ខេត្តកំពត ៖ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើកំពតសហការជាមួយកងកម្លាំងនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តដឹកនាំដោយលោកសៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបានរឹបអូសឈើគ្រញូងដែលឈ្មួញលាក់ទុកនៅក្បែររបងផ្ទះអ្នកស្រុក កាលពីវេលាម៉ោង១៧ និង៥០នាទី ថ្ងៃទី ២៥ ឧសភា ស្ថិតក្នុងភូមិកំពង់ត្របែក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពតមួយរូបបានឱ្យកោះសន្តិភាពដឹងថា សមត្ថកិច្ចការិយាល័យកណ្តាលនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តបានស្រាវជ្រាវសំណុំរឿងព្រហ្មទណ្ឌប្រទះឃើញឈើគ្រញូងដែលឈ្មួញគរទុកនៅក្រៅរបងផ្ទះមួយដើម្បីរង់ចាំពេលយប់ដឹកចេញទៅលក់នៅប្រទេសវៀតណាម(នេះបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច)។
ក្រោយពីប្រទះឃើញដូច្នេះសមត្ថកិច្ចនគរបាលរាយការណ៍ទៅខណ្ឌរដ្ឋបាលព្រៃឈើហើយស្ថាប័ននេះបានសុំដីកាព្រះរាជអាជទៅរឹបអូសឈើទាំងនោះ។ ក្រោយពិនិត្យវត្ថុតាងរួចសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើយករថយន្តទៅដឹកជញ្ជូនឈើគ្រញូងទាំងនោះទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើដើម្បីវាស់ថ្លឹងធ្វើកំណត់ហេតុរក្សាទុកដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ឈើទាំងនោះមានចំនួន៨០៦ដុំស្មើនឹង១.៩២៥ម៉ែត្រគូប។
ករណីបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងត្រីមាសទី១នេះ ខណ្ឌរដ្ឋបាលព្រៃឈើកំពតបង្ក្រាប និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានទូទាំងខេត្ត ក្នុងនោះបង្ក្រាបឈើគ្រញូងចំនួនជាង៧ម៉ែត្រគូប និងរថយន្តដឹកឈើគ្រញូងប្រភេទកាមរីស៊េរីពី៨៥ដល់៩១ចំនួន៧គ្រឿងយកទៅរក្សាទុកនៅទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើកំពតដើម្បីកសាងសំណុំរឿងទៅសាលាដំបូង ៕
ចែករំលែកព័តមាននេះ