ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​រណ្ដៅ​ដី​និង​ថ្ម​ជើងភ្នំ​បា​ធា​យ​ជ្រៅ​ហួស​ដល់​​ក្បាល​ប្រេត​

7 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សកម្មភាព​ជីករណ្ដៅ​ដី​និង​ថ្មភ្នំ​នៅ​ជើងភ្នំ​បា​ធា​យ ស្ថិត​ក្នុងភូមិ​ស្រះ​ព្រីង និង​ភូមិ​ស្វាយ​ពក ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ កំពុង​បង្ក​ហានិភ័យ​យ៉ាង​ខ្លាំង…

ខេត្តកំពង់ចាម ៖ សកម្មភាព​ជីករណ្ដៅ​ដី​និង​ថ្មភ្នំ​នៅ​ជើងភ្នំ​បា​ធា​យ ស្ថិត​ក្នុងភូមិ​ស្រះ​ព្រីង និង​ភូមិ​ស្វាយ​ពក ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ កំពុង​បង្ក​ហានិភ័យ​យ៉ាង​ខ្លាំង ដោយ​ដី​ជើងភ្នំ​បា​ធា​យ ក៏​ត្រូវ​បាន​គេ​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផង​ដែរ ទាំងនេះ​ជា​កត្តា​សំខាន់​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​អនាគត​ភ្នំ​បា​ធា​យ​ទាំងមូល​នោះ​ផង​ដែរ​នេះ ។

យ៉ាងណា​ក៏​ដោយ ប្រធាន​មន្ទី​រ៉ែ​និង​ថាមពល​ខេត្តកំពង់ចាម​អះអាង​ថា រណ្តៅ​ដី​នោះ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ចេញ​ដោយ​មន្ទីរ​ជំនាញ​។ ប៉ុន្តែ​សួរ​ថា វា​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ឬ​យ៉ាង​ណា​នោះ​គ្មាន អ្នក​ណា​មក​អើត​ឈ្ងោក​មើល​នោះ​ឡើយ សង្ស័យ​ត្រូវ​គ្នា​តាំងពី​អើយ​…​ហេ​!​ហេ​! ។

យោង​តាម​សេចក្តី​ព្រាង​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ ក្បែរ​រណ្ដៅ​ដី​នេះ​ឲ្យ​ដឹង​ថា យើងខ្ញុំ​ទាំងអស់​គ្នា ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បា​ធា​យ​,​ស្វាយ​ពក​និង​ស្រះ​ព្រីង បាន​កើត​ទុក្ខ​មិន​សុខចិត្ត​ចំពោះ​បុគ្គល​ម្នាក់​ឈ្មោះ ហែម សុវណ្ណ​ថន ដែល​បាន​ធ្វើ​សកម្មភាព​ជីក​កាយ​រណ្ដៅ​ដី នៅ​ជើងភ្នំ​បា​ធា​យ​ហើយ​បាន​វាត​បោះ បង្គោល យក​ដី​ជើងភ្នំ​ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន​ថែម​ទៀត ដោយ​គ្មាន​នរណា​ហ៊ាន​ប៉ះ ពាល់​បុគ្គល​នេះ​បាន​ឡើយ ។

សកម្មភាព​របស់​ឈ្មួញ​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ជុំវិញ​ភ្នំ​បា​ធា​យ​កើតការ​មិន​ពេញ​ចិត្តជា​ខ្លាំង ។ បុគ្គល​ឈ្មោះ​ហែម សុវណ្ណ​ថន គឺជា​អ្នក​ដែល​ប្រើ​គ្រឿងចក្រ​ដោយ​ផ្ទាល់​ក្នុង​ប្រតិបត្តិការ​ជីករណ្តៅ​ដី ។ ប៉ុន្តែ​អ្នក​ឈរ​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​ជីករណ្តៅ​ដី​នេះ គឺ​លោក សិត​កុសល ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ នៅ​សាលាស្រុក​បា​ធា​យ មាន​ខ្នងបង្អែក​យ៉ាងនេះ​ហើយ ទើ​ន​ឈ្មួញ​ធ្វើ​អ្វី​ស្រេច​តែ​ក្បាលវ៉ាល់ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​និយាយ​ថា ក្រុម​ឈ្មួញ​ដែល​ជា​អ្នក​ប្រកប​អាជីវកម្ម​រណ្ដៅ​ដី និង​ថ្មភ្នំ​ទាំងនេះ គឺ​កាច​ៗ​ប្រៀប​ដូច​ជា​ឆ្កែ​ដាក់ច្រវ៉ាក់​យ៉ាង​ដូច្នោះ​ដែរ ។ សូ​ម្បី​តែ​កូនចៅ​ប្រជាពលរដ្ឋ​រើស​ថ្ម​១​ដុំ ឬ​កាយ​ដី​១​រ៉ឺ​ម៉ក​មក​ចាក់​បំពេញ​ផ្លូវ​នៅ​ក្នុងភូមិ​ក៏​មិន​បាន​ផង ។ សកម្មភាព​របស់​ពួក​គេ ហាក់ដូចជា​បាន​ទិញ​ដី​រួម​សម្បត្តិ​របស់​រដ្ឋ​នេះ​ធ្វើ​ជា​កម្មសិទ្ធិ ក្នុង​ការ​ជីក​កកាយ​នោះ​ទៅ​ហើយ ។ រីឯ​ដំណើរការ​នៃ​ការ​ជីក​កកាយ​នោះ​ទៀត​សោត គឺ​មាន​ជម្រៅ​ជ្រៅ ដែល​នឹង​បង្ក​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ដល់​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ជិត​ៗ​នោះ ជា​ពិសេស​តំបន់​ភ្នំ ។ ហើយ​លើស​ណៅ​នេះ​ទៀត​នៅ​រដូវ វស្សា​សូ​ម្បី​តែ​គោ​,​ក្របី​អ្នក​ភូមិ ក៏​មិន​ហ៊ាន​ទៅ​ក្បែរ​ផង​ព្រោះ​ខ្លាច​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ដី​ក្ស័យជីវិត ព្រោះ​ជម្រៅ​ហួស​ក្បាល​ប្រេត​ទៅ​ហើយ ។

ពលរដ្ឋ​អ្នក​ភូមិ​ខ្សឹបខ្សៀវ​ថា រណ្តៅ​ដី​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​បុរស​ម្នាក់​ឈ្មោះ​សិត កុសល ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ ស្រុក​បា​ធា​យ​អ្នក​ធ្វើ​អា​ជី​កម្ម​ដី​ភ្នំ​បា​ធា​យ ។ ប្រភព​ឲ្យ​ដឹង​ថា កាល​ប៉ុន្មាន​ឆ្នាំ មុន​ក៏​មាន​ចរន្ត​នៃ​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ខាងលើ​នេះ​ដែរ​។ កាលនោះ រណ្តៅ​ដី​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ឪពុក​លោក​សិត កុសល ផ្ទាល់​តែ​ម្ដង ហើយ​ក៏​មានការ​ស្វែងរក​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់ដឹកនាំ​ខេត្ត​ដែរ ប៉ុន្តែ​មិន​បាន​ជោគជ័យ ពីព្រោះ​ពាក្យបណ្ដឹង​នោះ​មិន​ដល់​ដៃ​ថ្នាក់ដឹកនាំ​ខេត្ត​ឡើយ ។

ប្រភព​បានឱ្យ​ដឹង​ថា ការ​ជីករណ្ដៅ​ដី​ស្ទើរ​រលាយ​ភ្នំ​បា​ធា​យ​នេះ វា​ជា​ប្រភព​ចំណូល​នៃ​ការ​ឃុបឃិត​គ្នា​រវាង​ឈ្មួញ​និង​អាជ្ញាធរ​ស្រុក ។ បើ​ទោះជា​ស្ថាប័ន​ជំនាញ​អះអាង​ថា មានច្បាប់​អនុញ្ញាត​ចេញពី​មន្ទីរ រ៉ែ និង​ថាមពល​ក៏​ដោយ ប៉ុន្តែ​វា​នៅ​តែ​មានការ​គុបគិត​គ្នា​ទៅ​លើ​បច្ចេកទេស​ដដែល សង្ស័យ​ចែក​គ្នា​រស់​ក៏​យូរ​ឆ្នាំ​មក​ហើយ​ដែរ ។

បើ​និយាយ​រួម​ទៅ​អ្នក​ភូមិ​មើលឃើញ​ថា សកម្មភាព​អាជីវកម្ម​រណ្តៅ​ដី និង​ថ្មភ្នំ​បា​ធា​យ ដ៏​មហន្តរាយ​ទាំងនោះ មិន​បាន​បម្រើ​ឲ្យ​ផលប្រយោជន៍ នៅ​ក្នុង​សហគមន៍​ទេ​។ ផ្ទុយ​ទៅ​វិញ​វា​ជា​ប្រភព​ចំណូល​របស់​ពួក​មន្ត្រី​ខិលខូច​និង​ឈ្មួញ​នៅ​ក្នុង​មូលដ្ឋាន​នោះ​តែ​ប៉ុណ្ណោះ ។ ដូច្នេះ គេ​រំពឹង​ថា លោក​កែវ រតនៈ រដ្ឋមន្ត្រី ក្រសួង​រ៉ែ និង​ថាមពល ក៏​ដូច​ជា លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​ពិនិត្យ​មើល​ករណី​អាជីវកម្ម​រណ្ដៅ​ដី និង​ថ្មភ្នំ នៅ​ជើងភ្នំ​បា​ធា​យ ស្ថិត​ក្នុងស្រុក​បា​ធា​យ​នោះ​ផង សំខាន់​ល្មម​ឆ្កឹះ​ចោល​ខ្លះទៅ មន្ត្រី​ជើង​១០… ហេ​! ហេ​!

ព័ត៌មាន​បន្ថែម​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​នៅ​ពេល​ក្រោយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ