ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លឺ​ថ្មី​! កូរ៉េ​ខាងជើង​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​លើក​ដំបូង ក្រោយ​ខកខាន​តាំងពី​ឆ្នាំ​២០២០

3 ខែ មុន

កូរ៉េ​ខាងជើង ៖ ក្រុម​មួយ​មក​ពី​ប្រទេស​រុ​ស្ស៊ី​បាន​ត្រៀមខ្លួន​ក្លាយជា​ភ្ញៀវ​ទេសចរ​ដំបូង​គេ ដែល​ត្រូវ​

កូរ៉េ​ខាងជើង ៖ ក្រុម​មួយ​មក​ពី​ប្រទេស​រុ​ស្ស៊ី​បាន​ត្រៀមខ្លួន​ក្លាយជា​ភ្ញៀវ​ទេសចរ​ដំបូង​គេ ដែល​ត្រូវ​បាន​អនុញ្ញាត​ចូល​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង ចាប់តាំងពី​ការ​បិទ​ព្រំដែន​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ បាន​ចាប់ផ្តើម​នៅ​ដើមឆ្នាំ ២០២០​។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​អាជ្ញាធរ​រុ​ស្ស៊ី និង​មគ្គុទ្ទេសក៍​ទេសចរណ៍​លោក​ខាងលិច ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ទី​ភ្នា​ក់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៤​។

ប្រទេស​កូរ៉េ​ខាងជើង​បាន​ដាក់​ការ​គ្រប់គ្រង​ព្រំដែន​ដ៏​តឹងរ៉ឹង​បំផុត​នៅ​លើ​ពិភពលោក អំឡុង​ពេល​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ហើយ​មិន​ទាន់​បាន​បើក​ព្រំដែន​ពេញលេញ​ឡើង​វិញ សម្រាប់​ជនបរទេស​នៅឡើយ​ទេ​។ ការ​ធ្វើ​ដំណើរ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Vladivostok នៅ​តំបន់ Primorsky Krai ប្រទេស​រុ​ស្ស៊ី ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ពេល​អភិបាល​នៃ​តំបន់​ភាគ​ខាងកើត​ឆ្ងាយ​របស់​រុ​ស្ស៊ី ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​កូរ៉េ​ខាងជើង​មួយ​នេះ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុ​ង​យ៉ាង ដើម្បី​ពិភាក្សា​កាលពី​ខែធ្នូ​ឆ្នាំ​មុន​។ អភិបាល​តំបន់​បាន​បញ្ជាក់​នៅ​ក្នុង​សារ​បង្ហោះ​លើ​បណ្តាញ Telegram កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ដំណើរ​កម្សាន្ត​រយៈពេល​៤​ថ្ងៃ នឹង​ចេញដំណើរ​នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈ​ខាង​មុខ​។

លោក Simon Cockerell អ្នកគ្រប់គ្រង​ទូទៅ​នៅ Koryo Tours ដែល​ជា​ក្រុមហ៊ុន​ទេសចរណ៍​លោក​ខាងលិច​ឯករាជ្យ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េ​កាំ​ង ឯកទេស​ទេសចរណ៍​ជា​ក្រុម និង​ឯករាជ្យ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងជើង ដែល​មិន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ​នោះ បាន​បញ្ជាក់​ប្រាប់ Reuters ថា ដៃគូ​របស់​គាត់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​បាន​អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​រុ​ស្ស៊ី​នឹង​ប្រព្រឹត្ត​ទៅ​ស្ថិត​ក្រោម​កាលៈទេសៈ​ពិសេស​។ លោក​ថ្លែង​ថា «​វា​ជា​សញ្ញា​ល្អ ប៉ុន្តែ​ខ្ញុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​និយាយ​ថា វា​ចាំបាច់​នឹង​នាំ​ឱ្យ​មានការ​បើកចំហរ​កាន់តែ​ទូលំទូលាយ ដោយសារ​តែ​កាលៈទេសៈ​ពិសេស​សម្រាប់​ការ​ធ្វើ​ដំណើរ​មួយ​នេះ​។ ប៉ុន្តែ​ដោយសារ​ថា គ្មាន​ភ្ញៀវ​ទេសចរ​ណា​បាន​មក​ដល់​បួន​ឆ្នាំ​មក​ហើយ ដំណើរ​ទេសចរណ៍​ណាមួយ​អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​ជំហាន​វិជ្ជមាន​ទៅ​មុខ​»​។

មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន និង​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ដឺ​មៀ ពូ​ទី​ន បាន​ជួប​គ្នា​សម្រាប់​កិច្ចប្រជុំ​កំពូល​មួយ នៅ​ភាគ​ខាងកើត​ប្រទេស​រុ​ស្ស៊ី កាលពី​ខែកញ្ញា ឆ្នាំ​មុន ហើយ​មេដឹកនាំ​ទាំង​ពីរ​សន្យា​ថា នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​យោធា បើ​ទោះបីជា​មានទណ្ឌ​កម្ម​អន្តរជាតិ​យ៉ាងណា​ក៏​ដោយ​។

វិស័យ​ទេសចរណ៍​មិន​បាន​ប៉ះពាល់​ចំពោះ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​ដាក់​កម្រិត​លើ​អាជីវកម្ម​ជាមួយនឹង​ប្រទេស​កូរ៉េ​ខាងជើង ជុំវិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផ្លោង​របស់​ខ្លួន​។ យោង​តាម​ការ​ប៉ាន់ស្មាន​ដោយ​ទី​ភ្នា​ក់​សារព័ត៌មាន NK News ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង បាន​បង្ហាញ​ថា មួយ​ឆ្នាំ​មុន​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ ប្រទេស​កូរ៉េ​ខាងជើង​បាន​មើលឃើញ​ការ​កើនឡើង​នៃ​ភ្ញៀវ​ទេសចរ​ចិន ដែល​អាច​ផ្តល់​ប្រាក់​ចំណូល​បន្ថែម​រហូត​ដល់ ១៧៥​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ