ​របស់​ខ្លួន​ដល់​អង្គការ​សង្គម​ស៊ី​វិល និង​ដៃគូ​អភិវឌ្ឍន៍ កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៤ ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ (​អ​.​ដ​.​ក​.) បាន​លើក​ឡើង​ថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ ត្រូវ​បាន​រៀបចំ​ទ្បើ​ង ក្នុង​គោលបំណង​សំខាន់​ចំនួន ២ គឺ​ទី​១. ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត អំពី​កិច្ច​ដំណើរការ​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ ក្រៅ​ប្រព័ន្ធ​តុលាការ និង​ទី​២. ពិនិត្យ​លទ្ធភាព ក្នុង​ការ​ធ្វើ​កិច្ចសហការ​ជាមួយ​គ្នា ក្នុង​កិច្ច​ដំណើរការ​ក្នុង​ការ​ជួយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ជូន​ដល់​ប្រជាពលរដ្ឋ ។

ឯកឧត្តម បាន​គូសបញ្ជាក់​ថា ជា​ទិស​ដៅ​ការងារ​ទៅ​មុខ ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា នឹង​ត្រូវ​ប្រមូលផ្តុំ​ការ​យកចិត្តទុកដាក់​ទៅ​លើ​សសរស្តម្ភ ចំនួន​២ គឺ​សសរស្តម្ភ​ទី​១- ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ ដោយ​ផ្តោត​លើ​គុណភាព និង​ប្រសិទ្ធភាព នៃ​ការ​ផ្តល់​សេវា​យុត្តិធម៌​ប្រកបដោយ​ភាព​ឆាប់រហ័ស និង​ផ្តោត​លើ​គុណភាព នៃ​យុត្តិធម៌ ប្រកបដោយ​ភាព​សុក្រឹត និង​ភាព​ត្រឹមត្រូវ និង​សសរស្តម្ភ​ទី​២- ការ​កែទម្រង់​ប្រព័ន្ធ ដោះស្រាយ វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​មាន​លក្ខណៈ​ងាយស្រួល សម្បូរ​បែប និង​ដោះស្រាយ​បញ្ចប់​វិវាទ តាម​រយៈ​ការ​សម្រុះសម្រួល​ផ្សះផ្សា​វិវាទ​ឱ្យ​បាន​ឆាប់រហ័ស​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​រួមចំណែក លើកកម្ពស់​វប្បធម៌​សន្តិភាព​និយម ក្នុង​សង្គម​កម្ពុជា ។

ឯកឧត្តម​បន្ថែម​ថា ក្នុង​ន័យ​នេះ ការ​បង្កើត នូវ​អាជ្ញាធរ​ជាតិ ដោះស្រាយ​វិវាទ ក្រៅ​ប្រព័ន្ធ​តុលាការ គឺជា​កិច្ចការ​អាទិភាព​មួយ នៃ​គោលនយោបាយ​កែទម្រង់​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ និង​ជា​ការ​បោះ​ជំហាន​ថ្មី​មួយ ក្នុង​ការ​កែទម្រង់ ប្រព័ន្ធ​ដោះស្រាយ​វិវាទ នៅ​កម្ពុជា ។

ក្រោយ​ពី​បាន​ស្តាប់​បទ​បង្ហាញ​លើ​ប្រធានបទ​ចំនួន​២ (​ទី​១)- អាជ្ញាធរ​ជាតិ ដោះស្រាយ​វិ វាទ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​(​ទី​២)- គម្រោង​នៃ​ការ ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ សម្រាប់​ក្រុម​គោលដៅ​ជា​ក្រុម​ជនជាតិ​ដើម​ភាគតិច និង​ក្រុម​អ្នក​រស់នៅ​តំបន់​ដាច់​ស្រយាល​,
សូម​ជម្រាប​ថា អង្គប្រជុំ​ក៏​មាន​វេទិកា​ពិភាក្សា​បើក​ទូលាយ ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នកចូលរួម​អាច​លើក​ទ្បើ​ង​អំពី​សំណួរ សំណូមពរ មតិយោបល់ និង​ការ​យល់​ឃើញ​ជុំវិញ​កិច្ច​ដំណើរការ​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ។

តាម​រយៈ​កិច្ច​សន្ទនា ដោយ​បើក​ទូលាយ​ខាងលើ ជា​រួម​តំណាង​អង្គការ​សង្គម​ស៊ី​វិល និង​ដៃគូ​អភិវឌ្ឍន៍ បាន​សម្តែង​នូវ​ការ​សាទរ និង​ការ​គាំទ្រ​ដល់​ការ​បង្កើត​អាជ្ញាធរ​ជាតិ ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ព្រមទាំង​បង្ហាញ នូវ​ឆន្ទៈ​ក្នុង​ការ​ចូលរួម​សហការ​ជាមួយ​ស្ថាប័ន​ថ្មី​នេះ ក្នុង​បេសកកម្ម ចុះ​ជួយ​ដោះស្រាយ​វិវាទ​ជូន​ប្រជាពលរដ្ឋ ។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន អ​.​ដ​.​ក​. បាន​ចាត់​ទុក អង្គការ​សង្គម​ស៊ី​វិល និង​ដៃគូ​អភិវឌ្ឍន៍​ជា​ដៃគូ​សហការ ដ៏​សំខាន់​មួយ​របស់ អ​.​ដ​.​ក​. ហើយ​ការ​ចូលរួម​របស់​តំណាង​អង្គការ​សង្គម​ស៊ី​វិល និង​ដៃគូ​អភិវឌ្ឍន៍ ក្នុង​កិច្ចប្រជុំ​នេះ ពិតជា​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​គាំទ្រ​ដ៏​មាន​សារសំខាន់​ដល់​កិច្ច​ដំណើរការ​របស់ អ​.​ដ​.​ក​.​ដើម្បី​អាច​ឈាន​ទៅ​សម្រេច​បាន​នូវ​បេសកកម្ម​ចុះ​ដោះស្រាយ​វិវាទ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ពិសេស​នៅ​តំបន់​ដាច់​ស្រយាល និង​តំបន់​ដែល​មាន​ជនជាតិ​ដើម​ភាគតិច​រស់នៅ សំដៅ​ជំរុញ និង​លើកកម្ពស់​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ សម្រាប់​ជា​ផលប្រយោជន៍​រួម របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

គួរ​បញ្ជាក់​ថា កិច្ចប្រជុំ​មានការ​ចូលរួម​ពី​តំណាង​អង្គការ​សង្គម​ស៊ី​វិល និង​ដៃគូ​អភិវឌ្ឍន៍ សរុប​ប្រមាណ​ជា ៤០ អង្គភាព ដែល​បាន​និង​កំពុងធ្វើការ​ងារ​ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ