ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​ឆេះ​ដី​ព្រៃ​ឬ​ស្សី និង​ដីចំការ​ស្វាយ​យ៉ាង​សន្ធោសន្ធៅ​អស់​ជាង​២០​ហិ​កតា (​វី​ដេ​អូ​)

3 ខែ មុន
  • កំពត

អណ្ដាតភ្លើង​បាន​ឆាបឆេះ​ដី​ព្រៃ​ឫស្សី និង​ដីចំការ​ស្វាយ​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឱ្យ​ខូចខាត​អស់​ជាង​២០​ហិ​កតា ដោយ​សង្ស័យ​ថា

ខេត្តកំពត ៖ អណ្ដាតភ្លើង​បាន​ឆាបឆេះ​ដី​ព្រៃ​ឫស្សី និង​ដីចំការ​ស្វាយ​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឱ្យ​ខូចខាត​អស់​ជាង​២០​ហិ​កតា ដោយ​សង្ស័យ​ថា អាច​មក​ពី​ការ​យក​ឃ្មុំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​អ្នក​តាក​ក្រហម ស្ថិត​ក្នុងភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ។

លោក​វី​រៈ​សេនីយ៍​ឯក សូ ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ទឹកឈូ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ហេតុការណ៍​ករណី​អគ្គិភ័យ​ឆេះ​ព្រៃ​ខាងលើ​នេះ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​ភ្លាម​ៗ និង​រាយការណ៍​សុំ​អន្តរាគមន៍​ពី​ការិយាល័យ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​។

លោក​អធិការ​នគរបាល​ស្រុក​ទឹកឈូ ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ពេល​នោះ កម្លាំង​ការិយាល័យ​ពន្លត់​អគ្គិភ័យ​របស់​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​ចុះ​ជួយ​អន្តរាគមន៍​ពន្លត់​ភ្លាម​ៗ​។ ជាមួយ​គ្នា​នោះ​ដែរ កម្លាំង​ការិយាល័យ​ពន្លត់​អគ្គិភ័យ​កងរាជអាវុធហត្ថ​ខេត្ត ក៏​បាន​ចេញ​រថយន្ត​២​គ្រឿង​ទៀត​ទៅ​ជួយ​អន្តរាគមន៍​ពន្លត់​ភ្លាម​ៗ​ផង​ដែរ​។

លោក​អធិការ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ធ្វើ​អន្តរាគមន៍​ពន្លត់ភ្លើង​ឆាបឆេះ​ព្រៃ​ខាងលើ​នេះ គឺ​បាន​ប្រើប្រាស់​កម្លាំង​ពន្លត់​អស់​រយៈពេល​៤​ម៉ោង និង​អស់​ទឹក​ចំនួន​៥​រថយន្ត ទើប​អណ្ដាតភ្លើង​រលត់​ទៅ​វិញ​ជា​ស្ថាពរ​។

លោក​អធិការ បាន​ឲ្យ​ដឹង​ទៀត​ថា ជុំវិញ​គ្រោះ​អគ្គិ​ការ​ឆាបឆេះ​ខាងលើ​នេះ បាន​បណ្តាល​ឲ្យ​ខូចខាត រួម​មាន ៖ ឆេះ​ដីចំការ និង​ដី​ព្រៃ​ឬ​ស្សី​សរុប​ចំនួន​២២​ហិ​កតា ក្នុង​នោះ​ខូចខាត​ស្វាយ​អស់​ចំនួន​ជាង​១០០​ដើម ក្រៅពី​នោះ គឺ​ឆេះ​ព្រៃ​ឫស្សី​ទាំងអស់​។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​អំពី​មូលហេតុ​នៃ​ករណី​ភ្លើង​ឆេះ​ព្រៃ​នេះ​ដែរ គឺ​សង្ស័យ​ថា «​អាច​មក​ពី​មាន​ក្មេង​ៗ​ទៅ​ដុ​.​ត​ឃ្មុំ​នៅ​ក្នុង​ព្រៃ​ឫស្សី ទើប​បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆេះ​រាលដាល​តែ​ម្ដង​» ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​បឋម​របស់​កម្លាំង​សមត្ថកិច្ច ដែល​ចុះ​ជួយ​អន្តរា​គម​ពន្លត់​អគ្គិភ័យ​ខាងលើ​តែ​ប៉ុណ្ណោះ​។

លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ការ​ខេត្ត ក៏​បាន​សំណូមពរ​តាម​រយៈ​សារព័ត៌មាន សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បញ្ហា​ការ​បង្ក​ហានិភ័យ​ដែល​អាច​ធ្វើ​ឲ្យ​គ្រោះ​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ ដូច​ជា ៖ ការ​ដើរ​ព្រៃ​បង្កាត់ភ្លើង​ចម្អិន​ម្ហូបអាហារ​, ការ​ដុ​.​ត​ឃ្មុំ និង​ករណី​ផ្សេង​ៗ​ទៀត​។ ហើយ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ពីព្រោះ​រដូវ​នេះ គឺជា​រដូវក្តៅ និង​មាន​ខ្យល់​ផង​ដែរ បើសិនជា​កើត​មាន​អគ្គិភ័យ​ឆាបឆេះ​ហើយ​នោះ គឺ​ឆេះ​គ្មាន​សល់​អ្វី​នោះ​ទេ ដូច​ពាក្យចាស់​ពោល​ថា «​ស៊ូ​ស្លា​.​ប់​បា​កុំ​ឲ្យ​ស្លា​.​ប់​មេ លិច​ទូក​កណ្តាលទន្លេ កុំ​ឲ្យ​តែ​ភ្លើង​ឆេះ​ផ្ទះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ