ប្រទេសអង់គ្លេសកាលពីថ្ងៃទី២៦ ឧសភា កន្លងមក បានអះអាងបញ្ជាក់ថា ខ្លួននឹងដាក់ពង្រាយឧទ្ធម្ភាគចក្រ និងកាំភ្លើងបាញ់នាវាចម្បាំងនៅប្រទេសលីប៊ីដោយនិយាយថា នេះជាយុទ្ធសាស្ត្រ ឬតាក់ទិកថ្មីមួយដើម្បីបង្កើនសម្ពាធលើកចុងក្រោយលើមេដឹកនាំផ្តាច់ការប្រទេសនេះ លោកមូអាម៉ា កាដាហ្វី ដែលកំពុងលាក់ខ្លួនយ៉ាងអាថ៌កំបាំង ។ ការប្រកាសនេះធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំ G-8 នៅក្នុងទីក្រុងរមណីយដ្ឋាន Deauville ។
តាមប្រភពព័ត៌មានថា ប្រទេសអង់គ្លេសបានបង្ហាញពីឆន្ទៈដាក់ពង្រាយឧទ្ធម្ភាគចក្រ និងកាំ ភ្លើងបាញ់នាវានេះដើម្បីចូលរួមជាមួយប្រទេសបារាំងក្នុងការជួយគាំទ្រយុទ្ធនាការរបស់អង្គការអូតង់ប្រយុទ្ធប្រឆាំងកងកម្លាំងស្ម័គ្រស្លាប់ចំពោះលោកកាដាហ្វី ។ ប្រទេសអង់គ្លេស និងប្រទេសបារាំងជាប្រទេសសម្ព័ន្ធមិត្ត ដែលបានបើកការវាយប្រហារតាមអាកាសច្រើនជាងគេប្រឆាំងកងកម្លាំងរបស់លោកកាដាហ្វី ចាប់តាំងពីប្រទេសសម្ព័ន្ធមិត្តបើកការវាយប្រហារនៅប្រទេសលីប៊ីមក ។
ទន្ទឹមនឹងនេះ កិច្ចប្រជុំកំពូល G-8 នឹងចេញការអំពាវនាវជាផ្លូវការដល់របបរបស់លោកកាដាហ្វីឱ្យបញ្ចប់អំពីហិង្សាក្នុងប្រទេស។ ប៉ុន្តែទោះបីជាបែបណា នាយករដ្ឋមន្ត្រីអង់គ្លេសលោកដាវីដ កាមេរូន មិនទាន់អះអាងបញ្ជាក់ជាផ្លូវការអំពីការដាក់ពង្រាយឧទ្ធម្ភាគចក្រនោះនៅឡើយទេ៕
ចែករំលែកព័តមាននេះ