ប្រធានាធិបតីយេម៉ែន លោកអាលីអាប់ឌុលឡាហ៍ សាឡេហ៍ កាលពីថ្ងៃទី២៥ ឧសភា កន្លងមក ថ្លែងប្រាប់បណអ្នកកាសែតថា លោកមានបំណងបញ្ចប់ជម្លោះក្នុងប្រទេសបច្ចុប្បន្នជាមួយមេដឹកនាំក្រុមប្រឆាំង លោក Sadiq al-Ahmer តាមរយៈការចរចា និងការសម្របសម្រួល ហើយថា លោកនៅតែស្វាគមន៍ចំពោះការចរចាដោយសន្តិវិធីជាមួយក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) ។
លោកសាឡេហ៍ បានបង្ហាញពីបំណងបញ្ចប់ជម្លោះក្នុងប្រទេសជាមួយក្រុមប្រឆាំងក្រោយពីមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋធានីសាណា បណ្តាលឱ្យស្លាប់មនុស្សជាង៧០នាក់ កាលពី ថ្ងៃទី២៤ ឧសភា កន្លងមក ដែលការប៉ះទង្គិចគ្នានេះកើតឡើងរយៈពេលមួយថ្ងៃក្រោយពីលោកបដិសេធមិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរអំណាចសម្របសម្រួលដោយ GCC ។ លោកសាឡេហ៍ ដែលប្រឈមមុខនឹងបាតុកម្មរយៈពេលច្រើនខែមកហើយទាមទារឱ្យលោកលាលែងចេញពីតំណែងជាបន្ទាន់ ថ្លែងថា លោកបានបញ្ជូនអ្នកសម្របសម្រួលទៅដោះស្រាយទប់ស្កាត់កុំឱ្យមានការប៉ះទង្គិចគ្នាទៀត ហើយនឹងមិនមានកើតសង្គ្រាមស៊ីវិលក្នុងប្រទេសឡើយ ។
លោកសាឡេហ៍ ថ្លែងថា «ខ្ញុំមានការរន្ធត់យ៉ាងខ្លាំងចំពោះការវាយប្រហារបង្កឡើងដោយមនុស្សរបស់លោក al-Ahmer ដែលប៉ុនប៉ងដណ្តើមកាន់កាប់អគាររដ្ឋាភិបាល។ ជីវិតមនុស្សមានតម្លៃបំផុត ហើយពួកគេគួរតែទទួលខុសត្រូវចំពោះការស្លាប់មនុស្ស និងការបង្ហូរឈាម» ។ លោកសាឡេហ៍ ថ្លែងទៀតថា «ពេលនេះខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីចុះហត្ថលេខាលើផែនការផ្តួចផ្តើមឡើងដោយ GCC ។ ក្នុងក្របខណ្ឌសន្តិភាពនេះ ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបស់ GCC ហើយបោះបង់ចោលអំណាចរបស់ខ្ញុំ» ។ ទន្ទឹមនឹងនេះ លោកសាឡេហ៍ ក៏បានបង្ហាញពីការត្រៀមរួចជាស្រេចសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីមុនកាលកំណត់ដោយមិនចាំបាច់មានការសម្របសម្រួលពី GCC ពីអាមេរិកឬពីសហគមន៍អឺរ៉ុប ៕
ចែករំលែកព័តមាននេះ