ខេត្តកណ្តាល ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកៀនស្វាយ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៥ ឧសភា ២០១១ នៅចំណុចភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយដោយយោងទៅតាមពាក្យបណ្តឹងរបស់បុរសជាប្តីបានប្តឹងចោទប្រកាន់ថា លួងលោមរួមរ័កជាមួយប្រពន្ធរបស់ខ្លួន ។ យុវជនដែលត្រូវបានឃាត់ខ្លួននេះឈ្មោះយឿង យ៉ាង អាយុ២៥ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។ យឿង យ៉ាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកៀនស្វាយចាប់ខ្លួនដោយយោងទៅតាមពាក្យបណ្តឹងរបស់លោកប៊ុន ហេង អាយុ៥៥ឆ្នាំ និងនាងសុខា ថាវី អាយុ១៨ឆ្នាំ ជាប្រពន្ធ មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ បានរួមគ្នាប្តឹងចោទប្រកាន់លើឈ្មោះយឿង យ៉ាង ថា បានចូលទៅក្នុងបន្ទប់ដេករបស់នាង ហើយចាប់រូបនាងរំលោភសេពសន្ថវៈ។
ទោះជាបែបណា ឈ្មោះយឿង យ៉ាង បានបដិសេធថា រូបគេពុំបានចាប់នាងរំលោភទេ គឺនាងសុខា ថាវី ទូរស័ព្ទណាត់រូបគេទៅលេងផ្ទះ ព្រោះប្តីចំណាស់របស់នាងមិននៅ ។ ទាក់ទិននឹងរឿងរ៉ាវប្រុសប្រកែក ស្រីប្រកាន់ខាងលើនេះបើតាមយុវជនជាប់ចោទបានឱ្យដឹងថា ដំបូងឡើយខ្លួនបានទៅទំនាក់ទំនងទិញផ្លែស្វាយម៉ៅពីចំការរបស់លោកប៊ុន ហេង ដែលត្រូវជាប្តីរបស់នាងសុខា ថាវី ។ ពេលចូលទិញផ្លែស្វាយញឹកញាប់ទៅ ពួកគេក៏មានទំនាក់ទំនងគ្នា និងចុងភ្នែកដើមភ្នែកដាក់គ្នា ដោយនាងសុខា ថាវី នៅក្មេង ហើយបុរសជាប្តីមានវ័យចំណាស់ រហូតដល់ទៅ៥០ប្លាយឆ្នាំឯណោះ ទើបធ្វើឱ្យពួកគេហាក់ត្រូវរ៉ូវគ្នា។ ផ្តើមចេញពីទំនាក់ទំនងបេះដូងរវាងឈ្មោះយឿង យ៉ាង និងនាងសុខា ថាវី កាន់តែជិតស្និទ្ធគ្នាឡើង នៅព្រឹកថ្ងៃទី២៥ ឧសភា ពួកគេបានណាត់គ្នាចូលទៅក្នុងបន្ទប់របស់នាងសុខា ថាវី បំណងរួមរ័កសេ្នហា តែត្រូវបែកធ្លាយដល់បុរជាប្តីចំណាស់ ទើបមានការប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកៀនស្វាយចាប់ខ្លួន និងទារជំងឺចិត្តចំនួន២ម៉ឺនដុល្លារ ។
ការអះអាងពីបញ្ហាលួចមានទំនាក់ទំនងស្នេហាគ្នានេះ ត្រូវបាននាងសុខា ថាវី បដិសេធថា គ្រាន់តែមានការរាប់អានគ្នាធម្មតាប៉ុណ្ណោះ ឯការចាប់រំលោភ គឺជាការចាប់ពិតប្រាកដមែន។ ដោយសារឈ្មោះយឿង យ៉ាង គ្មានលុយសងជំងឺចិត្តដល់នាងសុខា ថាវី និងប្តីឈ្មោះប៊ុន ហេង ទើបសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកៀនស្វាយសម្រេចកសាងសំណុំរឿងបញ្ជូនខ្លួនឈ្មោះយឿង យ៉ាង ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ